+85561 777 090
Logo

Editorial content

មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី
Updated on: June 6, 2022, 5:07 p.m.
Published on: February 20, 2020, 8:34 a.m.
Comparisons
Property Buyers & Sellers Advice

មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី


(រូបភាពដោយ លី វណ្ណា / Realestate.com.kh) 

រឿងដំបូងដែលអ្នករៀននៅក្នុងវិស័យអចលនទ្រព្យគឺតម្លៃដីធ្លីតែងបន្ដកើនឡើង។ នៅប្រទេសកម្ពុជាអ្នកអាចកត់សម្គាល់បានយ៉ាងច្បាស់ជាពិសេសនៅជុំវិញទីប្រជុំជនគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​។

យោងទៅតាមរបាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០របស់ក្រុមហ៊ុន CBRE Cambodia តម្លៃដីធ្លីនៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញបានកើនឡើងគួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ ចំការមន និង៧មករា កាលពីមួយទសវត្សមុនដីក្នុងតំបន់ទាំងនេះមានតម្លៃប្រមាណត្រឹម២០០០ដុល្លារប៉ុណ្ណោះក្នុង មួយម៉ែត្រការ៉េ ក៏ប៉ុន្ដែកាលពីឆ្នាំ២០១៩តម្លៃដីក្នុងតំបន់ទាំងនេះបានហក់ឡើងជិត៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េកើនឡើងជិត២០០%។

ក្នុងពេលបច្ចុប្បន្ននេះខណ្ឌទួលគោកគឺជាតំបន់មួយក្នុងចំណោមតំបន់អភិវឌ្ឍខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០១០តម្លៃដីគឺ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែក្នុងឆ្នាំ២០១៩ តម្លៃនេះបានកើនឡើងជាមធ្យមប្រមាណ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អចលនទ្រព្យនៅជនបទក៏បានកើនឡើង ដោយសារតែការស្ដារឡើងវិញនូវបណ្ដាញផ្លូវធំៗ។ ឧទាហរណ៍ ខេត្តកណ្ដាលដីមួយម៉ែត្រការ៉េធ្លាប់តែមានតម្លៃ៥ដុល្លារ។ ប៉ុន្ដែនៅពេលដែលមានការសាងសង់ផ្លូវជាតិលេខ៣ តម្លៃនេះបានកើនឡើងដល់១៣ដុល្លារ។ នេះប្រហែលជាមិនថ្លៃប៉ុន្មានទេបើប្រៀបជាមួយនឹងតម្លៃក្នុងទីក្រុង។​

កំណើននៃការទិញដីធ្លីនិងការអភិវឌ្ឍមិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះនោះឡើយ។ នេះហើយជាមូលហេតុដែលអ្នកគួរពិចារណាទិញអចលនទ្រព្យជាដីធ្លី ស្របពេលដែលតម្លៃរបស់វានៅទាបនៅឡើយ។ ប៉ុន្ដែមុនពេលដែលអ្នកទិញអ្នកត្រូវយល់ពីកត្តាដែលជះឥទ្ធិពលទៅលើតម្លៃដីជាមុនសិន។

ហេតុអ្វីបានជាតម្លៃដីនៅបន្ដកើនឡើង?

ដីជាអចលនទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះវាអាចប្រើប្រាស់បានសម្រាប់គម្រោងជាច្រើន ដូចជា​ធ្វើជាទីតាំងសម្រាប់ផលិតទំនិញ ឬផ្ដល់សេវាកម្មអ្វីមួយ។ ដើម្បីឲ្យងាយស្រួលយល់ពីតម្លៃដីអ្នកគួរមើលពីតម្លៃនៃរូបិយប័ណ្ណឌីជីថល។ បើសិនជាគ្មាននរណាម្នាក់ទទួលយករូបិយប័ណ្ណឌីជីថលជាប្រតិបត្តិការនោះទេ វានឹងមិនអាចប្រើប្រាស់ក្នុងការបង្កើតអ្វីមួយបានឡើយ។

ម្យ៉ាងវិញទៀតប្រសិនបើដីមិនអាចប្រើប្រាស់សម្រាប់ការដោះដូរអ្វីនោះទេ អ្នកនៅតែអាចប្រើប្រាស់វាសម្រាប់សាងសង់ផ្ទះ ឬខុនដូសម្រាប់ដាក់ជួលក៏បាន។ អ្នកអាចសាងសង់ជាផ្សារ ឬហាងទំនិញ។ ប្រសិនបើអ្នកមិនមានដើមទុន អ្នកក៏អាចមានជម្រើសប្រើប្រាស់វាជាកន្លែងផ្ញើយានយន្ដដើម្បីទទួលបានប្រាក់ចំណូលជាប្រចាំ។ ជាមួយនឹងការកែលំអបន្ដិចបន្ដួចតម្លៃដីរបស់អ្នកនឹងកើនឡើងបន្ថែមទៀត នៅពេលដែលមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ។

វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ

ទោះបីបញ្ហានេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ វានៅតែជាបញ្ហាដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការកំណត់តម្លៃអចលនទ្រព្យនៅកម្ពុជាផងដែរ។ តំបន់សេដ្ឋកិច្ច ឧទាហរណ៍៖ រាជធានីភ្នំពេញ​ និងក្រុងព្រះសីហនុ ទីក្រុងទាំងនេះមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលតម្រូវឲ្យមានការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងការគាំទ្រគម្រោងរបស់ពួកគេ។ ចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរី ពួកគេខ្លះត្រូវស្ថាបនាការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតដោយខ្លួនឯងដែលជាកត្តាធ្វើឲ្យគម្រោងអភិវឌ្ឍកាន់តែថ្លៃ។

ទីតាំង

មានដីទំនេរជាច្រើនដែលស្ថិតនៅក្បែរតំបន់កណ្តាលទីក្រុង។ ផ្នែកមួយនៃទីក្រុង ឬខេត្ត នៃតំបន់ដែលមានភាពមមាញឹក និងចំនួនប្រជាជនច្រើននឹងក្លាយជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ដោយសារតែវាមានទីតាំងក្បែរទីក្រុងដែលអាចផ្ដល់ភាពងាយស្រួលក្នុងការចូលទៅកាន់ទីក្រុង។

កត្តាសំខាន់៤ដែលអ្នកគួរពិចារណាទិញដីនៅថ្ងៃនេះ

នៅពេលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង វាទាមទារឲ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្មកាន់តែច្រើន។ គម្រោងជាច្រើនពីរដ្ឋាភិបាល និងវិស័យ ឯកជននឹងត្រូវបានដាក់ចេញឲ្យដំណើរការ។ ដូច្នេះការទិញដីទំនេរនៅថ្ងៃនេះក្នុងតម្លៃទាប នឹងផ្ដល់ផលចំណេញច្រើននៅថ្ងៃអនាគត។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកគួរពិចារណាក្នុងការទិញដី៖

គម្រោងបុរីកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង

(រូបភាព ផន សីហា / Realestate.com.kh) 

គម្រោងបុរីកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ដោយសារពួកវាអាចផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍ និងមានសុវត្ថិភាពខ្ពស់ បូករួមជាមួយសេវាកម្មបន្ថែម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ សួនច្បារ អាងហែលទឹក និងសេវាកម្មសន្ដិសុខ២៤ម៉ោង។

ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់បុរី សូមអ្នកមើលលើឧទាហរណ៍ខាងក្រោមនេះ៖ យោងតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៩របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ផ្ទះចំនួន ៥១ ២៧៨ ត្រូវបានសាងសង់ឡើងក្នុងចំណោមគម្រោងអភិវឌ្ឍទាំង១៣១នៅ ទូទាំងកម្ពុជា។ នៅបំណាច់ចុងឆ្នាំនោះក៏មានគម្រោងបុរីចំនួន ១៨ បន្ថែមទៀត ដែលមានយូនីតសរុបចំនួន ២២៥០០ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ខាង មុខ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុនទៀត គម្រោងបុរីសរុបជាង ៨០០០០យូនីត រួមមានវីឡា ផ្ទះអាជីវកម្ម និងលំនៅដ្ឋានផ្សេងទៀតនឹងត្រូវបានសាងសង់រួចរាល់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក។

ការស្ថាបនាផ្លូវជាតិឡើងវិញ

(ប្រភពរូបភាព Khmer Times) 

ការអភិវឌ្ឍន៍កំពុងលាតសន្ធឹងទៅតំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវថ្នល់សំខាន់ៗជាច្រើន ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តសំខាន់ៗ ដូចជាផ្លូវជាតិលេខ ២ លេខ ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម ។

ជារឿងសំខាន់អ្នកគួរកត់សម្គាល់ថា ផ្លូវជាតិធំសំខាន់ៗនីមួយៗមានទំនាក់ទំនង ជាមួយផ្លូវជាតិផ្សេងទៀតបែបណា ហើយអាចនាំអ្នកទៅដល់ផ្នែកណាខ្លះក្នុងប្រទេស។ វាជាការល្អអ្នកគួរតែពិនិត្យមើលផែនទីក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកតំបន់ដែលមានសក្ដានុពលខ្លាំង។

មិនតម្រូវឲ្យមានការគ្រប់គ្រងច្រើន

ការថែរក្សាដីទំនេរមិនទាមទារការថែទាំ ឬយកចិត្តទុកដាក់ច្រើនឡើយ។ ផ្ទុយពីការគ្រប់គ្រងអាជីវកម្ម ឬទ្រព្យសម្បត្តិជួល ដីទំនេរត្រូវការតែរបង និងការត្រួតពិនិត្យតិចតួចប៉ុណ្ណោះ។ ការវិនិយោគលើដីធ្លីមានភាពងាយស្រួលច្រើនជាងការវិនិយោគលើអចលនទ្រព្យដទៃទៀត។

គ្មានការប្រកួតប្រជែង

គ្រប់ដីធ្លីទាំងអស់តែងមានសណ្ឋាន និងលក្ខណៈខុសគ្នា យ៉ាងហោចណាស់ពួកវាមានចំណុចខុសគ្នាតិច ឬច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ការតភ្ជាប់ទៅកាន់ផ្លូវធំៗជាដើម។ ផ្ទុយពីអ្នកអភិវឌ្ឍន៍ខុនដូ ឬបុរី ដែលតែងចំណាយច្រើនលើការផ្សព្វផ្សាយគម្រោងរបស់ពួកគេ ម្ចាស់ដីទំនេរមិនចាំបាច់ចំណាយច្រើនលើការផ្សព្វផ្សាយដើម្បីដណ្ដើមចំណែកទីផ្សារនោះឡើយ។

តើអ្នកគួរធ្វើអ្វីជាមួយដីដែលអ្នកបានទិញរួច?

អាស្រ័យទៅលើគោលបំណងរបស់អ្នក ប៉ុន្ដែ យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់គេហទំព័រ Realestate.com.kh បានបង្ហាញថាការទិញអចលនទ្រព្យដីធ្លីភាគច្រើន គឺក្នុងគោលបំណងវិនិយោគ។ ឧទាហរណ៍៖ អត្ថបទមួយដែលធ្លាប់បានចុះផ្សាយនៅលើគេហទំព័រ Realestate.com.kh អ្នកស្រុកកំពង់ស្ពឺម្នាក់ជាមួយមិត្តភក្តិរបស់គាត់បានទិញដីជាច្រើននៅនៅបណ្ដាយផ្លូវជាតិលេខ៣មុនពេលនៃការប្រកាសអំពីការស្ថាបនាឡើងវិញនៃផ្លូវជាតិនោះ។ ពួកគាត់រំពឹងថាការវិនិយោគរបស់ពួកគាត់នឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលពីរ ឬបីឆ្នាំ។ផ្ទុយពីការរំពឹងទុក ពួកគាត់បែរជាទទួលបានប្រាក់ចំណេញទ្វេដងក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីពួកគេបានទិញដីទាំងនោះ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវគម្រោងស្ថាបនាផ្លូវជាតិលេខ៣ឡើងវិញ។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 







 

 

 

Comments