+85561 777 090
Logo
ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក
Updated on: August 4, 2022, 8:14 a.m.
Published on: August 4, 2022, 8:14 a.m.

ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក


ការ​បិទ​ការ​លក់​គឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ហើយ​ប្រសិនបើ​អ្នក​ពូកែ​អត់ទ្រាំ និង​មាន​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​បិទ​ការ​លក់​នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ ។ ប៉ុន្តែ​ការ​បិទ ការ​លក់​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ដូច្នេះ​វា​ទាមទារ​ឱ្យ​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​ត្រូវ​មាន​បច្ចេកទេស​បិទ​ការ​លក់ និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ត្រូវ​ប្រឈម​នៅ​ពេល​អតិថិជន​ឆ្លើយ​តប ។

ប្រសិនបើ​អតិថិជន​របស់​លោក​អ្នក​និយាយ​ថា សុំ​គិត​មើល​សិន? តើ​អ្នក​នឹង​បិទ​ការ​លក់​នោះ​ដោយ​របៀប​ណា? ថ្ងៃនេះ Realestate.com.kh នឹង​នាំ​យក​បច្ចេកទេស​បិទ​ការ​លក់​ដែល​ពេញ​និយម​ទាំង​៤​ជា​ជំនួយ​សម្រាប់​លោក​អ្នក​ក្នុង​ការ​បិទ​ការ​លក់​ឱ្យ​បាន​ជោគជ័យ ៖

ទី​១- បិទ​ឱ្យ​ចំ​ចំណុចក្តៅ

អ្វី​ទៅ​ជា​ការ «​បិទ​ឱ្យ​ចំ​ចំណុចក្តៅ​» របស់​អតិថិជន? ការ​បិទ​ឱ្យ​ចំ​ចំណុចក្តៅ ជា​ការ​លើកយក​ចំណុច​ពិសេស​របស់​គម្រោង​អចលនទ្រព្យ​ដែល​លោក​អ្នក​កំពុង​លក់​ឱ្យ​ចំ​ចំណុចក្តៅ​ដែល​អតិថិជន​ត្រូវការ​បំផុត ។ ហើយ​ក្នុង​នាម​លោក​អ្នក ជា​អ្នកលក់​ម្នាក់​ត្រូវ​តែ​ស្វែងរក​ចំណុចក្តៅ​របស់​អតិថិជន​ឱ្យ​បាន ហើយ​ត្រូវ​ចុច​ចំណុច​នោះ​ម្តង​ហើយ​ម្តងទៀត ដើម្បី​បង្កើន​ចំណង់​របស់​អតិថិជន​ឱ្យ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង ។

ទី​២- បិទ​មុំស្រួច

បិទ​មុំស្រួច គឺជា​បច្ចេកទេស​ប្រើ​នៅ​ពេល​អតិថិជន​ចង់​ប្រើ​គម្រោង តែ​បែរជា​ស្វែងរក​ហេតុផល​ផ្សេង​ដែល​គាត់​មិន​អាច​ទិញ​បាន ។ ការ​ស្វែងរក​ហេតុផល​ពិតប្រាកដ​នៃ​ការ​បដិសេធ គឺជា​ចំណុច​សំខាន់​ក្នុង​ការ​លក់ ។ នៅ​ពេល​ដែល​អតិថិជន​របស់​លោក​អ្នក​លើក​ហេតុផល​មក​ថា «​ខ្ញុំ​ចង់បាន​ការ​បង់​ប្រចាំខែ​ដែល​ទាប​បំផុត​ ឬ​ខ្ញុំ​មិន​ទាន់​មាន​លុយ -​ល​-» ។

ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ថា ការ​បដិសេធ​របស់​អតិថិជន​តាម​រយៈ​ការ​ផ្តល់​ចម្លើយ​ដូច​ខាងលើ លោក​អ្នក​អាច​សាកល្បង​សួរ​ថា «​ប្រសិនបើ​មានការ​បង់​ប្រចាំខែ​ទាប​ ឬ​ប្រសិនបើ​បង​មាន​លុយ​គ្រប់គ្រាន់ -​ល​-» តើ​បង​នឹង​ប្រើប្រាស់ ឬ​ទិញ​គម្រោង​នេះ​ឬទេ? បើ​គាត់​ឆ្លើយ «​បាទ​» ការ​បដិសេធ​នោះ​គឺ​ពិតប្រាកដ តែបើ​គាត់​ស្ទាក់ស្ទើរ ការ​បដិសេធ​នោះ​គឺ​មិន​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ។

ទី​៣- បិទ​ការ​សន្មត

បិទ​ការ​សន្មត គឺជា​បច្ចេកទេស​ដែល​យើង​អាច​ប្រើប្រាស់​នៅ​ពេល​ដែល​អតិថិជន​និយាយ​ថា គាត់​មិន​មាន​លទ្ធភាព ។ នៅ​ពេល​ដែល​អតិថិជន​និយាយ​ដូច្នេះ យើង​អាច​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ថា «​បង​កុំ​ទាន់​គិត​ពី​រឿង​លុយ សន្មត​ថា​បង​មាន​លុយ​គ្រាប់​គ្រាន់​ទៅ​ចុះ !» ។ នៅ​ពេល​នោះ​អតិថិជន​អាច​នឹង​ស្រែ​កថា «​ថ្លៃ​ណាស់​» ។ ត្រង់​ចំណុច​នេះ​វា​មិនមែន​ជា​កា​រប​ដិ​សេ​ដ​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សួរ​អំពី​មូលហេតុ​នៃ​តម្លៃ ។

តម្លៃ​មិន​សំខាន់ តែ​អ្វី​ដែល​សំខាន់​គឺ​មូលហេតុ​នៃ​តម្លៃ ។ លោក​អ្នក​ត្រូវ​លើក​ហេតុផល និង​គុណសម្បត្តិ​របស់​គម្រោង​ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​កើនឡើង ឬ​ថ្លៃ ។ នៅ​ពេល​ដែល​អតិថិជន​បាន​យល់​អំពី​គុណ​តម្លៃ ពេល​នោះ​តម្លៃនឹង​លែង​ជា​បញ្ហា​ទៀត​ហើយ ។

ទី​៤- ការ​បិទ​លក់​បន្ទាន់

ការ​បិទ​លក់​បន្ទាន់ គឺជា​បច្ចេកទេស​ដែល​យើង​ប្រើ​ដើម្បី​បង្ខំ​ឱ្យ​អតិថិជន​ប្រើ ឬ​ទិញ​គម្រោង​របស់​យើង ។ វា​គឺជា​បច្ចេកទេស​បិទ​ការ​លក់​មួយ​ដែល​ត្រូវ​ឱ្យ​អតិថិជន​សម្រេចចិត្ត​ក្នុង​រយៈពេល​ខ្លី ។ ឧទាហរណ៍ ៖ គម្រោង​នេះ​ជិត​អស់ ឬ​ជិត​ផុត​ការ​ផ្តល់​ជូន​ពិសេស​ហើយ (​បើ​មាន​ប្រូ​ម៉ូ​សិន​) ។ ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ឱកាស​នៃ​ការ​លក់​អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ខ្ពស់ ។ ទោះជា​យ៉ាងណា​បច្ចេកទេស​មួយ​នេះ​មិន​ដូច​បច្ចេកទេស​បិទ​ផ្សេង​ៗ​ទៀត​ទេ លោក​អ្នក​គួរតែ​ប្រើ​ម្តងម្កាល​ចៀសវាង​ផ្តល់​សម្ពាធ​ខ្លាំង​ទៅ​កាន់​អតិថិជន ៕

អត្ថបទដោយ

Comments