+85561 777 090
Logo
ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
Updated on: January 4, 2023, 7:39 a.m.
Published on: January 4, 2023, 7:39 a.m.

ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?


ការទិញលក់ដីធ្លីតែងតែមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់ដើមទៅកាន់ម្ចាស់ដីថ្មី និងការបំពេញបែបបទឯកសារផ្សេង​ទៀតដើម្បីធ្វើឱ្យការទិញលក់នោះប្រកបដោយភាពស្របច្បាប់ ។ ប៉ុន្តែប្រសិនបើម្ចាស់ដីដើមត្រូវបានខាង​ធនាគាររឹប​អូស ដោយសារម្ចាស់បំណុលគេចវេសពីការបង់ការប្រាក់ហើយបានរត់គេច​មិនដឹងទៅ​ដល់ទីណា​ទេ ។ តើម្ចាស់ថ្មីអាចស្នើរផ្ទេរកម្មសិទ្ធិបានដែរឬទេ?

លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និង​អចលនទ្រព្យ នៃអគ្គនាយកដា្ឋនពន្ធដារបាន​ឱ្យដឹងក្នុងកម្មវិធីផ្សាយផ្ទាល់ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់​​កាប់អចលនទ្រព្យ​ថា ៖ «ខ្ញុំធ្លាប់បានជួបករណីរបៀបនេះច្រើនដែរ ឃើញ​ជំពាក់​បំណុលដាក់នៅធនាគារអីហ្នឹង ហើយមិន​មែន​នៅ​សុខៗ​បានមកលើម្ចាស់បំណុលទេ គឺមានការ​កាត់​ក្ដីដោយសាលក្រមតុលាការច្បាស់លាស់ណាស់ ចឹងហើយ​សម្រាប់​ការបង់ពន្ធប្រថាប់ត្រាគឺរត់ទៅតាមអ្វីដែលជា​ការ​កាត់សេចក្ដីពីតុលាការថា តើកាត់​ពីអ្នក​ជំពាក់​បំណុល​មក​យើង​ហើយយកទៅធ្វើនិតិវិធីនៅខាងសុរិយោដី រដ្ឋ​បាល​ថ្នាក់ក្រោមជាតិអីក្ដី កសាងសំណុំឯកសារ ភ្ជាប់ជាមួយ​ដីកា​តុលា​ការមកខាងអគ្គនាយកដ្ឋានពន្ធដារ យើង​អាច​​បង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធបានហើយ» ។

លោក ង៉ែត ឆៃលាង បានបន្ដថា ៖«ចឹងមិនមែននៅសុខៗបានមកហើយ យើងយកទៅបង់ពន្ធតែម្តងបានទេ យើង​អត់​មានមូលដ្ឋានអីទេ ទាល់​តែ​ធ្វើបែបបទដូចការទិញលក់ចឹងដែរ រួមជាមួយដីការតុលាការអីអមគ្នា» ។

ជារួមប្រសិនបើចង់ធ្វើការផ្ទេរកម្មសិទ្ធិលើការទិញលក់ដីធ្លីនោះបាន លុះត្រាតែខាងធនាគារ និងម្ចាស់បំណុលដែល​ជា​ម្ចាស់​ដីដើមមានការដោះស្រាយគ្នាចប់រួចរាល់សិន ទើបម្ចាស់ដីថ្មីអាចមានសិទ្ធិធ្វើពន្ធប្រថាប់ត្រាដើម្បីផ្ទេរកម្មសិទ្ធដីធ្លីនោះបាន ៕

Comments