+85561 777 090
Logo
លុយពិ​បាករកណាស់ ! មុនសម្រេចិត្តកាន់លុយទៅទិញផ្ទះត្រូវច្បាស់ប៉ុន្មានចំណុចនេះសិន
Updated on: October 3, 2022, 7:09 a.m.
Published on: August 20, 2021, 8:01 a.m.

លុយពិ​បាករកណាស់ ! មុនសម្រេចិត្តកាន់លុយទៅទិញផ្ទះត្រូវច្បាស់ប៉ុន្មានចំណុចនេះសិន


នាពេលបច្ចុប្បន្ននេះមានអ្នកអភិវឌ្ឍជាច្រើនបានវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសលើគម្រោង​ផ្ទះបុរី ផ្ទះល្វែង និងផ្ទះវីឡាជាច្រើន មិនតែប៉ុណ្ណោះ​ក៏កំពុង​តែ​ចរាចរណ៍​ដាក់លក់នៅលើទីផ្សារយ៉ាង​ហូរហែ ប៉ុន្តែអ្វីដែលជាកត្តាដែលធ្វើឱ្យលោក​អ្នក​​ដែល​មានបំណងចង់ស្វែងរកទិញផ្ទះគឺស្ថិតនៅត្រង់ថា គួរតែជ្រើសរើសយកគម្រោងមួយណាដែលល្អ ស័ក្តិសមក្នុងការរស់នៅ ឬប្រកបអាជីវកម្ម និងមិន​មាន​បញ្ហាក្រោយពេលទិញរួចរាល់ ។

មុននឹងឈានដល់ចំណុចសំខាន់ អ្វីដែលលោកអ្នកត្រូវពិចារណាមុនសម្រេចចិត្តទិញផ្ទះនៅក្នុងគម្រោងណាមួយត្រូវច្បាស់ខ្លួនឯងថា តើទិញ​ដើម្បីអ្វី? ដើម្បីរស់នៅ...! ដើម្បីប្រកបអាជីវកម្ម...! ឬដើម្បីវិនិយោគបន្តដើម្បីយកផលចំណេញ ។ មិនតែ​ប៉ុណ្ណោះអ្វីដែលលោកអ្នកត្រូវពិនិត្យមើលបន្ថែមមុនសម្រេចចិត្តទិញផ្ទះគឺ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ក្នុង និងក្រៅគម្រោងដែលលោកអ្នកចង់ទិញថា តើមានហេដ្ឋារចនាសម្ព័ន្ធអំណោយ​ផលសម្រាប់​ការរស់នៅ សម្រាប់ការប្រកបអាជីវកម្មដែលឬទេ អ្វីដែលកាន់តែពិសេសទៀតនោះ​គឺត្រូវមើលដូច​គ្នាទាក់ទង​ទៅនឹងសុវត្ថិភាពជាចំបង ។

ប៉ុន្មានចំណុចខាងលើនេះជាចំណុចត្រួសៗសម្រាប់លោកអ្នកដែលមានបំណងក្នុងការទិញផ្ទះសម្រាប់ពិចារណាជាមុន មុននឹងសម្រេចចិត្តទិញផ្ទះតែបែរជាមិនបានសមដូចបំណង ប៉ុន្តែក្នុងនោះផងដែរ អ្វីដែល​លោក​អ្នកត្រូវគិតគូរឱ្យបានល្អិតល្អន់បំផុតដើម្បីទិញផ្ទះឱ្យបានត្រឹមត្រូវ និងចៀសវាងទិញហើយ​ត្រូវជួប​នឹងហានិភ័យនានាដែលអាចកើតមានត្រូវមើលទៅលើចំណុចសំខាន់ៗធំៗបន្ថែមប៉ុន្មានចំណុចខាងក្រោម ៖

ទី១- ទីតាំងគម្រោង

យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ក្នុងការជ្រើសរើស ឬវិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេងៗជាដើម ។ ហើយមួយវិញទៀតលោកអ្នកក៏ជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅតំបន់នោះ ។ ជានិច្ចកាលតំបន់ដែលទើបតែអភិវឌ្ឍថ្មីតែងតែផ្តល់ឱកាសនូវផលចំណេញ លឿនជាងតំបន់ដែលបានអភិវឌ្ឍរួចហើយ ។

ទី២- ប្រវត្តិក្រុមហ៊ុន (ម្ចាស់អភិវឌ្ឍគម្រោង)

យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោង តើមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះអាចធ្វើ​ឱ្យ​យើង​​​ស្វែងយល់អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន ។ ជាក់ស្តែងយើង​សម្គាល់ឃើញមាន​គម្រោងមួយ​ចំនួន​មាន​តែ​ច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោង​នេះ​មិនមាន​លក្ខណៈស្របច្បាប់ពេញលេញ ។ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននៅកម្មសិទ្ធប្លង់រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ ។

ទី៣- គុណភាពសំណង់

បើ​ចង់​ទិញ​ផ្ទះ​ក្នុង​បុរី ត្រូវ​សម្លឹង​មើល​ពី​គុណភាព​សំណង់ផ្ទះ​ផង​ដែរ ព្រោះ​កន្លង​មក​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ទិញទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​សោះបែរជា​ប្រេះ​បែក​ជញ្ជាំង​បាត់​ទៅ​ហើយ ។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។ ហើយលោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្ម​គ្រប់​គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខ ។

ទី៤- អាជ្ញាប័ណ្ណសាងសង់

ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួង​រៀប​ចំ​ដែនដីនគរូ​បនីយកម្ម​ និង​សំណង់ ។   ដើម្បីទទួលបានអាជ្ញាប័ណ្ណ​នេះគម្រោង​ត្រូវមានផែនការមេ​មាន​ប្រាក់​​តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗ​ទៀត​ដែលជួយគាំទ្រដល់គម្រោងនោះ ។

ទី៥- អាជ្ញាប័ណ្ណបុរី

អាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែន​ការលក់ និងឯកសារសំខាន់ៗផ្សេងទៀត ៕

Comments