+85561 777 090
Logo
គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:58 a.m.

គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ


រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Truong Quang Nghia និង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី២៥ខែមេសាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់នៃផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញកាត់តាមច្រកអន្តរជាតិក្រុងម៉ុកបៃទៅកាន់ទីក្រុងភ្នំពេញកាត់តាមច្រកអន្តរជាតិក្រុងបាវិត។

អនុស្សរណៈនេះគឺជាផ្នែកមួយនៃឯកសារសំខាន់ចំនួនបួនដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមេសា។ ចម្ងាយ៦៥គីឡូម៉ែត្រពីក្រុងហូជីមិញទៅកាន់ច្រក អន្តរជាតិក្រុងម៉ុកបៃនឹងត្រូវសាងសង់ឡើងដោយភាគីវៀតណាម ខណៈពេលដែលប្រទេសកម្ពុជានឹងសាងសង់ផ្លូវចំងាយ១៣០គីឡូម៉ែត្រភ្នំពេញទៅក្រុងបាវិតដែលត្រូវបានផ្តល់ជំនួយថវិកាដោយប្រទេសជប៉ុន។

រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានយល់ព្រមរួមគ្នាវិនិយោគនៅក្នុងការភ្ជាប់ផ្លូវល្បឿនជាមួយទីក្រុងហូជីមិញ និងរាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផ្លូវគោករវាងប្រទេសទាំងពីរ។

ផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ច ហើយជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិនិងជាពិសេសតំបន់សហគមន៍អាស៊ាន។

សូមបញ្ជាក់ផងដែរថាប្រទេសទាំងពីរបានយល់ព្រមលើសំណើភាពជាដៃគូក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនរវាងប្រទេសទាំងពីរ។

ក្នុងពេលថ្មីៗនេះប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសហការគ្នាលើការសាងសង់ស្ពានតភា្ជប់ប្រទេសទាំងពីរ ដែលស្ពានទាំងពីរនោះមានឈ្មោះថាស្ពានជ្រៃធំ និងស្ពានឡុងប៊ិញ៕

តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments