+85561 777 090
Logo
សម័យកូវីដ ! ពិបាកបិទការលក់អ្នកជំនាញប្រាប់ឱ្យធ្វើបែបនេះវិញ
Updated on: June 7, 2022, 6:04 a.m.
Published on: March 4, 2022, 8:29 a.m.

សម័យកូវីដ ! ពិបាកបិទការលក់អ្នកជំនាញប្រាប់ឱ្យធ្វើបែបនេះវិញ


ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​ប្រទេស​កម្ពុជា និង​ពិភពលោក​បាន​ប្រឈម​ទៅ​នឹង​វិបត្តិ​កូ​វី​ដដែល​កើត​មាន​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​តិច ឬ​ច្រើន និង​វិស័យ​ខ្លះ​បាន​ទទួល​រង​ឥទ្ធិពល​ខ្លាំង ហើយ​វិស័យ​ខ្លះ​តិច ។ ដោយឡែក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​គួរសម​ដែរ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

សម្រាប់​បរិបទ​សម័យ​កូ​វី​ដ​-១៩​ការ​បិទ​ការ​លក់​អចលនទ្រព្យ​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​ភ្នាក់ងារ​លក់​អចលនទ្រព្យ ពោល​គឺ​ការ​បិទ​ការ​លក់ ឬ Close Deal នេះ​វា​ទាមទារ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​អត់ធ្មត់ និង​ត្រូវ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ក្នុង​ការ​បិទ​ការ​លក់​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​អចលនទ្រព្យ ។

លោក ពឹង សេរី អនុប្រធាន​សមាគម CVEA បាន​ចោទ​ជា​សំណួរ​ក្នុង​កម្មវិធី «​ការ​ផ្ដល់​ប្រឹក្សា​អាជីវកម្ម​អចលនវត្ថុ​» ថា តើ​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​បិទ​ការ​លក់ (Close Deal) ក្នុង​សម័យ​កូ​វី​ដ​-19​នេះ?

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ឆ្លើយ​តប និង​ចែករំលែក​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៅ​កាន់​ភ្នាក់ងារ​លក់​សម្រាប់​ការ​បិទ​ការ​លក់​អចលនទ្រព្យ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ចរន្ត​នៃ​ការ​ទិញ​លក់​មានការ​ធ្លាក់​ចុះ​មួយ​ចំនួន​ធំ​ក៏​ប៉ុន្តែ​បើ​សួរ​ថា​មនុស្ស​នៅ​ឈប់​ទិញ​ឬទេ គឺ​នៅ​មិន​ទាន់​នោះ​ទេ នៅ​តែ​បន្ត​ក្នុង​ការ​ទិញ​លក់ ក៏​ប៉ុន្តែ​ចំនួន​នៃ​ការ​ទិញ​លក់​របស់​ពួក​គាត់​ត្រូវការ​ជម្រើស របស់​ណា​ដែល​ល្អ​បំផុត និង​ជម្រើស​នៃ​ការ​ទូទាត់​ល្អ ។

CVEA President

លោក​បាន​បន្ត​ថា នៅ​ក្នុង​បរិបទ​សម័យ​កូ​វី​ដ​នេះ ការ​ទិញ​លក់​មួយ​ចំនួន​ធំ​ទទួល​បាន​ជោគជ័យ​គឺ​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ណែនាំ​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ប្រាក់​កម្ចី ឬ​មួយ​តាម​រយៈ​ភ្នាក់ងារ​ដែល​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ​តាម​ប្រព័ន្ធ​ធនាគារ​ដែល​អាច​ទិញ​លក់​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​បរិបទ​ណាមួយ ។

លោក​បានឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ចំណុច​១​ទៀត​គឺ​និយាយ​អំពី​កម្លាំង (​ចំនួន​ភ្នាក់ងារ​ដែល​លក់​អចលនទ្រព្យ​) នៅ​ពេល​ដែល​គាត់​មាន​បណ្តាញ​ល្អ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​អតិថិជន​ដល់​គោលដៅ​នោះ​គឺជា​កត្តា​ចម្បង​ហើយ​ទទួល​បានការ​គាំទ្រ​ត្រលប់​មក​វិញ​ពី​អតិថិជន​របស់​ពួក​គាត់ ។

លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់​សម្រាប់​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដែល​អាច​លក់​បាន​ជោគជ័យ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ តើ​ចង់​លក់​អចលនទ្រព្យ​នេះ​ទៅ​ឱ្យ​ប្រភេទ​អតិថិជន​គោលដៅ​មួយ​ណា? ពីព្រោះ​អតិថិជន​មាន​ធនធាន​ហិរញ្ញវត្ថុ និង​ប្រភេទ​ចំណេះដឹង​ផ្សេង​ៗ​គ្នា ។

មិនតែប៉ុណ្ណោះ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ត្រូវ​មានចំណេះ​ដឹង​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ថា​តើ​ការ​ពន្យល់​ឱ្យ​អតិថិជន​របស់​គាត់​ជឿជាក់​ទៅ​លើ​គាត់​អាស្រ័យ​ទៅ​លើ​ការ​ចេះ​តែ​ថា ឬ​មួយ​លើក​អំពី​ទឡ្ហីករណ៍​ដែល​កើត​មាន​ឡើង ពីព្រោះ​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​វិជ្ជាជីវៈ ហើយ​អតិថិជន​តែងតែ​ជឿ​គឺ​តែងតែមាន​ចំណេះដឹង និង​លើក​ឡើង​ពី​ទឡ្ហីករណ៍​ទាំងឡាយ​ណា​ដែល​អាច​ទទួលយក​បាន ។

ប្រធាន​សមាគម CVEA ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ក្នុង​នាម​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ភាព​ស្មោះត្រង់​គឺ​ត្រូវ​មាន​ចាំបាច់​បំផុត មិនមែន​ចេះ​តែ​និយាយ​ប្រូ​ឱ្យ​គេ​ជឿ​នោះ​ទេ ពោល​គឺ​ត្រូវ​ចេះ​លើក​ឡើង​ពី​ទឡ្ហីករណ៍​ច្បាស់លាស់​ទៅ​កាន់​អតិថិជន ៕

Comments