កំណើនប្រជាជនក្នុងប្រទេសកម្ពុជាបានជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនឡើងៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០ ។ ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើន ទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច ។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យដែលមានបទពិសោធន៍ច្រើនឆ្នាំលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ក្នុងការផ្សាយបន្តផ្ទាល់មួយក្រោមប្រធានបទ «ការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា» បានធ្វើការណែនាំសម្រាប់វិនិយោគិនដែលមានបំណងចង់សាងសង់បុរីសម្រាប់លក់ត្រូវមានចំណុចសំខាន់ៗ៣យ៉ាងប្រសិនបើចង់ទទួលបានជោគជ័យក្នុងការសាងសង់បុរីសម្រាប់លក់ ៖
ទី១- លុយ (ដើមទុន)
មនុស្សជាច្រើនមិនមានលុយទេ តែគាត់សាងសង់បុរីលក់ដែលអាចធ្វើឱ្យភាគរយបរាជ័យរបស់គាត់មានរហូតដល់ទៅ៩៩% ។ ហើយចំណែកអ្នកខ្លះគាត់មានលុយ គាត់សាងសង់បុរីភាគរយជោគជ័យរបស់គាត់មាន៣០-៤០% ពីព្រោះបុរីមួយដែលអាចជោគជ័យទៅបានគឺម្ចាស់បុរីត្រូវមានលុយសម្រាប់អភិវឌ្ឍន៍ ។ ប្រសិនបើអត់លុយហើយគាត់សាងសង់បុរីនោះ៩៩%គាត់នឹងបរាជ័យ ។
ទី២- បច្ចេកទេសក្នុងការសាងសង់
ក្រៅពីមានលុយហើយ ម្ចាស់បុរីត្រូវមានបទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់បុរីបន្ថែមទៀត ។ មិនអាចម្ចាស់បុរីមួយមិនចេះ ឬគ្មានបទពិសោធន៍ក្នុងការសាងសង់សំណង់ ហើយទៅរកស៊ីខាងសាងសង់បុរី ទោះបីគាត់មានលុយច្រើនប៉ុណ្ណាក៏ដោយនោះភាគរយជោគជ័យរបស់គាត់មានមិនលើសពី៥០%នោះទេ ។
ទី៣- ការលក់
អ្នកខ្លះមានលុយ មានបទពិសោធន៍ក្នុងការសាងសង់បុរី ប៉ុន្តែសង់បុរីរួចហើយបែរជាលក់មិនដាច់ ។ ចំណុចសំខាន់មួយទៀតនៃការសាងសង់បុរីសម្រាប់លក់បច្ចុប្បន្នគឺ «ក្រុមលក់» ។ ការលក់គឺជាសរសៃឈាមក្នុងការសាងសង់បុរី ។ ជាទូទៅមិនមានម្ចាស់បុរីមួយណាដែលមានលុយទិញដី១០០% ហើយមានលុយសង់សំណង់១០០%នោះទេ គឺគាត់ត្រូវការលុយបង្វិលដែលអាចជាមួយធនាគារ ឬអតិថិជនជាដើម ។
ដូច្នេះប្រសិនបើអ្នកវិនិយោគទាំងអស់ចង់ជោគជ័យក្នុងការសាងសង់បុរីសម្រាប់លក់ត្រូវមាននូវចំណុចសំខាន់ទាំង៣ខាងលើ ប៉ុន្តែមិនមែនមានគ្រប់ចំណុចខាងលើហើយលោកអ្នកអាចជោគជ័យ១០០%នោះទេ ពោលគឺត្រូវមានចំណុចគួបផ្សំជាច្រើនទៀត ជាពិសេសត្រូវដឹងថា តើលោកអ្នកចង់សាងសង់បុរីប្រភេទណាសម្រាប់លក់ឱ្យអតិថិជន? បុរីសម្រាប់អ្នកមានចំណូលកម្រិតទាប , កម្រិតមធ្យម ឬបុរីសម្រាប់អ្នកមានកម្រិតខ្ពស់?
Comments