រយៈពេល២ឆ្នាំកន្លងទៅនេះប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃនៅលើពិភពលោក ពោលគឺត្រូវរងការវាយប្រហារពីជំងឺរាតត្បាតផ្លូវដង្ហើមកូវីដ១៩ដែលធ្វើឱ្យប៉ះពាល់លើគ្រប់វិស័យ មិនតែប៉ុណ្ណោះវិស័យអចលនទ្រព្យដែលជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចជាតិក៏ត្រូវរងផលប៉ះពាល់ផងដែរ ។
បណ្តាវិនិយោគិន និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានផ្អាកសកម្មភាពវិនិយោគក៏ដូចជាការសាងសង់គម្រោងរបស់ខ្លួនដោយសារកត្តាជំងឺកូវីដ១៩រាតត្បាត និងវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលក្រោមវិធានការទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ១៩ ។
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានបើកសេដ្ឋកិច្ចជាតិឡើងវិញដើម្បីស្តារសេដ្ឋកិច្ចស្របតាមគន្លងថ្មីនៃការរស់នៅជាមួយជំងឺកូវីដ១៩ដែលធ្វើឱ្យវិស័យនានាចាប់ផ្តើមមានឱកាសអភិវឌ្ឍន៍ឡើងវិញ ។ ខុនដូដែលជាអចលនទ្រព្យមួយប្រភេទកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅពាសពេញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះកំណើន និងតម្រូវការខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា កាន់តែមានការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ ។
តើឆ្នាំ២០២២នេះខុនដូនឹងទៅជាយ៉ាងណា?
តាមរយៈលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានព្យាករណ៍អំពីទីផ្សារខុនដូសម្រាប់ឆ្នាំ២០២២នេះថា ខុនដូដែលមានតម្លៃជាមធ្យម $2500/ម៉ែត្រការ៉េឡើងទៅដែលផ្តោតសំខាន់លើភ្ញៀវបរទេស គឺច្បាស់ជាពិបាករកអ្នកទិញ ព្រោះតែវាស្ថិតក្នុងតម្លៃខ្ពស់ពេកដែលមិនអាចធ្វើឱ្យអតិថិជនក្នុងស្រុកអាចទិញបាន ហើយណាមួយមិនមានបរទេសមកទិញដែលធ្វើឱ្យទីផ្សារខុនដូអាចនឹងជាប់គាំង ។
តើយើងអាចសាងសង់ខុនដូសម្រាប់លក់ឱ្យខ្មែរ (អតិថិជនក្នុងស្រុក) បានដែរឬទេ?
ប្រធានក្រុមហ៊ុន KW Cambodia ខាងលើបានឱ្យដឹងផងដែរថា ប្រសិនបើអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានបំណងចង់សាងសង់លក់ឱ្យខ្មែរ (អតិថិជនក្នុងស្រុក) គឺ«បាន» ។ ខ្មែរដែលជាអតិថិជនក្នុងស្រុកមិនមែនមិនចូលចិត្តរស់នៅខុនដូនោះទេ ប៉ុន្តែដោយសារតែអ្នកសាងសង់ខុនដូសាងសង់ទៅតាមអ្វីដែលពួកគេចង់ ពួកគេមិនមែនសាងសង់នូវអ្វីដែលទីផ្សារត្រូវការនោះទេ ។
អ្នកជំនាញអចលនទ្រព្យរូបនេះបានឱ្យដឹងបន្ថែមថា ទីផ្សារខុនដូអាចដំណើរការទៅបានទី១-ទីតាំងរបស់ខុនដូ, ទី២-ទំហំនៃយូនីតរបស់ខុនដូ និងទី២-តម្លៃលក់ ។ អាចនិយាយបានថា ខុនដូដែលសាងសង់សម្រាប់លក់ឱ្យខ្មែរដែលជាអតិថិជនក្នុងស្រុក អ្នកអភិវឌ្ឍន៍ខុនដូគួរសាងសង់នៅកន្លែងណាដែលមានតម្លៃដី១ការ៉េលើសពី$២០០០ ហើយសង់នៅកន្លែងណាដែលមានមនុស្សរស់នៅច្រើននោះនឹងធ្វើឱ្យមានដំណើរការជាពុំខាន ។
លោកបណ្ឌិត គីម ហ៊ាង ក៏បានបញ្ជាក់យ៉ាងដូច្នេះថា ជារួមនៅកណ្តាលក្រុងបើសង់ខុនដូគឺនៅតែដំណើរការដដែល ព្រោះជាទូទៅខុនដូដែលខ្មែរទិញមិនមែនសម្រាប់រស់នៅប្រចាំថ្ងៃ២៤ម៉ោងនោះទេគឺគ្រាន់តែរស់នៅបណ្តោះអាសន្នប៉ុណ្ណោះ ។ ដូច្នេះខុនដូដែលល្អគឺជាខុនដូដែលមានត្រឹម១បន្ទប់គេង ឬ២បន្ទប់គេងយ៉ាងច្រើន ហើយតម្លៃខុនដូដែលអាចដំណើរការបានល្អនៅក្នុងទីផ្សាររាជធានីភ្នំពេញគួរតែមានតម្លៃចម្លោះចាប់ពី$1300ទៅ$1500ក្នុង១ម៉ែត្រការ៉េ ។ មានន័យថាប្រសិនបើខុនដូនោះមានទំហំត្រឹម៥០ការ៉េ តម្លៃត្រឹម៥-៦ម៉ឺន ដែលមាន១បន្ទប់គេងហើយនៅកណ្តាលក្រុងនោះគឺអាចលក់បាន ៕
Comments