+85561 777 090
Logo
មានដី តែរាងស្ទើរលុយអាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត
Updated on: June 3, 2022, 1:20 p.m.
Published on: April 5, 2022, 8:28 a.m.

មានដី តែរាងស្ទើរលុយអាចសាក៣វិធីនេះសង់ផ្ទះក្នុងក្តីស្រមៃបានដូចចិត្ត


បច្ចុប្បន្ន​ចំនួន​ប្រជាជន​មានការ​កើនឡើង​ដែល​ធ្វើ​ឱ្យ​មាន​តម្រូវការ​លំនៅ​ឋាន​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​អ្នក​វិនិយោគ​ជា​ច្រើន​ចំណាយ​ដើមទុន​ដើម្បី​សាងសង់​គម្រោង​បុរី​សម្រាប់​លក់​ជូន​អ្នក​ដែល​កំពុង​មាន​តម្រូវការ ។ ប៉ុន្តែ​គម្រោង​បុរី​ច្រើន​តែ​រចនា​ម៉ូ​ដ​ដោយ​អ្នក​អភិវឌ្ឍន៍​មិន​ប្រាកដ​ថា ម៉ូ​ដ​ផ្ទះ​ទាំងនោះ​សុទ្ធតែ​ត្រូវចិត្ត​របស់​អតិថិជន និង​ជា​ម៉ូ​ដ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​នោះ​ទេ ។

ការ​ដែល​មានផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​អាច​ចាត់​ទុក​ថា​ជា​រឿង​ដែល​ជោគជ័យ​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​បាត់​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​អាច​ទទួល​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​បាន​ត្រូវ​ទិញ​ផ្ទះ​ដែល​សាងសង់​ស្រាប់ ឬ​ត្រូវ​សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង​តាម​អ្វី​ដែល​លោក​អ្នក​ចង់បាន ។ ប្រសិនបើ​លោក​អ្នកមាន​ដី​ស្រាប់ ប៉ុន្តែ​លុយ​ខើច​ចិត្ត​ចង់​សាងសង់​ផ្ទះ​តាម​ក្តី​ស្រមៃ​ដែល​អ្នក​ចង់បាន​ឱ្យ​អស់​លុយ​តិច​អាច​ពិចារណា​លើ​ចំណុច​ទាំង​៣​ខាងក្រោម​នេះ ៖

រឿង​ត្រូវធ្វើ​ទី​១ ៖ សិក្សា​អំពី​តម្លៃ​ឱ្យ​បាន​ច្បាស់

វា​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹង​ថា អ្នក​អាច​ចំណាយ​ប្រាក់​ទាំងអស់​លើ​ការ​សាងសង់ ឬ​អ្នក​នឹង​ត្រូវការ​កម្ចី​ផ្នែក​លំនៅ​ឋាន​ក្នុង​ចំនួន​ណាមួយ​បន្ថែម ។ ដើម្បី​ប៉ាន់​ប្រមាណ​តម្លៃ​ឱ្យ​កាន់តែ​ច្បាស់​អ្នក​អាច​បំបែក​តម្លៃ​លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា ៖

  • - តម្លៃ​ចំណាយ​លើ​ការ​បុក​គ្រឹះ​ផ្ទះ
  • - គ្រោងផ្ទះ
  • - ប្រព័ន្ធ​ទឹក និង​ភ្លើង
  • - លាប​ពណ៌​ផ្ទះ និង​ដំបូល ។​ល​។

ទោះជា​យ៉ាងណា​ក្តី មុន​សាងសង់​អ្នក​ត្រូវ​តែ​ច្បាស់​អំពី​ប្រភេទ​ដី​របស់​អ្នក​ថា តើ​ផ្ទះ​របស់​អ្នក​ស្ថិត​នៅ​លើ​ប្រភេទ​ដីខ្សាច់​, ដី​ធម្មតា​, ដីឥដ្ឋ ឬ​ប្រភេទ​ដី​អ្វី​ឱ្យ​ប្រាកដ ដើម្បី​អាច​ដឹង​ថា តើ​គ្រឹះ​កម្រិត​ណា​ដែល​ត្រូវ​នឹង​ប្រភេទ​ដី​នោះ​ក្នុង​ការ​ធានា​ភាពរឹងមាំ​នៃ​ផ្ទះ​របស់​លោក​អ្នក ។

រឿង​ត្រូវធ្វើ​ទី​២ ៖ ស្វែងរក​ជាង​ដែល​អាច​ទុកចិត្ត​បាន

អ្នក​នឹង​មាន​ទំនុកចិត្ត​នៅ​ពេល​ដែល​អ្នក​អាច​ជួល​ជាង​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ដែល​អាច​ជឿជាក់​បាន តាម​រយៈ​ការ​ស្គាល់​ជាង​ដោយ​ខ្លួនឯង ឬ​តាម​រយៈ​ការ​ណែនាំ​ពី​មិត្តភក្តិ ឬ​សាច់ញាតិ ដើម្បី​គ្រប់គ្រង​គម្រោង​សាងសង់​ផ្ទះ​របស់​លោក​អ្នក ។ ពួក​គេ​នឹង​ធានា​ថា គ្រប់យ៉ាង​អាច​ដំណើរការ​បាន​រលូន​តាម​ការ​គ្រោងទុក ហើយ​ពួក​គេ​អាច​ផ្ដល់​ប្រឹក្សា​ល្អ​ៗ​ដល់​អ្នក​លើ​ការ​សាងសង់​តាំងពី​ដំបូង​រហូត​ដល់​បញ្ចប់ ។

រឿង​ត្រូវធ្វើ​ទី​៣ ៖ ស្វែងរក​អ្នកជំនាញ​ផ្នែករចនាម៉ូដផ្ទះ

ដើម្បី​ទទួល​បាន​ផ្ទះ​ដែល​មាន​ស្តង់ដារ​មួយ​អ្នក​ត្រូវ​ប្រឹក្សា​យោបល់ ឬ​ធ្វើការ​ជាមួយ​ស្ថាបត្យករ វិស្វករ ឬ​ក្រុមហ៊ុន​សាងសង់ ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ច្បាស់លាស់ ។ មនុស្ស​មួយ​ចំនួន​មិន​ចង់​ចំណាយ​ប្រាក់​របស់​ពួក​គេ​ទៅ​លើ​រឿង​នេះ​ទេ ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ ពួក​គេ​បាន​បង្កើត​កំហុសឆ្គង​មួយ​ចំនួន​ក្នុង​ការ​សាងសង់ ដោយសារ​តែ​ពួក​គេ​មិន​មាន​ជំនាញ​លើ​ការងារ​នេះ ។

អ្នក​ដែល​មាន​ជំនាញ​អាច​ប្រាប់​អ្នក​ពី​ទីតាំង​ដែល​គួរ​ដាក់​បង្អួច វិធីសាស្ត្រ​ធ្វើ​ឱ្យ​គ្រឹះ​រឹង​មាំ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ទឹក​មានគុណ​ភាពល្អ ហើយ​ពួក​គេ​អាច​ណែនាំ​ថា តើ​ផ្ទះ​របស់​អ្នក​គួ​មាន​ប្រភេទ​បន្ទប់​បែប​ណាខ្លះ និង​ចំនួន​ប៉ុន្មាន សម្រាប់​គ្រួសារ​របស់​អ្នក ៕

អត្ថបទដោយ

Comments