+85561 777 090
Logo
ឆែកមើល ! អចលនទ្រព្យ៩ប្រភេទនេះមិនចាំបាច់បង់ពន្ធប្រចាំឆ្នាំឡើយ
Updated on: September 19, 2023, 8:40 a.m.
Published on: September 13, 2023, 8:42 a.m.

ឆែកមើល ! អចលនទ្រព្យ៩ប្រភេទនេះមិនចាំបាច់បង់ពន្ធប្រចាំឆ្នាំឡើយ


ពន្ធលើអចលនទ្រព្យគឺជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំចំពោះដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់ភ្ជាប់នឹងដីនោះ ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេ និងនៅក្នុងក្រុងចំពោះអចលនទ្រព្យនៅតាមបណ្តាខេត្ត ។ ប៉ុន្តែបើតាមប្រភពអគ្គនាយកដ្ឋានពន្ធដារមានអចលនទ្រព្យចំនួន៩ប្រភេទដែលត្រូវបានលើកលែងពន្ធដែលក្នុងនោះរួមមាន ៖

១. អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ៖ អចលនទ្រព្យជាដីធ្លីដែលកំពុងបង្កើនផលមានជាអាទិ៍ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ ។

២. អចលនទ្រព្យជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ៖ សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែ សំណង់ត្រូវជាប់ពន្ធ ។

៣. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ឬបុគ្គលណាមួយ ៖ សម្រាប់អចលនទ្រព្យទាំងឡាយណាដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា និងសប្បុរសធម៌ ។

៤. អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ។

៥. អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន ។

៦. ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្ម​ភាព​កសិកម្ម ។

៧. អចលនទ្រព្យរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្ដិ។

៨. ផ្ទះ អគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង៨០% និងមិនទាន់បានប្រើប្រាស់ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ ។

៩. អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ៕

Comments