សម្រាប់លោកអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យណាមួយមិនថា ដី, ផ្ទះ ឬខុនដូ និងអចលនទ្រព្យផ្សេងៗជាដើមអ្វីដែលអាចបង្កជាការឈឺក្បាលសម្រាប់លោកអ្នកគឺបញ្ហារឿងប្រមូលលុយដែលខ្លួនមាន ឬក៏ស្វែងរកខ្ចីលបុលគេដើម្បីមកទិញអចលនទ្រព្យទាំងនោះ ។
ប៉ុន្តែសម្រាប់ការស្នើកម្ចីណាមួយដើម្បីទិញអចលនទ្រព្យមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេប្រសិនបើលោកអ្នកបានរៀបចំផែនការច្បាស់លាស់ ។ ថ្ងៃនេះ Realestate.com.kh នឹងបង្ហាញពីចំណុច៣យ៉ាងដែលលោកអ្នកគួរសិក្សាមុនទៅខ្ចីលុយធនាគាដើម្បីទិញអចលនទ្រព្យដែលខ្លួនចង់បានចៀសវាងបង្កើតបំណុលវ័ណ្ឌ.ក ៖
ទី១- ឈ្វេងយល់អំពីទំហំកម្ចី
ដើម្បីអាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចអនុម័តកម្ចីសម្រាប់លោកអ្នកបាន លុះត្រាតែលោកអ្នកត្រូវបានមន្ត្រីជំនាញរបស់គ្រឹះស្ថានទាំងនោះសិក្សាអំពីប្រភពចំណូល ឬស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកជាមុនសិនថា តើលោកអ្នកមានចំណូលប្រចាំខែប៉ុន្មាន? មានជាប់បំណុលធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដែរឬទេ? និងមានប្រវត្តិបង់ប្រាក់សងមិនល្អដែរឬទេ (ខូច CBC)? ។ ទំហំកម្ចីដែលលោកអ្នកអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយត្រូវមើលថា តើលោកអ្នកមានបំណងចង់ស្វែងរកទិញអចលនទ្រព្យប្រភេទណា និងតំបន់ណា?
ទី២- ប្រៀបធៀបសេវាកម្ចី
ការប្រៀបធៀបសេវាកម្ចីជាមុនគឺអាចធ្វើឱ្យលោកអ្នកទទួលបាននូវអត្រាការប្រាក់ទាបដែលអាចសម្រាលបន្ទុកមួយសម្រាប់លោកអ្នក ។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងកម្ចីទិញអចលនទ្រព្យ លោកអ្នកគួរតែឆែក និងសាកសួរឱ្យបាន២ទៅ៣គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចីថា តើវាមានភាពខុសគ្នាដូចម្តេចដែរចំពោះអត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក ។ ហើយអ្វីដែលលោកអ្នកត្រូវផ្តោតសំខាន់ជាងនេះទៀតនោះ ក្រៅពីអត្រាការប្រាក់ហើយ នៅមានចំណុចសំខាន់មួយចំនួនដូចជា ថ្លៃសេវាប្រឹក្សា, ថ្លៃសេវារដ្ឋបាល, ថ្លៃវាយតម្លៃអចលនទ្រព្យ, នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ, លក្ខខណ្ឌរម្លស់ដើម, លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី, រយៈពេល និងលក្ខខណ្ឌនៃការបង់ផ្តាច់ ជាដើម ។
ទី៣- សិក្សាពីតម្លៃសេវាផ្សេងៗ
មុនពេលសម្រេចចិត្តទិញអចលនទ្រព្យណាមួយដោយបង់រម្លស់ ឬប្រើប្រាស់កម្ចីពីធនាគារកត្តាសំខាន់ដែលលោកអ្នកត្រូវយល់ដឹងបន្ថែមក្រៅពីប្រាក់បង់សងប្រចាំខែនៅមានការចំណាយមួយចំនួនទៀតដូចជា ៖
- ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ លោកអ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវា
- ថ្លៃវាយតម្លៃអចលនទ្រព្យ ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់ ។ ជាទូទៅនេះគឺជាការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ ។
- ថ្លៃសេវាផ្លូវច្បាប់ ៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវឱ្យអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ៕
Comments