មនុស្សដែលមានវ័យចន្លោះ១៨ឆ្នាំដល់៣៥ឆ្នាំជាវ័យមួយដែលត្រូវខិតខំរៀនសូត្រ ឬធ្វើការដើម្បីសន្សំចំណេះដឹង និងសន្សំលុយដើម្បីសម្រេចគោលបំណងរបស់ខ្លួន ។ ក្នុងចន្លោះវ័យខាងលើក៏មានមនុស្សមួយចំនួនមានសម្រេចគោលដៅរហូតអាចទិញផ្ទះសម្រាប់រស់នៅបានដោយខ្លួនឯង ប៉ុន្តែផ្ទុយទៅវិញក៏មានមនុស្សមួយចំនួនមិនខិតខំប្រឹងប្រែងធ្វើការ និងអភិវឌ្ឍខ្លួនដើម្បីអាចទិញផ្ទះដោយខ្លួនឯង តែបែរជាអង្គុយតូចចិត្តនឹងគ្រួសារដែលមិនបំពេញតម្រូវការរបស់ខ្លួន និងអ្វីដែលពួកគេចង់បានទៅវិញ ។
ជាយុវវ័យសម័យជឿនលឿនត្រូវតែរកអ្វីដែលជាសមិទ្ធផលរបស់់ខ្លួនឯង ត្រូវមានការតស៊ូ និងភាពរឹងមាំដោយខ្លួនទីពឹងខ្លួនពីព្រោះគ្រួសារមិនអាចចាំជួយអ្នករហូតបាន១ជីវិតនោះទេ ។ មកដល់ចំណុចនេះ អ្នកគួរសួរខ្លួនឯងថា អាយុប៉ុណ្ណឹងសល់អ្វីខ្លះហើយ? មានគោលដៅអ្វីឬនៅ? មានអ្វីជាទីពឹងទៅមុខបាន? ខាងក្រោមនេះជាចំណុចទាំង៤ដែលមនុស្សវ័យ១៨ដល់៣៥ឆ្នាំគួរឈ្វេងយល់ប្រសិនបើចង់សល់ផ្ទះរស់នៅ ៖
ទី១-ដាក់គោលដៅ
ទិញផ្ទះ ទិញដោយមានគោលដៅ ត្រូវគិតមុនគូរ គូរហើយធ្វើជាក់ស្ដែង ទើបអាចសម្រេចជាសមិទ្ធផលបាន ។ អ្នកដែលមានគោលដៅត្រូវតែចេះដើរស្វែងរកអ្វីដែលជាផលប្រយោជន៍ ដើរតាមគោលដៅមិនវង្វេងផ្លូវដែលត្រូវដើរ ត្រូវឆ្លាតដោយបណ្ដុះបណ្ដាលខ្លួនឯងឱ្យទៅមុខដោយជោគជ័យ ។ ក្នុងការទិញផ្ទះអ្នកត្រូវឆ្លាតជាដាច់ខាត ក្នុងការស្វែងរកទុកជាមុននូវផ្ទះនីមួយៗដែលជាជម្រើសរបស់ខ្លួន ដូច្នេះវាធ្វើឱ្យយើងចេះវិនិច្ជ័យទុកជាមុន ដើម្បីសម្រេចចិត្តឱ្យត្រឹមត្រូវ ។
ទី២-ពិនិត្យ និងប្តូរឥរិយាបទ
ដើម្បីចាប់ផ្ដើមគោលដៅក្នុងការទិញផ្ទះ អ្នកទាំងអស់គ្នាគួរវិនិយោគខ្លួនឯងជាមុនសិន ដោយអភិវឌ្ឍន៍ពីភាពអវិជ្ជមានទាំងអស់ ។ ការកែប្រែទម្លាប់គឺជារឿងសំខាន់បំផុត ដែលធ្វើឱ្យអ្នកឆាប់គេចផុតបានលឿនពីអវិជ្ជមានទៅវិជ្ជមានវិញ ។ ភាគច្រើននៃអ្នកវ័យស្រករនេះគឺចំណាយពេលច្រើនទៅលើភាពសប្បាយ ហ៊ឺហា សម្ភារនិយម ដោយការចំណាយមិនចេះគិតមុខក្រោយឡើយ ដូច្នេះប្រាក់ចំណូលប្រចាំខែត្រូវចំណាយដោយគ្មានប្រយោជន៍ និងបានសេសសល់អ្វីច្រើនឡើយ ។
ការសន្សំដោយអត់ធ្មត់រយៈពេលយូរនឹងធ្វើឱ្យអ្នកមានលទ្ធផលបានមួយផ្នែក ដូច្នេះត្រូវតែប្តូរឥរិយាបទដែលមិនល្អទាំងអស់ ដើម្បីផែនការថ្ងៃមុខ ពីព្រោះការសប្បាយតាមចិត្តអាចនឹងមានតាមក្រោយ បន្ទាប់ពីជោគជ័យ ពោលគឺស៊ូយកភាពសប្បាយដែលពេញលេញ មិនមែនសប្បាយលាយទឹកភ្នែក ។
ទី៣-ស្វែងរកខ្លួនឯង
ការដែលត្រូវស្វែងរកខ្លួនឯង រកអ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ ជាផ្លូវនាំមុខក៏ល្អក្នុងការសម្រេចគោលដៅ ។ កាលណាបើបុគ្គលនីមួយៗស្គាល់ខ្លួនឯងហើយ នឹងធ្វើឱ្យមានភាពប្រសើរឡើង ពោលគឺរកអ្វីដែលខ្លួនឯងមានចំណេះជំនាញពិតប្រាកដ ដើម្បីដាក់ឱ្យត្រូវគោលដៅ ត្រូវកន្លែងឆាប់បានជោគជ័យ ។
ទី៤-រៀបចំផែនការ
មុនពេលអ្នកទិញត្រូវដឹងខ្លួនឯងថា អ្នកទិញដោយរបៀបណា យ៉ាងដូចម្ដេច? ត្រូវទិញដោយសន្សំលុយសុទ្ធ ឬបង់រម្លស់ដោយធនាគារ ឬម្ចាស់គម្រោងផ្ទាល់? ជាពិសេសត្រូវកំណត់ដោយខ្លួនឯងថា ត្រូវចំណាយពេលប៉ុន្មានដើម្បីទិញផ្ទះ? ពេលទិញហើយត្រូវចំណាយលើអ្វីខ្លះបន្ទាប់? អាចទាញចំណូលពីផ្ទះបានដែរឬទេ? ផែនការនីមួយៗត្រូវតែមានរៀបចំឱ្យត្រឹមត្រូវដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕
Comments