+85561 777 090
Logo

Editorial content

គន្លឹះសំខាន់ៗ សម្រាប់ការវិនិយោគលើអចលនទ្រព្យដាក់ជួលត្រឡប់វិញ
Updated on: June 6, 2022, 7:43 p.m.
Published on: August 24, 2017, 2:51 p.m.

គន្លឹះសំខាន់ៗ សម្រាប់ការវិនិយោគលើអចលនទ្រព្យដាក់ជួលត្រឡប់វិញ


អត្ថបទព័ត៌មាន

កម្ពុជាមានអចលនទ្រព្យជាច្រើនប្រភេទ​ដែលសក្ដិសមសម្រាប់អ្នកវិនិយោគស្វែងរកឳកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយការទិញអចលនទ្រព្យផ្សេងៗ ហើយដាក់ជួលត្រឡប់ទៅវិញដើម្បីទទួលបានប្រាក់ចំណេញ។ អចលនទ្រព្យទាំងនោះមានដូចជា៖ ផ្ទះវីឡា ផ្ទះល្វែង ផ្ទះសម្រាប់បើកអាជីវកម្ម (ហ្សបហោស៍) អាផាតមិន និង ខុនដូ ជាដើម។

ទោះជាយ៉ាងណា ការស្វែងរកអចលនទ្រព្យដែលសមប្រកបជាមួយតម្រូវការរបស់អ្នកជួលអាចចំណាយពេលច្រើន ហើយប្រហែលជាមិនទទួលបានផលអ្វីទាំងអស់ក៏ថាបាន ប្រសិនណាបើអ្នកមិនមានការយល់ដឹងអំពីតម្រូវការ និងការផ្គត់ផ្គង់ក្នុងទីផ្សារជួលនាពេលបច្ចុប្បន្ន។

ចំណុចសំខាន់ៗខាងក្រោមនេះ ជាការណែនាំខ្លះៗពី Realestate.com.kh ដែលអាចជាជំនួយសម្រាប់ការពិចារណារបស់អ្នក​ក្នុងការទិញអចលទ្រព្យសម្រាប់ជួលត្រឡប់ទៅវិញ។

អ្នកជួលគោលដៅ និង ការជួលត្រឡប់ទៅវិញ

វាជារឿងចាំបាច់សម្រាប់អ្នកក្នុងការកំណត់គោលដៅថាតើ អ្នកជួលគោលដៅរបស់អ្នកជាអ្នកណា? ជាជនជាតិខ្មែរ ឬបរទេស។ ពួកគេមានគោលដៅខុសគ្នាៗ ដែលយើ់ងអាចនិយាយបានថាពួកគេមានតម្រូវការ និងប្រភពចំណូលខុសៗគ្នា។

ប្រសិនបើអ្នកគិតថា អ្នកជួលគោលដៅរបស់អ្នកជាគ្រួសារជនជាតិខ្មែរដែលមានចំណូលមធ្យម អ្នកគួរទិញផ្ទះល្វែងនៅក្នុងគម្រោងបុរីណាមួយនៅជាយក្រុង ឬក៏ផ្ទះសម្រាប់អាជីវកម្មនៅក្នុងក្រុង ដែលមានកន្លែងស្នាក់នៅ និងកន្លែងសម្រាប់ដាក់លក់ទំនិញ។ អចលនទ្រព្យប្រភេទនេះ មិនមានតម្លៃជួលថ្លៃដូចខុនដូ ឬវីឡានោះទេ ប៉ុន្ដែវាផ្ដល់ឲ្យនូវចំណូលដែលនឹងនរមួយ ដោយសារតម្រូវការសម្រាប់អចលនទ្រព្យប្រភេទនេះគឺច្រើនជាងចំនួនផ្គត់ផ្គង់។

អ្នកអាចពិចារណាទិញផ្ទះដែលមានតម្លៃសមរម្យចាប់ពី៧ម៉ីន ដល់ ១០ម៉ីនដុល្លារ សម្រាប់ការទិញផ្ទះល្វែងនៅជាយក្រុងភ្នំពេញ។ ចំពោះអចលនទ្រព្យប្រភេទនេះ អ្នកអាចរកប្រាក់ចំណូលពីការជួលពីចន្លោះ ៣៥០ ទៅដល់ ៥៥០ ដុល្លារក្នុងមួយខែ។

ផ្ទះដែលទើបជួសជុល និងមានបន្ទប់គេង២នៅកណ្ដាលទីក្រុងភ្នំពេញ អ្នកអាចដាក់ជួលចាប់ពី​៤៥០ ដល់ ៥៥០ ដុល្លារក្នុងមួយខែ។ ជាទូទៅនៅក្នុងប្រទេសកម្ពុជាអចលទ្រព្យជួលដែលមានតម្លៃសមរម្យអាចទាក់ទាញដល់អ្នកជួលបានច្រើនជាងការជួលតម្លៃខ្ពស់។

ប៉ុន្ដែប្រសិនបើអ្នកមានបំណងចង់បានប្រាក់ចំណេញខ្ពស់ពីការជួលអចលទ្រព្យ អ្នកគួរតែទិញផ្ទះណាដែលអាចធ្វើអាជីវកម្មបាន និងមានទីតាំងល្អនៅក្នុងរាជធានីភ្នំពេញ ដូចជា៖ ខណ្ឌដូនពេញ ចំការមន ឬទីតាំងក្បែរផ្សារ។ អចលទ្រព្យប្រភេទនេះអាចមានតម្លៃចន្លោះពី ៣០០​០​ ទៅ៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែអ្នកអាចរកចំណូលមកវិញជាមធ្យមពី១៥០០ដុល្លារក្នុងមួយខែ។ នេះដោយសារផ្ទះប្រភេទនេះ មានសក្ដានុពលខ្ពស់សម្រាប់ការបើកអាជីវកម្ម។

ប្រសិនបើអ្នកមានបំណងជួលឲ្យជនជាតិបរទេស ដែលអាចទទួលបានប្រាក់ចំណេញច្រើននោះ អ្នកគួរតែពិចារណាទិញខុនដូ ឬវីឡាលំដាប់ខ្ពស់ ដែលស្ថិតនៅចំកណ្ដាលទីក្រុង ដែលមានតម្លៃចាប់ពី ១២ ទៅដល់ ៧០ ម៉ីនដុល្លារ។ សម្រាប់អចលនទ្រព្យប្រភេទនេះអ្នកទទួលបានចំណូលជាមធ្យមពី ១០០០ ដល់ ៤០០០ ដុល្លារក្នុងមួយខែ ដោយអាស្រ័យទៅលើគុណភាព ទីតាំង និងសេវាកម្ម។

ចំពោះខុនដូដែលមានតម្លៃសមរម្យចាប់ពី៤ ទៅដល់ ៨ម៉ឺនដុល្លារ ដែលស្ថិតក្នុងខណ្ឌដែលនៅឆ្ងាយពីកណ្ដាលក្រុង អចលទ្រព្យប្រភេទនេះអ្នកអាចដាក់ជួលសម្រាប់ជនជាតិខ្មែរដែលធ្វើការនៅកណ្ដាលក្រុង។
ទោះបីប្រាក់ឈ្នួលតិចជាងការជួលឲ្យបរទេសក៏ពិតមែន ប៉ុន្ដែការជួលអចលនទ្រព្យប្រភេទនេះមានសុវត្ថិភាពជាង។

ចំណែកឯខុនដូដែលមានតម្លៃអាចចរចារបាន មាននៅក្នុងតំបន់ដូចជា ទួលទំពូង ទួលគោក ឬស្ទឹងមានជ័យ។ អ្នកជួលក្នុងស្រុកពិតជាសប្បាយចិត្តក្នុងការរស់នៅក្នុងតំបន់អស់ទាំងនោះ ពីព្រោះវាស្ថិតនៅក្នុងទីក្រុង ហើយជិតកន្លែងធ្វើការ និងសាលារៀន។ ខណ្ឌសែនសុខ ច្បារអំពៅ និងជ្រោយចង្វារ ក៏ជាតំបន់កំពុងតែមានគម្រោងអភិវឌ្ឍលេចជារូបរាងជាច្រើន ហើយតំបន់ទាំងនេះក៏ទំនងជាទទួលបានប្រាក់ឈ្នួលប្រចាំខែច្រើនជាងតំបន់ផ្សេងទៀតផងដែរ។

ទីតាំង និងសុវត្ថិភាព

អ្នកជួលជាពិសេសជនបរទេស តែងតែគិតទៅលើសុវត្ថិភាព និងសន្ដិសុខជាចាំបាច់ នៅពេលពួកគេសម្រេចចិត្តជួលលំនៅដ្ឋាននៅកន្លែងណាមួយ។ តំបន់ បឹងកេងកង ទន្លេបាសាក់ ទួលគោក ដូនពេញ និងទួលទំពូង ស្ថិតក្នុងចំណោមទីតាំងដែលមានសុវត្ថិភាពល្អបំផុតនៅក្រុងភ្នំពេញ។ ប៉ុន្ដែសម្រាប់ប្រជាជនកម្ពុជាវិញ ទីតាំងស្ថិតនៅលំដាប់ទី២ បន្ទាប់ពីតម្លៃ។ ពួកគេពុំសូវមានការព្រួយបារម្ភច្រើនអំពីបញ្ហាសន្ដិសុខដូចជនបរទេសឡើយ។

លើសពីនេះទៅទៀត អ្នកគួរតែទិញអចលទ្រព្យជួលនៅក្នុងតំបន់ណាដែលនៅក្បែរ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន កន្លែងកំសាន្ដ និងទីតាំងដែលមានភាពងាយស្រួលក្នុងការបើកអាជីវកម្ម ឬសហគ្រាសជាដើម។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រាកដថា អ្នកកំពុងវិនិយោគនៅតំបន់ដែលមានតម្រូវការជួលខ្ពស់ និងមាននិរន្ដភាពនៅក្នុងពេលអនាគត។

ការណែនាំពីភ្នាក់ងារអចលទ្រព្យ

ការស្វែងរកភ្នាក់ងារអចលទ្រព្យ មុនពេលទិញអចលទ្រព្យដើម្បីជួលត្រឡប់ទៅវិញ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលជាម្ចាស់កម្មសិទ្ធិពីព្រោះភ្នាក់ងារអចលទ្រព្យនឹងណែនាំអ្នកទៅកាន់កន្លែងដែលមានតម្រូវការខ្ពស់ និងពិគ្រោះជាមួយអ្នកអំពីហិរញ្ញវត្ថុផងដែរ។

លើសពីនេះភ្នាក់ងារអចលនទ្រព្យក៏ដឹងពីប្រវត្ដិ និងសក្ដានុពលជាក់ស្ដែងនៃអចលនទ្រព្យទាំងនោះ ដែលវាជាព័ត៌មានសំខាន់ដែលអ្នកត្រូវដឹងមុនធ្វើការសម្រេចចិត្តវិនិយោគ។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments