+85561 777 090
Logo
ប្រជាពលរដ្ឋត្អូញត្អែរពេក !​ ក្រសួងនឹងកែផ្លូវកំពត-វាលរេញឡើងវិញក្នុងពេលឆាប់ៗនេះ
Updated on: September 28, 2023, 6:50 a.m.
Published on: September 28, 2023, 6:50 a.m.

ប្រជាពលរដ្ឋត្អូញត្អែរពេក !​ ក្រសួងនឹងកែផ្លូវកំពត-វាលរេញឡើងវិញក្នុងពេលឆាប់ៗនេះ


ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវកំពត-វាលរេញតែងតែធ្វើការត្អូញត្អែរអំពីផលលំបាកក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃដោយសារតែស្ថានភាពផ្លូវរងការខូចខាតដែលផ្តល់ផលវិបាកសម្រាប់ប្រជាពលរដ្ឋ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែល្អផ្លូវកំពត-វាលរេញឱ្យមានភាពប្រសើរឡើងអាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗ ព្រោះបច្ចុប្បន្នក្រសួងកំពុងតែធ្វើការសិក្សាលក្ខណៈបច្ចេកទេសជាមួយអ្នកជំនាញ ។

ក្រសួងបានធ្វើការសិក្សាបច្ចេកទេស ជាមួយក្រុមជំនាញការ អំពីស្ថានភាពផ្លូវនេះ ជាពិសេសត្រង់កន្លែងដែលមានភូមិសាស្ត្រគ្រឹះជ្រាយ ។ ហើយកន្លងទៅក៏មានការចុះត្រួតពិនិត្យកម្រិតអន្តរក្រសួងរួចហើយ ដោយបានឯកភាពគ្នាក្នុងកម្រិតបច្ចេកទេស និងការគ្រោងថវិកាជាអាទិភាព ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្ដមបន្ដថា ៖ «បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង កំពុងធ្វើការពិភាក្សាជាមួយដៃគូដែលនឹងត្រូវផ្តល់ថវិកាហិរញ្ញប្បទាន លើនីតិវិធី ដើម្បីឈានទៅការស្ថាបនាធ្វើឱ្យប្រសើរផ្លូវនេះឡើងវិញ ដែលអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ» ។

គួរជម្រាបផងដែរថា កំណាត់ផ្លូវកំពត-វាលរេញនេះ បើយោងតាមការសិក្សាផ្លូវដែលតែងតែខូចនោះមានប្រវែង ២០គីឡូម៉ែត្រ ដោយត្រូវបែងចែកជាពីរកំណាត់ក្នុងនោះ កំណាត់ទី១មានប្រវែង៥គីឡូម៉ែត្រដោយមានដីស្អុយជម្រៅរហូតដល់ទៅ១៨ម៉ែត្រនៅផ្នែកខាងក្រោម ។ ចំពោះដំណោះស្រាយគឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់ផ្លូវនេះរឹងមាំ ។

ដោយឡែកចំពោះកំណាត់ទី២គឺមានប្រវែង១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមាន វិធីទម្លាក់សេរីទម្ងន់២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ ៕

Comments