សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើមកក្រើកខ្លាំងក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាពនៃការពុះដីឡូតិ៍លក់នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។
ក្រោយមកវាក៏បានរីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។
មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូនសាធារណជនវិញ ។
ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យតាមទីតាំងជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។
ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់មានលុយបន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាចក្លាយទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។
ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយតម្លៃឱ្យបានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញមុននឹងទិញដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេមិនចេះធ្វើការស្រាវជ្រាវដោយខ្លួនឯង ឬមិនដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕
Comments