+85561 777 090
Logo
ច្បាប់៖ យល់ដឹងពីប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទប្លង់រឹងនៅប្រទេសកម្ពុជា
Updated on: June 7, 2022, 3:44 a.m.
Published on: August 1, 2019, 3:24 a.m.

ច្បាប់៖ យល់ដឹងពីប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទប្លង់រឹងនៅប្រទេសកម្ពុជា


តើអ្វីជា “ប័ណ្ណកម្មសិទ្ធិដីធ្លី”? តើប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា មានប៉ុន្មានប្រភេទ?

វិស័យដីធ្លី ដែលគេតែងនិយមហៅថា “វិស័យអចលនទ្រព្យ” នោះ កំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនៅចន្លោះឆ្នាំ ២០០៨ និង ២០០៩ កន្លងមក។ ចាប់ពីតាំងពីចុងឆ្នាំ ២០០៩ មក ប្រទេសកម្ពុជាបានខំត្រខ្យល់ងើបចេញពីវិបត្តិនេះ ហើយប្រឹងដើរយ៉ាងត្រដាប ត្រដួស រហូតធ្វើអោយសេដ្ឋកិច្ចប្រទេសជាតិ មានស្ថេរភាពល្អរហូតមកទល់នឹងពេលបច្ចុប្បន្ន។

វិស័យចម្បងទាំងបួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ៖ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវាយនភណ្ឌ (កាត់ដេរ) និងវិស័យសំណង់ (អចលនទ្រព្យ)។

វិស័យអចលនទ្រព្យ ឬដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះមួយគឺ ច្បាប់ភូមិបាល ដែលប្រកាសអោយប្រើ និងចូលជាធរមាននៅឆ្នាំ ២០០១ និងបទបញ្ញត្តិមួយចំនួនទៀត ដែលចេញដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ពីនិយមន័យការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ ។ល។ ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ ។

គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់ ឬអចលនទ្រព្យនេះមានប្រមាណ ១៥២ លានដុល្លារ បើធៀបនឹងរយៈពេលត្រឹមខែឧសភា ឆ្នាំ២០១៨ មានត្រឹមតែ ១៣៨ លានដុល្លារ កើនឡើងជាង ៩%។ ការចូលកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ មុនច្បាប់ភូមិបាល ឆ្នាំ២០០១ ចូលជាធរមាន ប៉ុន្តែក្រោយច្បាប់ភូមិបាលចូលជាធរមាន រាល់ការចូលកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាមិនត្រូវបានអនុញ្ញាតឡើយ (ខុសច្បាប់)។ 

រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ដីធ្លី ហើយឯកសារទាំងនោះ យើងបែងចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹង ប៉ុណ្ណោះ ។

ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា៖

១) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ឬចុងសន្លឹក 

ប័ណ្ណស្លាបមាន់

ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ​ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ 

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដីចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ​ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។

២) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ

នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះក៏ជាប្រភេទប័ណ្ណភោគៈដូចទីមួយខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។ 

ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។

ដូច្នេះ ប្រភេទប័ណ្ណទី ១ និងទី ២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករស្របច្បាប់នៃដីដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។

៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណាដែលបានចុះបញ្ជីដីរបស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។ 

នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០%​ ។

ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់) ។

ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh! 

Comments