អ្នកទិញមួយចំនួនប្រៀបធៀបការទិញផ្ទះមុនគម្រោងទៅនឹងការបង់សំណាញ់ក្នុងទន្លេ ដែលពេលខ្លះអាចបានត្រី ឬអាចមិនបានត្រី ។ ដោយសារតែច្បាប់ទំលាប់ក្នុងវិស័យអចលនទ្រព្យនៅធូរលុង ការអនុវត្តច្បាប់ក៏នៅមានកម្រិតធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការអភិវឌ្ឍគម្រោងខ្យល់ ឬគម្រោងមិនច្បាសលាស់គម្រោងមិនស្របច្បាប់ គម្រោងមិនមានស្តង់ដារត្រឹមត្រូវ។ ជាលទ្ធផលទង្វើទាំងនេះអាចជះឥទិ្ធពលដល់អ្នកទិញ ។ ខាងក្រោមនេះ Realestate.com.kh នឹងលើកយកប្រធានបទការទិញអចលនទ្រព្យមុនគម្រោង
អ្វីជាការទិញផ្ទះមុនគម្រោង (Buying Off Plan)?
ដូចដែលអ្នកបានដឹងហើយថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅប្រទេសកម្ពុជាមានរូបភាពផ្សេងៗគ្នា ទាំងគម្រោងតូច គម្រោងមធ្យម និងគម្រោងធំ។ សម្រាប់គម្រោងខ្នាតមធ្យម និងធំ ភាគច្រើនបំផុតគឺមុនពេលប្រកាសលក់យ៉ាងហោចណាស់ក៏ត្រូវតែមាន ផ្ទះគម្រូសាងសង់រួចជាស្រេចឲ្យអតិថិជនចូលមើល ពេលប្រកាសបើកលក់គម្រោង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ទោះជាយ៉ាងណានៅតែមានគម្រោងខ្លះ ប្រកាសលក់ជូនអតិថិជនដោយមិនទាន់មានផ្ទះគម្រូ ឬទើបតែបុកគ្រឹះជាដើម នេះអាចដោយសារតែគម្រោងជាគម្រោងខ្នាតតូច ខ្វះទុន ឬម្ចាស់គម្រោងមិនចង់រង់ចាំរហូតដល់ផ្ទះគម្រូសាងសង់រួចជាដើម។
ការទិញផ្ទះមុនគម្រោង គឺជារឿងប្រថុយប្រថានមួយសម្រាប់បទពិសោធន៍នៅប្រទេសកម្ពុជា ដោយសារអ្នកទិញមិនអាចបំពេញក្តីស្រមៃរបស់ខ្លួនបានភ្លាមៗទេ ដោយត្រូវរង់ចាំក្នុងរយៈពេលមួយដែលបានព្រមព្រៀង និងមានចែងក្នុងកិច្ចសន្យាទិញលក់ផ្ទះនោះ។ ជាទូទៅ រយៈពេលសាងសង់មានចន្លោះពី ១២ ខែ ទៅ ១៨ ខែ អាស្រ័យទៅតាមគម្រោងនីមួយៗ។
*ចំណុចល្អៗពីរយ៉ាងពេលទិញផ្ទះមុនគម្រោង
ទី១៖ អ្នកទិញអាចទទួលបានផ្ទះក្នុងតម្លៃមួយដែលអាចទទួលបានផលចំណេញពីការលក់បន្តចន្លោះ ពី ១០% ទៅ ៣០% នៅពេលផ្ទះសង់រួច ដោយហេតុថា ផ្ទះលក់ក្នុងគម្រោងតែង តែលក់ក្នុងតម្លៃទាបជាងទីផ្សារព្រោះគេទុកឲ្យអតិថិជនអាចចំណេញពីសាងសង់រួច។
ទី២៖ គឺអ្នកទិញមិនចាំបាច់មានលុយទាំងដុំទៅទិញនោះទេ ពោលគឺអតិថិជនអាចទិញ បង់រំលោះដោយមានទឹកប្រាក់បង់មុន ១០% ២០% ឬ ៥០% ប៉ុណ្ណោះហើយក៏មានគម្រោងខ្លះ អនុញ្ញាតឲ្យបង់រំលោះសុទ្ធដោយមិនចាំបាច់បង់មុនគឺរំលស់ប្រចាំខែយកតែម្តង ។
ហេតុដូច្នេះ មុនពេលលោកអ្នកទិញផ្ទះមុនគម្រោងពីគម្រោងណាមួយលោកអ្នកត្រូវតែប្រាកដថា អ្នកមានគោលបំណងចង់ទិញទុកលក់យកចំណេញ ឬអ្នកមិនមានទឹកប្រាក់គ្រប់ គ្រាន់សម្រាប់បង់ផ្តាច់ផ្ទះទាំងមូល។
*ការទិញផ្ទះមុនគម្រោងអ្នកត្រូវពិនិត្យលក្ខខណ្ឌណែនាំដូចខាងក្រោម៖
១) មុនពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកត្រូវស្គាល់គម្រោងនោះឲ្យច្បាស់ជាមុន ឬស្គាល់សវតារបស់អ្នកអភិវឌ្ឍន៍គម្រោងជាមុនសិន ជៀសវាងទិញចំគម្រោងខ្យល់ ឬគម្រោងដែលមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោង។ ក្រៅពីនេះត្រូវមើលថាតើ គម្រោងមានភាពច្បាស់លាស់ស្របច្បាប់ មានសក្តានុពល និងស្ថិតនៅក្នុងទីតាំងល្អ (តំបន់លំនៅដ្ឋាន ឬតំបន់ពាណិជ្ជកម្ម) ដែលឬទេ? ចំណុចនេះអ្នកអាចពឹងពាក់មេធាវី ឬអ្នកច្បាប់ ឬភ្នាក់ងារឲ្យជួយផ្តល់យោបល់លើការទិញរបស់អ្នក ថាតើអ្នកអភិវឌ្ឍន៍ និងគម្រោងមួយហ្នឹងគួរទិញ ឬអត់? ជឿជាក់បាន ឬមិនបាន?
២) ដើម្បីជៀសវាងបញ្ហាខាងលើ លោកអ្នកគួរស្វែងរកអ្នកជំនាញអចលនទ្រព្យដើម្បីឲ្យជួយពិគ្រោះយោបល់ ថាតើគួរទិញអចលនទ្រព្យមួយណា? ប្រភេទណា? ទីតាំងណា? តម្លៃប៉ុន្មាន? សាកសមសម្រាប់ការរស់នៅ ឬការប្រកបអាជីវកម្មជាដើម? ទោះជាយ៉ាងណា ប្រសិនបើអ្នក មានចំណេះដឹង និងធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងនេះ អ្នកអាចធ្វើបានដោយខ្លួនឯង។
៣) ពិនិត្យមើលផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធនៃការអភិវឌ្ឍគម្រោង៖ អ្នកត្រូវសាកសួរ រកព័ត៌មានឲ្យច្បាស់លាស់ពីការអភិវឌ្ឍគម្រោងនោះ ថាតើវាស្របច្បាប់ហើយឬនៅ? មានច្បាប់សាងសង់ ឬលិខិតអនុញ្ញាតពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធទេ? ប្រសិនបើមាន ទើបលោកអ្នកគួរពិចារណាក្នុងការទិញលំនៅដ្ឋានពីគម្រោងនោះ ។
៤) កិច្ចសន្យា ឬរយៈពេលសាងសង់៖ វាសំខាន់ណាស់ គ្រប់ពេលដែលអ្នកទិញលំនៅដ្ឋាន ពីគម្រោងណាមួយ អ្នកត្រូវមានដាច់ខាតកិច្ចសន្យាទិញលក់ផ្ទះ ហើយក្នុងកិច្ចសន្យានេះមានចែងពីរយៈពេលសាងសង់យ៉ាងច្បាស់លាស់គិតចាប់ពីថ្ងៃដែលចុះកិច្ចសន្យាទិញលក់ (ជាទូទៅវាមានរយៈពេល ១២ខែ ទៅ ១៨ខែ)។ អ្នកត្រូវពិនិត្យមើលឯកសារកិច្ចសន្យាទិញលក់ ឲ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយទំហំដី ទំហំផ្ទះ ប្រភេទផ្ទះ រយៈពេលសាងសង់ តម្លៃទិញលក់ និងលក្ខខណ្ឌបង់ប្រាក់ ការពិន័យ និងលក្ខខណ្ឌអនុវត្តផ្សេងៗរបស់អ្នកទិញ។ លក្ខខណ្ឌ អភិវឌ្ឍគម្រោងត្រូវមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធភ្លើង ។ល។ ជាពិសេសអ្នកត្រូវ ប្រយ័ត្នក្នុងករណីដែលអ្នកបង់ប្រាក់យឺតយ៉ាវ ត្រូវម្ចាស់គម្រោងយកលេសដកយកផ្ទះវិញ ហើយផ្តាច់កិច្ចសន្យា។
៥) ប័ណ្ណកម្មសិទ្ធិ៖ ឥឡូវនេះ បើអ្នកទិញផ្ទះ គួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានប្លង់រឹង ហើយពេលកាត់ប្លង់បំបែកក្បាលដីជូនអ្នកទិញក៏កាត់ជាប្លង់រឹងដែរ (ប្លង់បំបែកក្បាលដី មិនមែន ត្រឹមឃុំសង្កាត់ ឬខណ្ឌនោះទេ)។ ក្នុងករណីមានត្រឹមប្លង់ទន់ អ្នកមិនគួរទិញវាទេ ព្រោះនឹងអាចជួបបញ្ហា។
៦) ផ្ទះគម្រូ៖ វាចាំបាច់ណាស់សម្រាប់គម្រោង ដែលលោកអ្នកចង់ទិញត្រូវតែមានផ្ទះគម្រូ សម្រាប់មើលដើម្បីឲ្យអ្នកប្រាកដថា អ្នកពេញចិត្ត ឬអត់? នេះរួមទាំងគុណភាពសំណង់ ប្រភេទផ្ទះ ការរចនាម៉ូដខាងក្រៅ និងខាងក្នុង។ នៅពេលលោកអ្នកមើលផ្ទះគម្រូ ហើយអ្នកពេញចិត្ត ទើបអ្នកសម្រេចចិត្តទិញផ្ទះពីគម្រោងនោះ។ ប៉ុន្តែបើអ្នកមិនបានឃើញ ផ្ទះគម្រូទេ វាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការស្វែងរកទិញផ្ទះក្នុងក្ដីសុបិន ៕
Comments