+85561 777 090
Logo
ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ
Updated on: January 5, 2023, 7:30 a.m.
Published on: January 5, 2023, 7:30 a.m.

ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ


ស្របពេលវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃមិនថាតែសំណង់ផ្ទះល្វែង ផ្ទះបុរី ដីឡូត៍ និងខុនដូក៏ដោយសុទ្ធសឹងតែទទួលបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីបណ្តាវិនិយោគិនខ្មែរ និងបរទេស ។

បើក្រឡេកមើលចំពោះវិស័យដីធ្លីវិញហាក់មានភាពល្អប្រសើរខ្លាំងជាងគេដោយសារតែប្រជាពលរដ្ឋមួយចំនួនមានថវិការគ្រប់គ្រាន់ក្នុងការទិញដីមិនថាបង់រំលស់ ឬបង់ផ្តាច់នោះទេ ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនក៏ត្រូវខាតបង់ប្រាក់ដោយសារការចាញ់បោកការលក់គម្រោងដីខ្យល់ជាដើម ។

មិនតែប៉ុណ្ណោះក៏មានប្រជាពលរដ្ឋមួយចំនួនបានខ្ចីបុលពីធនាគារ (ស្នើកម្ទី) ឬចងការប្រាក់ពីប្រភពនានាដើម្បីទៅទិញដីដោយមិនមានគោលបំណងច្បាស់លាស់ ឬការគិតគូរឱ្យបានល្អិតល្អន់ព្រោះតែឃើញគេផ្អើលទិញដីរួចចំណេញក៏ចំណាយប្រាក់ដើម្បីទិញតាមការឃោសនារបស់ម្ចាស់គម្រោងណាមួយជាដើម ។

ការទិញដីទុកជាសម្បត្តិផ្ទាល់ខ្លួនគឺជារឿងមួយដែលល្អ ហើយក៏មិនមែនសុទ្ធតែអាក្រក់នោះទេ ប្រសិន បើលោកអ្នកមានគម្រោងការច្បាស់លាស់ក្នុងការទិញដីនោះមកដើម្បីទុកជួល និងវិនិយោគបន្ត ឬក៏ទិញហើយទុកចោល ។

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ ឬទ្ធី ដែលជាវិនិយោគិនខ្មែរដ៏ល្បីឈ្មោះមួយរូបលើវិស័យអចលនទ្រព្យធ្លាប់បានផ្តល់ដំបូន្មានចំនួន៣ចំណុចសំខាន់ទៅកាន់អ្នកចង់ប្រឡូកនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យដើម្បីទទួលបានផលចំណេញខ្ពស់ ។

ទី១- ទិញដីដែលអាចជួលវិញបាន

ក្នុងន័យនេះផងដែរលោកឧកញ៉ាណែនាំឱ្យយើងត្រូវគិត និងបែងចែកឱ្យច្បាស់នូវការទិញដើម្បីវិនិយោគ និងទិញទុកចោល ។ ពោលគឺប្រសិនបើយើងស្រេចចិត្តខ្ចីលុយធនាគារមកទិញដីឬផ្ទះត្រូវច្បាស់ថាយើងនឹងអាចដាក់អចលនទ្រព្យនោះជួលដើម្បីទទួលបានកម្រៃមកវិញនោះគឺជារឿងដែលល្អប្រសើរ ប៉ុន្តែបើយើងគ្មានលុយគ្រប់គ្រាន់ហើយទៅខ្ចីបុលពីធនាគារដើម្បីទិញហើយទុកចោល «កុំទិញឱ្យសោះ» ។

ទី២- ចៀសវាងដីមិនស្របច្បាប់ និងដីមានជម្លោះ

បើតាមប្រសាសន៍ណែនាំរបស់លោកឧកញ៉ា សៀ ឬទ្ធី ដើម្បីទិញដីទទួលបានផលចំណេញយើងត្រូវសម្លឹងមើលទីតាំងដីនោះជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ ដោយកុំទិញឱ្យសោះដីដែលមានជម្លោះ បើទោះបីជាតម្លៃដីថោក ឬថ្លៃមិនសំខាន់នោះទេ ប៉ុន្តែកុំឱ្យមានជម្លោះ ។

ទី៣- ទិញដីត្រូវមើលគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល

លោកឧកញ៉ាបានណែនាំឱ្យវិនិយោគិនទាំងអស់ត្រូវស្វែងយល់ពីព័ត៌មាន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានដិតដល់ដើម្បីដាក់ទុនវិនិយោគទៅវានឹងទទួលបានផលចំណេញមកវិញមិនខានឡើយ ។

យើងត្រូវឈ្វេងយល់ថា តើរាជរដ្ឋាភិបាលកំពុងមានទិសដៅនៃការអភិវឌ្ឍន៍ទៅទិសខាងណា ។ ឧបមាថា ៖ យើងចង់ទិញផ្ទះសំរាប់រស់នៅ និងដីសម្រាប់សាងសង់លំនៅឋាន ឧទាហរណ៍យើងឃើញថា ការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយយើងទៅទិញនៅផ្លូវជាតិលេខ៥ វាគ្មានចំណេញនោះទេ ។

គួររម្លឹកផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាពិសេសបច្ចុប្បន្ននេះដូចជាតំបន់ក្បែរពហុកីឡដ្ឋាន​ជាតិមរតកតេជោដែលធ្វើតែសាងសង់រួចរាល់ត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិស៊ីហ្គេមឆ្នាំ២០២៣ខាងមុខកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

Comments