+85561 777 090
Logo
ទិញ​អចលនទ្រព្យ​ប៉ះ​ប្លង់​រឹង​ក្លែងក្លាយ​ត្រូវធ្វើ​ម៉េច? នេះ​ជាវិធីការពារ !
Updated on: June 7, 2022, 3:04 a.m.
Published on: May 26, 2022, 7:56 a.m.

ទិញ​អចលនទ្រព្យ​ប៉ះ​ប្លង់​រឹង​ក្លែងក្លាយ​ត្រូវធ្វើ​ម៉េច? នេះ​ជាវិធីការពារ !


ជា​ទូទៅ​យើង​បានដឹង​ថា ​ប្លង់​រឹង​ជា​ប្រភេទ​ប្លង់​កម្មសិទ្ធិ​ដែល​រឹង​មាំ​បំផុត និង​មាន​សុវត្ថិភាព​បំផុត​ក្នុង​ចំណោម​ប្លង់​កម្មសិទ្ធិ​ដ៏​ទៃ​ទៀត​ ។ ការ​ទិញ​លក់​ជា​ធម្មតា​រមែង​ត្រូវ​ពិនិត្យ​មើល​ជាបឋម​អំពីប្រភេទ​នៃ​ប័ណ្ណ​កាន់កាប់​ដី​របស់​ម្ចាស់​ដី​ក្នុង​គោល​បំណងឱ្យដឹង​ថា ​តើ​ម្ចាស់​ជា​កម្មសិទ្ធិករ​មាន​ប្លង់​រឹង​ ឬ​គ្រាន់តែ​ជា​អ្នកកាន់កាប់​ស្របច្បាប់​​មាន​ត្រឹម​ប្លង់​ទន់​?

ជាក់ស្តែងប្រទេស​កម្ពុជា​មាន​កំណើន​វិស័យ​អចលនទ្រព្យ​យ៉ាង​ខ្លាំងក្លា​ដែល​បាន និង​កំពុង​ស្រូប​ទាញ​វិនិយោគិន​ពី​បរទេស និង​រុញ​ប្រជាជន​ក្នុងស្រុក​យ៉ាងច្រើន​ឱ្យ​ងាក​មក​វិនិយោគ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​វិស័យ​នេះ ទាំង​វិស័យ​ដីធ្លី និង​វិស័យ​លំនៅ​ឋាន ។

ស្រប​ជាមួយ​គ្នា​នេះ​មាន​អ្នក​ភិ​វឌ្ឍន៍ និង​ជនខិលខូច​មួយ​ចំនួន​បាន​កេង​បន្លំ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ផ្តល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ក្នុង​រយៈពេល​ខ្លី ។ ពិត​ណាស់​ប្រសិនបើ​អ្នក​មិន​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទេ​នោះ​អ្នក​នឹង​អាច​ខាតបង់​ទាំង​ពេលវេលា និង​ហិរញ្ញវត្ថុ​ដោយ​ឥតប្រយោជន៍​។ ដើម្បី​បញ្ជៀ​ស​ពី​ហានិភ័យ​ទាំងនេះ​វា​ប្រហែលជា​ត្រូវ​ទាមទា​ឱ្យ​អ្នកទិញ​ខ្លួនឯង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។

ប្រសិនបើ​ទិញ​អចលនទ្រព្យ​ប៉ះ​ចំ​ប្លង់​រឹង​ក្លែងក្លាយ តើ​អ្នកទិញ​គួរ​ធ្វើ​បែប​ណា?

ករណី​ប្លង់​រឹង​ក្លែងក្លាយ​នេះ កាលពីដើម​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ករណី​ឆបោក​លក់​ដី​ដោយ​ប្រើប្រាស់​ប្លង់​រឹង​ក្លែងក្លាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ឆបោក​នេះ​បាន​ធ្វើ​ឡើងជា​ស៊េរី ហើយ​ម្ចាស់​ដី​នីមួយ​ៗ​បាន​លក់​ដី​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​ទៅ​ឱ្យ​ម្ចាស់​តែ​មួយ ។

ករណី​ខាងលើ​នេះ​អ្នកទិញ​បាន​ពិនិត្យ​ប្លង់​ដី និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិករ​, អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ ឃើញ​ថា​មាន​ភាព​ត្រឹមត្រូវ​ទាំងអស់ ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់​ពី​ដាក់​ឯកសារ​ផ្ទេរកម្មសិទ្ធិ​ដី ភូមិបាល​ខណ្ឌ​រក​ឃើញ​ថា​ជា​ប្លង់​ដី​ក្លែងក្លាយ ។

វិធីការពារ ៖ អ្នកទិញ​អចលនទ្រព្យ​គួរ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្លង់​ជាមួយ​ការិយាល័យ​សុរិយោដី ឬ​ភូមិបាល​ស្រុក​/​ខណ្ឌ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុន​សម្រេចចិត្ត​កក់​លុយ ៕

Comments