រាល់សំណើរឯកសារលើកិច្ចព្រមព្រៀងជួលផ្ទះ ឬអចលនទ្រព្យផ្សេងៗ ទាមទារឲ្យអ្នកពិចារណាឲ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តចុះហត្ថលេខាយល់ព្រម។ អត្តបទខាងក្រោមនេះជាការណែនាំខ្លះៗ អំពីចំណុចសំខាន់ផ្សេងៗអ្នកគួរពិចារណាមុនពេលសម្រេចចិត្តជួលអចលនទ្រព្យនៅកម្ពុជា។
ការចំណាយផ្សេងៗ
ប្រាកដណាស់អ្នកត្រូវបង់ថ្លៃជួលតាមកាលកំណត់ប្រចាំខែ ប៉ុន្ដែអ្នកក៏ត្រូវដឹងដែលថា តើអ្នកត្រូវចំណាយបន្ថែមលើសេវាកម្ម ឬការបង់ថ្លៃបន្ទាប់បន្សំផ្សេងៗអ្វីខ្លះទៀត។
ការចំណាយបន្ទាប់បន្សំរួមមាន សេវាប្រមូលសំរាម ហ្គាស សន្ដិសុខ សេវាអ៊ីធឺណែត និងចំណតរថយន្ដជាដើម។ រាល់ចំណាយទាំងអស់នេះ មានអត្រាទាប ឬខ្ពស់អាស្រ័យទៅលើប្រភេទនៃអចលនទ្រព្យដែលអ្នកជ្រើសរើស។ ការចំណាយខ្លះត្រូវបានបូកបញ្ចូលរួចជាស្រេចក្នុងថ្លៃជួលរបស់អ្នក ប៉ុន្ដែក្នុងករណីខ្លះប្រភេទចំណាយទាំងនេះមិនត្រូវបានរាប់បញ្ចូលពីម្ចាស់ផ្ទះនោះទេ។ ដូច្នេះវាជាការចាំបាច់ដែលអ្នកគួរតែពិនិត្យ និងបញ្ជាក់ជាមួយម្ចាស់ផ្ទះឲ្យបានច្បាស់លាស់។
ជាទូទៅ ប្រសិនបើអ្នកជ្រើសរើសជួលផ្ទះក្នុងបុរី អ្នកត្រូវបង់ថ្លៃសេវាបន្ថែមប្រចាំខែដូចជាសេវាគ្រប់គ្រងទូទៅ អនាម័យ និងសន្ដិសុខជាដើម។ ចំណែកតម្លៃគឺចាប់ពី ២០ ទៅ ៥០ដុល្លារក្នុងមួយខែ ដែលអាស្រ័យលើគម្រោងលំនៅដ្ឋានរបស់អ្នក។
ចំណែកការរស់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូវិញ មានតម្លៃជាទូទៅចាប់ពី ០.៥ ដល់ ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពេលខ្លះចំណតឡានក៏ទាមទារឲ្យអ្នកបង់ថ្លៃសេវាផងដែរ មានតម្លៃចាប់ពី ៥០ ទៅ ៦០ដុល្លារក្នុងមួយខែ ដោយអាស្រ័យទៅតាមលក្ខខណ្ឌរបស់គម្រោងខុនដូដែលផ្ដល់ឲ្យ។
ម៉្យាងវិញទៀត ម្ចាស់ផ្ទះមួយចំនួននៅកម្ពុជា គិតថ្លៃសេវាអគ្គិសនីតាមការកំណត់របស់ខ្លួន ឧទាហរណ៍ តម្លៃអគ្គិសនីដែលកំណត់ដោយម្ចាស់ផ្ទះមានតម្លៃ មួយពាន់រៀល ក្នុងមួយគីឡូវ៉ាត់។
ត្រូវចរចារ
អ្នកមានសិទ្ធិនៅក្នុងការចរចារតម្លៃ ឬលើកឡើងនូវសំណើរណាមួយ។ អ្នកមិនត្រូវពឹងផ្អែកទាំងស្រុងលើភ្នាក់ងារអចលនទ្រព្យក្នុងការចរចារឲ្យអ្នកនោះឡើយ។ អ្នកត្រូវចាំថា ភ្នាក់ងារអចលនទ្រព្យមិនត្រឹមតែដើរតួនាទីដើម្បីការពារផលប្រយោជន៍សម្រាប់តែអ្នកម្នាក់ប៉ុណ្ណោះទេ ពួកគេក៏ធ្វើសកម្មភាពជំនួសឲ្យអ្នកលក់ ឬអ្នកជួលផងដែរ។ កាលណាតម្លៃជួលបានខ្ពស់ ពួកគេក៏ទទួលបានកម្រៃជើងសារកាន់តែខ្ពស់ផងដែរ។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ ហើយពួកគេអាចស្វែងរក និងចរចារតម្លៃមួយដែលអ្នកចង់បាន។
ប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យមួយសម្រាប់ជួលរយៈពេលវែង អ្នកអាចប្រើវាជាចំណុចចរចារដើម្បីបន្ថយថ្លៃជួលប្រចាំខែ។ ក្នុងករណីដែលម្ចាស់ផ្ទះមិនយល់ព្រម អ្នកគួរតែបត់បែនដោយជំនួសដោយការស្នើសុំសេវាកម្មបន្ថែមផ្សេងៗ ឬគ្រឿងសង្ហារិម។ ការបង់ប្រាក់មុនសម្រាប់រយៈពេល២ឬ៣ខែ ក៏ជាចំណុចទាក់ទាញដល់ម្ចាស់ផ្ទះផងដែរ។
ពិនិត្យកិច្ចសន្យាឲ្យបានត្រឹមត្រូវ
អ្នកត្រូវប្រាកដថា អ្នកបានអានគ្រប់ចំណុចនៅក្នុងកិច្ចសន្យាជួលផ្ទះ។ អ្នកត្រូវរកមើលចំណុចដែលបានចែង និងមិនបានចែងនៅក្នុងកិច្ចសន្យា ដូចជា លក្ខខណ្ឌចិញ្ចឹមសត្វ ពិធីជប់លៀង ការស្នើរសុំគ្រឿងសង្ហារិម ជាពិសេសការបញ្ជាក់ឲ្យច្បាស់ចំពោះផ្នែកចំណាយលើសេវាបន្ថែម ឬការជួសជុស។ ចំណុចទាំងអស់នេះ អ្នកគួរតែពិភាក្សាជាមួយម្ចាស់ផ្ទះ និងស្នើដាក់បញ្ចូលទៅក្នុងកិច្ចសន្យាជួលរបស់អ្នកមុនពេលដែលអ្នកចុះហត្ថលេខា។
ចំណុចបន្ទាប់បន្សំ
មុននឹងសម្រេចចិត្តថាជួល អ្នកត្រូវពិនិត្យមើលឲ្យបានសព្វគ្រប់ជ្រុងជ្រោយរាល់សម្ភារក្នុងផ្ទះ ដូចជា ទ្វារ គន្លឹះទ្វារ កុងតាក់ ប្រព័ន្ធទឹក អគ្គិសនី ហ្គាស និងឧបករណ៏ប្រើប្រាស់ផ្សេងៗ។ ក្នុងករណីដែលអ្នករកឃើញថាសម្ភារមួយចំនួនខូច អ្នកអាចផ្ដល់ដំណឹងដល់ម្ចាស់ផ្ទះឲ្យជួសជុលជាបន្ទាន់ មុនពេលដែលអ្នករ់ើចូលទៅនៅ។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
អត្ថបទដោយ
Comments