+85561 777 090
Logo
ធ្មេច​បើក​ៗ​ចូល​ឆ្នាំ​ថ្មីទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ
Updated on: June 5, 2022, 3:37 a.m.
Published on: April 12, 2022, 8:49 a.m.

ធ្មេច​បើក​ៗ​ចូល​ឆ្នាំ​ថ្មីទៀតហើយ ! ប្រាក់ខែ​ត្រឹម$400ទៅ​$500​ចង់​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រើ​តិច​និក​នេះ


ក្តី​ប្រាថ្នា​ដែល​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ឬ​ប្រកប​អាជីវកម្ម​នានា តែងតែមាន​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចម្បង​គឺ​ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ ខណៈ​ដែល​កំពុងធ្វើការ​ឱ្យ​គេ​ដោយ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​$400​ទៅ​$500​ក្នុង​១​ខែ ហើយ​មាន​គម្រោង​ចង់​ទិញ​ផ្ទះ​ជាដើម ។

ប្រសិនបើ​លោក​អ្នកមាន​គោលដៅ​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន វា​ល្មម​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ​រៀន​សន្សំ​ប្រៀប​ដូច​ពាក្យចាស់​ពោល​ថា «​លំបាក​មុន ស្រណុក​ក្រោយ​» ដោយ​អ្នក​ចំណាយពេល​លំបាក​ចន្លោះ​៥​ទៅ​១០​ឆ្នាំ លោក​អ្នក​នឹង​អាច​ចាក​ចេញពី​ជីវិត​រស់នៅ​ផ្ទះ​ជួល​មក​រស់នៅ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួនឯង​យ៉ាង​មាន​ក្តី​សុខ​បាន ។ ថ្ងៃនេះ Realestate.com.kh នឹង​ចែករំលែក​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​តម្រង់​ទិស​ឱ្យ​លោក​អ្នក​អាច​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​បាន ៖

ទី​១- ត្រូវ​កាត់​បន្ថយ​ការ​ដើរ​លេង

ប្រសិនបើ​លោក​អ្នក​ចូ​​ល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ដ​មិន​ថា ក្នុង​ឬ​ក្រៅប្រទេស​៣-៤​ដង​ក្នុង​មួយ​ឆ្នាំ លោក​អ្នក​គួរតែ​កាត់​បន្ថយ​ទៅ​១ ឬ​២​ដង​ក្នុង​មួយ​ឆ្នាំ​វិញ​បាន​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​លោក​អ្នក ។ ម្យ៉ាងវិញទៀត អ្នក​មិន​ត្រឹមតែ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តែ​មួយ​មុខ​នោះ​ទេ ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ អាហារ វត្ថុ​អនុស្សាវរីយ និង​សកម្មភាព​ផ្សេង​ៗ ។ ប្រសិនបើ​អ្នក​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​នេះ​បាន នោះ​អ្នក​នឹង​អាច​សន្សំ​ប្រាក់​សម្រាប់​ការ​ទិញ​លំនៅ​ឋាន​បាន ។

ទី​២- ឈប់​ទម្លាប់ទម្លាក់​លេខ ទម្លាក់​ទីតាំង

បច្ចុប្បន្ន​ការ​លក់​អន​ឡាញ​កំពុង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​មិន​ថា តែ​ឡេ​លាប​ខ្លួន​, សំលៀក​បំពាក់​ថ្មី​ៗ, ដេញ​ស៊េរី​ទូរស័ព្ទ ។​ល​។ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្រូ​ម៉ូ​សិន​ថែម​នេះ​ថែម​នោះ​ជា​ច្រើន​បណ្តាល​ឱ្យ​គ្រប់​គ្នា ទម្លាក់​លេខ ទម្លាក់​ទីតាំង​ឥត​ឈប់​ធ្វើ​ឱ្យ​លោក​អ្នក​ចាយ​លុយ​អស់​ដោយ​មិនដឹង​ខ្លួន ។

ទី​៣-​បន្ថយ​ការ​ចំណាយ​លើ​របស់​ថ្លៃ​ៗ

ប្រសិនបើ​អ្នក​ចំណាយ​លើ​ការ​បរិភោគ​អាហារ​១០​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​ការ​ទទួលទាន​មួយ​ពេល នោះ​អ្នក​នឹង​ចំណាយ​ប្រមាណ​២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ ត្រង់​ចំណុច​នេះ មិនមែន​មាន​ន័យ​ថា​ហាម​លោក​អ្នក​មិន​ឱ្យ​បរិភោគ​អាហារ​ឆ្ងាញ់​ៗ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​យើង​គួរ​ញាំ​ដោយ​មាន​កម្រិត កុំ​ញឹកញាប់​ពេក ឬ​យូរ​ៗ​ម្តង​បាន​ហើយ ។

លោក​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​មិនសូវ​ថ្លៃ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​រសជាតិ​ឆ្ងាញ់ ពីព្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​សម្បូរ​ដោយ​ហាង​អាហារ​ឆ្ងាញ់​ៗ និង​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ៣ ទៅ​៥​ដុល្លារ​ផង​ដែរ ។ ការ​បរិភោគ​នៅផ្ទះ​ក៏​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​មិន ចេះ​ធ្វើ​ម្ហូប អ្នក​គួរតែ​តែ​រៀន​ធ្វើ​ម្ហូប ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​ប្រាក់​បាន​មួយ​ចំណែក​ដើម្បី​ទុក​បំពេញ​ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​លោក ។

មិនតែប៉ុណ្ណោះ ការ​ចំណាយ​ទៅ​លើ​កាហ្វេ​ថ្លៃ​ៗ​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សន្សំ​ប្រាក់ ប្រសិនបើ​អ្នក​ចំណាយ​ទៅ​លើ​វា​ជា​រៀងរាល់ថ្ងៃ ។ កាហ្វេ​ប្រែ​ន​មាន​តម្លៃ​ជា​មធ្យម​ប្រមាណ​ពី​២.៥ ទៅ​ដល់ ៤.៥​ដុល្លារ មាន​ន័យ​ថា​ជា​មធ្យម​អ្នក​អាច​ចំណាយ​រហូត​ទៅ​ដល់ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ប្រសិនបើ​អ្នក​អាច កាត់​បន្ថយ​ការ​ចំណាយ​នេះ​បាន អ្នក​អាច​សន្សំ​ប្រាក់ ១២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

ទី​៤- ដាក់ចិត្ត​ដាក់​កាយ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ

ប្រាក់​សន្សំ​មិន​ចាំបាច់​ទាល់តែ​មាន​ច្រើន​នោះ​ទេ តែ​អ្នក​គួរ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ឬ​ការ​ចំណាយ​ផ្សេង​ៗ និង​ត្រូវ​ប្រាកដ​ថា អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រាក់​កក់​ផ្ទះ​ជា​លើក​ដំបូង ។ នេះ​មិន​មាន​ន័យ​ថា អ្នក​គួរ​បញ្ឈប់​ការ​ចំណាយ​លើ​របស់​ទាំងនោះ​ទាំងស្រុង​ទេ ប៉ុន្ដែ​អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ដើម្បី​សុវត្ថិភាព​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​របស់​អ្នក ។

ទី​៥- រៀប​ផែនការ​គ្រប់គ្រង​ការ​ចំណាយ​ឱ្យ​បាន

ការ​ធ្វើ​បញ្ជីចំណាយ​ប្រចាំ​ថ្ងៃ ខែ ឆ្នាំ​របស់​អ្នក​មិនមែន​ជា​រឿង​អាក្រក់​ឡើយ ។ វា​ជា​រឿង​មួយ​ដែល​ល្អ​ព្រោះ​វា នឹង​ធ្វើ​ឱ្យ​អ្នកដឹង​ច្បាស់​ពី​ការ​ចំណាយ​របស់​អ្នក ។ មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ឆ្ងល់​ថា បើក​ប្រាក់ខែ​មក $400-$500 តែ​ដូច​ជា​មិនឃើញ​ធ្វើ ឬ​ចាយ​អ្វី​សោះ ប៉ុន្តែ​ម៉េច​បានជា​ប្រាក់ខែ​វា​មិន​សល់​សោះ តើ​វា​បាត់​ទៅ​ណា​អស់?

នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរ​សួរ​ខ្លួនឯង តាម​ពិត​ប្រាក់ខែ​បើក​មក​ហើយ វា​មិន​បាន​បាត់ ឬរ​ត់ទៅ​ណា​ឡើយ ដោយសារ​តែ​លោក​អ្នក​ចាយ​ខ្ជះខ្ជាយ​មិន​បាន​សង្កេត​តែ​ប៉ុណ្ណោះ ។ ដើម្បី​តាមដាន និង​ធ្វើការ​គ្រប់គ្រង​ការ​ចំណាយ ឱ្យ​បាន​ច្បាស់​លោក​អ្នក​គួរតែ​រៀបចំ​ជា​បញ្ជីចំណាយ​មួយ​រួច​កត់​ត្រាទុក ៖ តើ​ខ្ញុំ​ចំណាយ​ទៅ​លើ​អ្វីខ្លះ? តើ​ខ្ញុំ​ត្រូវ​ចំណាយ​ប៉ុន្មាន? តើ​ខ្ញុំ​ចំណាយ​លើ​សកម្មភាព​នេះ​ញឹកញាប់​កម្រិត​ណា? ។​ល​។

ឆ្លើយ​នឹង​សំណួរ​ទាំងនេះ អ្នក​នឹង​ដឹង​កាន់តែ​ច្បាស់​នូវ​ទម្លាប់​ចំណាយ​ប្រចាំខែ​របស់​អ្នក ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃជា​លើក​ដំបូង វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​សម្រាប់​លោក​អ្នក ប៉ុន្តែ​លោក​អ្នក​អាច​ធ្វើ​វា​ម្តង​បន្តិច​ៗ​ដូច​ពាក្យ​សុភាសិត​ខ្មែរ​ពោល​ថា «​តក់​ៗ​ពេញ​បំពង​» ហើយ​ការ​ព្យាយាម​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​អ្នក​រីករាយ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ផ្ទះ​ជា​របស់​ខ្លួន ។

ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​សង្ឃឹមថា​វា​អាច​ជា​ការ​តម្រង់​ទិស​ដល់​លោក​អ្នក​ដែល​កំពុង​មាន​ក្តី​ប្រាថ្នា​ចង់បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង ។ មនុស្ស​រស់នៅ​ត្រូវ​មាន​គោលដៅ និង​ក្តី​ស្រមៃ ហើយ​ដើម្បី​អាច​សម្រេច​វា​បាន​ត្រូវ​កំណត់ និង​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ រួច​ចាប់ផ្តើម​អនុវត្តន៍​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​នោះ​យើង​នឹង​អាច​សម្រេច​វា​បានជា​មិន​ខាន ៕

អត្ថបទដោយ

Comments