ដំណើរការក្នុងការជ្រើសរើសប្រភេទប្រាក់កម្ចីទិញផ្ទះ និងអ្នកផ្ដល់ប្រាក់កម្ចី នៅកម្ពុជា អាចមានភាពស៊ាំញ៉ាំ ប៉ុន្តែប្រសិនបើអ្នកអនុវត្តតាមដំបូន្មានរបស់យើង ម្ដងមួយជំហានៗ អ្នកអាចបញ្ចៀសការខកចិត្ត ភាពអន្ទះអន្ទែង និងការខាតបង់ពេលវេលាបាន។ Realestate.com.kh នៅទីនេះដើម្បីជួយលោកអ្នក។
តើអ្នកអាចជ្រើសរើស អ្នកផ្ដល់ប្រាក់កម្ចី ដែលគួរឱ្យទុកចិត្ត នៅកម្ពុជា បានយ៉ាងដូចម្ដេច? ជាមួយធនាគារពាណិជ្ជ ជាង៣៥ ដែលធ្វើប្រតិបត្តិការ នៅប្រទេសកម្ពុជា លោកអ្នកអាចមានការពិបាក ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើសធនាគារណាមួយ និងធ្វើឱ្យប្រាកដថា អ្នកផ្ដល់ប្រាក់កម្ចីដល់អ្នក ផ្ដល់សេវាកម្មរបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងក្រមសីលធម៌។
- ភាគច្រើន នៃប្រភេទប្រាក់កម្ចីទិញផ្ទះ នៅកម្ពុជា ត្រូវបានផ្ដល់ឱ្យ ជាមួយអត្រាការប្រាក់ ដែលអាចប្រែប្រួល ឬបានន័យថា ប្រសិនបើធនាគារ ចង់ ឬត្រូវការផ្លាស់ប្ដូរ អត្រាការប្រាក់ កំលុងពេលដែលអ្នកបង់សងប្រាក់កម្ចីនោះ ពួកគេអាចធ្វើទៅបាន។ ហេតុបែបនេះហើយ លោកអ្នកគួរតែជ្រើសរើសធនាគារមួយ ដែលមានកិត្តិនាម និងជំហរហិរញ្ញវត្ថុរឹងមាំ។
- ប្រសិនបើលោកអ្នកសួរសំណួរ ទៅភ្នាក់ងារធនាគារណាមួយ ហើយពួកគេមិនអាចឆ្លើយសំណួររបស់អ្នក បានដោយសមស្រប សូមព្យាយាមស្វះស្វែងរកសេវាកម្ចី ពីធនាគារផ្សេងទៀត។ លោកអ្នកគួរតែស្វែងរកធនាគារណាមួយ ដែលមានក្រុមការងារមានឯកទេស និងបទពិសោធន៍ ក្នុងការផ្ដល់ប្រាក់កម្ចីអចលនទ្រព្យ ជាជាងធនាគារ ដែលមាន ”ភ្នាក់ងារឥណទាន ដែលចេះគ្រប់ឯកទេស ប៉ុន្តែមិនច្បាស់លាស់គ្រប់យ៉ាង”។
- ធនាគារពាណិជ្ជភាគច្រើន ទាមទារអតិថិជន ឱ្យបង់ថ្លៃគោលជាមុន ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ជាទូទៅ លោកអ្នកត្រូវបានរំពឹងឱ្យបង់ ថ្លៃស្នើសុំប្រាក់កម្ចី ថ្លៃច្បាប់សម្រាប់ការរៀបចំ និងចុះឈ្មោះឯកសារកម្ចី នៅឯមន្ទីរសុរិយោដី ថ្លៃវាយតម្លៃអចលនទ្រព្យ និងថ្លៃធានារ៉ាប់រង លើហានិភ័យអគ្គិភ័យ នៃអចលនទ្រព្យរបស់លោកអ្នក។
- រឿងសំខាន់ដែលត្រូវធ្វើ សម្រាប់លោកអ្នក គឺការមើលលំអិត អំពីថ្លៃផ្សេងៗ ឬចំណុចណាមួយ ដែលមិនត្រូវបានបង្ហាញត្រង់ៗ នៅក្នុងល័ក្ខខ័ណ្ឌនៃការបង់ថ្លៃគោលជាមុន និងការសងត្រលប់ប្រាក់កម្ចី មុនកាលកំណត់ ដោយផ្នែក ឬទាំងស្រុង។
- ធនាគារភាគច្រើន មានគោលនយោបាយ ទាមទារឱ្យបង់ ៣% សម្រាប់ការសងប្រាក់មុនកាលកំណត់ ប្រសិនបើអ្នកបង់សង ច្រើនជាងចំនួនដែលតម្រូវ ឬចង់បង់សងផ្ដាច់ ក្នុងរវាង៣ឆ្នាំ បើទោះជាធនាគារខ្លះ មានថ្លៃបង់សងមុនកាលកំណត់ខ្ពស់ជាង ឬរវាងរយៈពេលបង់ផ្ដាច់យូរជាងក៏ដោយ។
- សួរសំណួរ ដើម្បីលំអិតពី ល័ក្ខខ័ណ្ឌ នៃប្រាក់កម្ចី៖ សួរអំពី តម្លៃការស្នើសុំប្រាក់កម្ចី និងថាតើថ្លៃស្នើសុំ ចាំបាច់ត្រូវបង់ទាំងស្រុងជាមុន ឬបង់ជាប្រចាំឆ្នាំ, រយៈពេលដើម្បីទទួលបានការយល់ព្រម លើសំណើកម្ចី និងមធ្យោបាយ នៃការបង់សង តាមរយៈលុយសុទ្ធ ឬការកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ ពីគណនេយ្យរបស់អ្នកខ្ចី?
- គោលនយោបាយកម្ចីទិញផ្ទះ ដែលលោកអ្នកគួរតែគិតគូរដែរនោះ គឺកម្ចីអចលនទ្រព្យបន្ថែម។ វាសំខាន់សម្រាប់អ្នក ក្នុងការសិក្សាពីគោលនយោបាយប្រភេទនេះ ប្រសិនបើអ្នកចង់បន្ថែម ចំនួនអចលនទ្រព្យដែលអ្នកមានក្នុងដៃ តាមរយៈការទិញអចលនទ្រព្យបន្ថែម ឬការលក់គេហដ្ឋានមួយ ដើម្បីទៅទិញគេហដ្ឋានមួយផ្សេងទៀត។ កម្ចីអចលនទ្រព្យបន្ថែមនេះ អាចតម្រូវឱ្យលោកអ្នកបង់ថ្លៃស្នើសុំផងដែរ ដែលមានតម្លៃទាបជាងច្រើន ជាងការស្នើសុំកម្ចីទិញអចលនទ្រព្យថ្មី តែម្ដង។
- ធនាគារមួយចំនួន អាចរឹងត្អឹង ឬមិនមានភាពបត់បែន ប្រសិនបើអ្នកចង់លក់ផ្ទះរបស់អ្នក និងត្រូវបង់សង់ឱ្យអស់ ដើម្បីទទួលបានប្លង់ សម្រាប់ការផ្ទេរកម្មសិទ្ធអចលនទ្រព្យ។ សូមមានការប្រុងប្រយ័ត្នចំពោះចំណុចមួយនេះ ព្រោះវាអាចជាឧបសគ្គ សម្រាប់លោកអ្នក ក្នុងការលក់អចលនទ្រព្យរបស់ខ្លួន។
- ធនាគារមួយចំនួន តម្រូវឱ្យអ្នកជូនដំណឹងយ៉ាងតិច៣ខែមុន ប្រសិនបើអ្នកមានបំណងចង់បង់សងផ្ដាច់ មុនកាលកំណត់ ហើយការតម្រូវដូច្នេះ ច្រើនជាវិធីដែលធនាគារអនុវត្ត ដើម្បីបញ្ចៀសកាលៈទេសៈ ដែលអតិថិជនស្វះស្វែងរកកម្ចី ពីធនាគារមួយផ្សេងទៀត។ ប្រសិនមានករណីដូច្នេះ អ្នកត្រូវតែដឹងជាមុន មុនពេលដែលអ្នកយល់ព្រមទទួលប្រាក់កម្ចី។
ទទួលបច្ចុប្បន្នភាព អំពីវិស័យអចលនទ្រព្យនៅកម្ពុជា និងទទួលបានព័ត៌មានអចលនទ្រព្យ ទាន់ហេតុការណ៍ តាមរយៈការទាញយក កម្មវិធីRealesate.com.kh នៅលើទូរស័ព្ទដៃរបស់លោកអ្នក ឥលូវនេះ!
Comments