មូលដ្ឋានគិតពន្ធលើចំណេញមូលធន គឺជាចំណេញមូលធនដែលសំដៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ដោយពន្ធលើចំណេញមូលធនត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលត្រូវបានកំណត់តាមអត្រាថេរ២០% ។ មូលធនរួមមាន ៖ អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស ។
ការគណនាពន្ធលើចំណេញមូលធន ៖
- ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០%
- ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ
ឧទាហរណ៍ទី១ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៨០០លានរៀន ដោយមិនបានរក្សាឯកសារចំណាយនានា ។ ដូចនេះលោក «ក» ជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់ដើម្បីគណនាពន្ធលើចំណេញមូលធន ។
- គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ x ៨០% => 800លាន x 80% = 640លានរៀល
- គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 800លាន - 640លាន = 160លានរៀល
- គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 160លាន x 20% = 32លានរៀល
ដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៨០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន៣២លានរៀន ។
ឧទាហរណ៍ទី២ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៥០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ២០លានរៀន បានចំណាយការប្រាក់បង់រំលស់ផ្ទះ៨០លានរៀល និងចំណាយជួសជុលអស់៣០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។
- គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម+ប្រាក់ពន្ធដែលបានបង់+ចំណាយការប្រាក់+ចំណាយកែលម្អ => 500លាន + 20លាន + 80លាន + 30លាន = 630លានរៀល
- គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 600លាន - 630លាន = -30លានរៀល (ខាត)
- គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => ពុំមានកាតព្វកិច្ចបង់ពន្ធលើចំណេញមូលធនទេ
យោងតាមការគណនាចំណេញមូលធនរបស់លោក «ក» មានការខាត ដូច្នេះលោក «ក» មិនចាំបាច់បង់ពន្ធលើចំណេញមូលធនពីការលក់ផ្ទះរបស់ខ្លួនចំនួន៦០០លានរៀលនោះទេ ។
ឧទាហរណ៍ទី៣ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៤០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ១៦លានរៀន ចំណាយកម្រៃជើងសាសម្រាប់លក់ផ្ទះអស់២៤លានរៀល និងចំណាយជួសជុលអស់២០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។
- គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម + ប្រាក់ពន្ធដែលបានបង់ + ចំណាយកម្រៃជើងសា + ចំណាយកែលម្អ => 400លាន + 16លាន + 24លាន + 20លាន = 460លានរៀល
- គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 600លាន - 460លាន = 140លានរៀល
- គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 140លាន x 20% = 28លានរៀល
ដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៦០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន២៨លានរៀន ។
ទាក់ទងនឹងការគិតពន្ធលើចំណេញមូលធននេះឯឧត្ដម គង់ វិបុល បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះអគ្គនាយដ្ឋានពន្ធដារបានសិក្សាពីប្រទេសផ្សេងៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយនូវការដាក់ឱ្យអនុវត្តន៍នូវពន្ធលើចំណេញមូលធននៅឆ្នាំ២០២៤ខាងមុខនេះ ។
ចំពោះការគិតពន្ធនេះ ឯឧត្ដមបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខ្មែរលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន គឺមិនតម្រូវឱ្យបង់ពន្ធលើចំណេញមូលធនឡើយ ពោលគឺពន្ធលើចំណេញមូលធន រដ្ឋគិតពន្ធតែនៅពេលអ្នកលក់អចលនទ្រព្យបានចំណេញតែប៉ុណ្ណោះ ។
គួរម្លឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារតាមរយៈឯកឧត្ដម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា បានបង្ហើបពីការបង់ពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ ៕
អត្ថបទដោយ
Comments