+855 92 92 1000
Logo
តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 5:58 a.m.

តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ


បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារបានក្លាយជាតំបន់មួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារលំនៅដ្ឋាន​នៃតំបន់ជាយក្រុងភ្នំពេញ។ ដែលជាទីតាំងមួយអាចទទួលខ្យល់អាកាសបរិសុទ្ធមានភាពធំទូលាយ​ និងស្ថានភាពចរាចរប្រសើរជាងតំបន់កណ្តាលទីក្រុង។ តំបន់នេះកាន់តែមានភាពទាក់ទាញទាំងពីសំណាក់អតិថិជនក្នុងស្រុកនិងក្រៅស្រុក។​ គម្រោងលំនៅដ្ឋានក្នុងតំបន់នេះបានបើកដំណើរការឥតដាច់។ ចំណែកការផ្តល់ជូលលំនៅដ្ឋានជូនអតិថិជនក៏មានសកម្មភាពយ៉ាងខ្លំាងផងដែរ ហើយចំណែកតម្លៃដីវិញក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សំគាល់។

កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩បានលើកឡើងពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទីតាំងនៅជាប់សារៈមន្ទីរជាតិកម្ពុជានៅក្នុងសង្កាត់ដូនពេញទៅកាន់ទីតាំងថ្មីនៅតំបន់ជ្រោយចង្វារ។ លោក​នាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១២​​លានដុល្លារ។

សម្រាប់ទីតាំងដែលនឹងត្រូវប្រើប្រាស់ជាទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង៣​ហិចតា។ បន្ថែមលើលពីនេះទៀតរដ្ឋាភិបាលក៏នឹងប្រើបាស់ទំហំដីមួយហិចតាផ្សេងទៀតនៅជាប់នឹងសាកលវិទ្យាល័យដើម្បី សាងសង់ជាមជ្ឈមណ្ឌលវប្បធម៌ សាលប្រគុំតន្រ្តី និងរោងមហោស្រព។

លោក ណយ សំណាង​ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា​ “ខ្ញុំបានចាប់ផ្តើមរៀននៅទីនេះ ហើយក៏កំពុងរៀននៅទីនេះ​ដែរ ប្រសិនបើសាលារៀនរបសខ្ញុំត្រូវផ្លាស់ប្តូរទីតាំងមែននោះខ្ញុំពិតជាសោកស្តាយខ្លាំងបំផុត ព្រោះនៅទីនេះខ្ញុំទទួលបានអនុស្សាវរីយ៍យ៉ាងច្រើន ចំណែកទីតាំងថ្មីវិញគឺទាំងឆ្ងាយ​ទាំងថ្មីដែលខ្ញុំចំណាយពេលសម្របខ្លួន។

ទោះជាយ៉ាងណារដ្ឋាភិបាលវិញលើកឡើងថាដោយសារតែ​សកលវិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នមាន​សភាព​តូចចង្អៀត ហើយរដ្ឋមានផែនការប្រើប្រាស់ទីតាំងរបស់សាលាដើម្បីពង្រីកសារៈមន្ទីរជាតិឲ្យមានទំហំធំជាងនេះ។

លោក នង សាមឌី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា លោកមានការសោកស្តាយប្រសិនបើ សាលាមួយនេះពិតជាត្រូវបានផ្លាស់ប្តូរទៅតំបន់ជ្រោយចង្វារពិតមែនដោយមូលហេតុថាសាលានេះជាសាលាដ៏ចំណាស់ជាងគេមួយក្នុងប្រទេស មានអាយុកាល១០០ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ។

ទោះបីយ៉ាងណាលោកសាមឌីបាននិយាយថាប្រសិនបើរដ្ឋាភិបាលពិតជាប្រើប្រាស់ទីតាំងនេះធ្វើជាសារៈមន្ទីរ ហើយរក្សា​ទុករាល់សំណង់អគារទាំងអស់នៅដដែលនោះលោកគាំទ្រលើការផ្លាស់ប្ដូរនេះដែរ។ លោកសាមឌីបន្ថែមថាការផ្លាស់ប្តូរអាចជារឿងល្អប្រសិនបើសាលាថ្មីមានសម្ភារៈសិក្សាគ្រប់គ្រាន់មានទីធ្លាធំទូលាយ និងសេវាកម្មផ្សេងៗទៀតមានការផ្គត់ផ្គង់គ្រប់គ្រាន់។

លោក អ៊ិន ស៊ីថា ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Property Co., Ltd.​ បានលើកឡើងថា​ប្រសិនបើយើងពិនិត្យមើលក្នុងវិស័យអចលនទ្រព្យនេះជាសញ្ញាណល្អមួយដែលអាចជម្រុញសក្តានុពលទីផ្សារអចលនទ្រព្យឲ្យកាន់តែរីកចម្រើនឡើងនៅក្នុងតំបន់។

ជាក់ស្តែងសាកលវិទ្យាល័យន័រតុនក៏មានទីតាំងនៅតំបន់ជ្រោយចង្វារ លោកស៊ីថាបានលើកឡើងថាមុនពេលន័រតុនទៅដល់ទីនេះ  តំបន់នេះគ្មានអាជីវកម្ម​នោះទេ ហើយមានពលរដ្ឋរស់នៅតិចនៅឡើយ ប៉ុន្តែក្រោយពេលដែលមានសាកលវិទ្យាល័យមក​ អាជីវកម្ម​ និងសកម្មភាពសេដ្ឋកិច្ចជាច្រើនបានរីកដុះដាលឡើងយ៉ាងច្រើន។

លោក ស៊ីថា បានលើកឡើងដែរថា​សម្រាប់វិស័យលំនៅដ្ឋានវិញការផ្លាស់ប្តូរសាលានេះក៏នឹងជម្រុញទិសដៅលំនៅដ្ឋានមកកាន់តំបន់ក្រៅក្រុងឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារកាន់តែច្រើនឡើងដោយសារតែជាតំបន់នេះមានលំនៅដ្ឋាន និងដីនៅមានតម្លៃសមរម្យនៅឡើយសម្រាប់អ្នកក្នុងស្រុក។

លោកជំទាវ ភឿង សកុណា រដ្ឋម​ន្ត្រី​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្ប:បានឲ្យដឹងថាគម្រោងនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែមេសាខាងមុខ ហើយការសាងសង់នឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំដើម្បីបញ្ចប់ការដ្ឋានសំណង់មួយនេះ។

សូមជម្រាបផងដែរថា នៅថ្ងៃទី ២៣​ ដល់ទី ២៥ ខែមីនា ឆ្នាំ ២០១៧ សាលារចនានឹងប្រារព្ធខួប១០០ឆ្នាំ និងពិព័រណ៌ការសិក្សា ដែលនឹងដាក់បង្ហាញដល់សិស្សនិស្សិតពីជំនាញនៃមហាវិទ្យាល័យទាំងប្រាំរបស់សាលារួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យសិល្បះសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យតូរ្យតន្រ្តី៕   

ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទនៅតំបន់ជ្រោយចង្វាតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments