+85561 777 090
Logo
ច្បាប់៖ របៀបរៀបចំកិច្ចសន្យាលក់-ទិញអចលនវត្ថុឲ្យបានត្រឹមត្រូវ
Updated on: June 7, 2022, 7:16 a.m.
Published on: November 5, 2019, 7:33 a.m.

ច្បាប់៖ របៀបរៀបចំកិច្ចសន្យាលក់-ទិញអចលនវត្ថុឲ្យបានត្រឹមត្រូវ


អត្ថបទណែនាំផ្ទះល្វែងសម្រាប់លក់ និងជួល

កិច្ចសន្យាជាការព្រមព្រៀងរវាងគូភាគីដើម្បីផ្តល់ឲ្យ និងទទួលយកនូវកម្មវត្ថុអ្វីមួយដោយភ្ជាប់ជាមួយនូវកាតព្វកិច្ច ការទទួលខុសត្រូវ និងការធានាផ្សេងៗរបស់គូភាគីនៅក្នុងកិច្ចសន្យា។

ទោះជាយ៉ាងណា គេតែងជួបផលលំបាកជាច្រើនក្នុងការរៀបចំកិច្ចសន្យាឲ្យបានត្រឹមត្រូវ តាមលំដាប់លំដោយមានរបៀបវារៈងាយយល់ និងមានវិជ្ជាជីវៈត្រឹមត្រូវ។ វាប្រហែលជាពិបាកបន្តិចសំរាប់អ្នកមិនធ្លាប់សរសេរ ឬមិនបានរៀនអំពីរបៀបរៀបចំកិច្ច សន្យាលក់-ទិញអចលនវត្ថុនេះ។ កិច្ចសន្យាលក់ទិញអចលនវត្ថុមានច្រើនបែប ច្រើនទម្រង់ មានវែង មានខ្លី មានលក្ខខណ្ឌចងកាតព្វកិច្ចច្រើន ឬតិច អាស្រ័យទៅតាមការព្រមព្រៀងរបស់គូភាគី ឬអាស្រ័យទៅលើអ្នកតាក់តែងកិច្ចសន្យានោះផងដែរ។​ កិច្ចសន្យាលក់-ទិញអចលនវត្ថុខ្លះ គេនិយមសរសេរខ្លីៗ ហើយអ្នកខ្លះទៀតក៏និយមសរសេរវែងអន្លាយទៅតាមខ្លឹមសារដែលបានចចារ និងព្រមព្រៀងគ្នារវាងគូភាគី និងមេធាវី ។ 

ខាងក្រោមនេះជាគម្រូ ឬទំរង់នៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ (ដី និងផ្ទះ) មួយប្រភេទ ដែលអ្នកច្បាប់ ឬមេធាវីចូលចិត្ត ឬនិយមប្រើ។

១) បាវនាជាតិ

“ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ” ចំណុចនេះ តាមការនិយមចូលចិត្តរបស់អ្នកតាក់តែងកិច្ចសន្យា គេអាចដាក់ក៏បាន មិនដាក់ក៏បាន ប៉ុន្តែភាគច្រើនគឺគេដាក់ ដើម្បីលើកតម្កើងពី បាវនាជាតិ របស់ប្រទេសកម្ពុជា ។

២) ចំណងជើងនៃកិច្ចសន្យា​ 

អ្នកត្រូវតែដាក់ ហើយដាក់ឲ្យសមទៅនឹងកម្មវត្ថុនៃកិច្ចសន្យា ដែលមានចែងក្នុងប្រការ១។ សម្រាប់កិច្ចសន្យាលក់ទិញអចលនវត្ថុនេះ គេអាចដាក់ឲ្យចំទៅតាមកម្មវត្ថុតែម្តងក៏បាន ឧទាហរណ៍ថា បើកិច្ចសន្យាលក់-ទិញនោះ សំដៅទៅលើការលក់ និងទិញ ផ្ទះល្វែង គេអាចដាក់ចំណងជើងឲ្យចំថា “កិច្ចសន្យាលក់-ទិញផ្ទះល្វែង ឬកិច្ចសន្យាលក់-ទិញអចលនវត្ថុ ឬកិច្ចសន្យាលក់-ទិញដី និងផ្ទះក៏បាន”។

៣) ទីកន្លែង និងកាលបរិច្ឆេទនៃកិច្ចសន្យា 

សម្រាប់អ្នកច្បាប់ ឬមេធាវី គេចូលចិត្តសរសេរកិច្ចសន្យាដែលមានកំណត់ និងបញ្ជាក់ពីទីកន្លែងចុះកិច្ចសន្យា និងកាលបរិច្ឆេទនៃកិច្ចសន្យា នៅផ្នែកខាងលើបន្ទាប់ពីចំណងជើងនៃកិច្ចសន្យា។ ឧទាហរណ៍៖ កិច្ចសន្យានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១    ខែ០១ ឆ្នាំ២០១៩  នៅរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា លោកអ្នកក៏អាចសរសេរទីកន្លែង និងកាលបរិច្ឆេទនៅផ្នែកខាងក្រោមបន្ទាប់ពីផ្នែកនៃសក្ខីកម្មនៃកិច្ចសន្យា ។

៤) ព័ត៌មានរបស់គូភាគី នៃកិច្ចសន្យា

ភ្នាក់ងារចរចាកុងត្រា

ចំនុចនេះក៏សំខាន់ណាស់ដែរ ដែលអ្នកត្រូវតែដាក់ព័ត៌មានរបស់គូភាគីនៃកិច្ចសន្យាជាព័ត៌មានបឋម ដែលក្នុងកិច្ចសន្យានីមួយៗមិនអាចខ្វះបាន។ នៅចំនុចព័ត៌មានរបស់គូភាគីនេះ អ្នកត្រូវចងចាំថា គូភាគី អាចជារវាងវន្តបុគ្គល និងរូបវន្តបុគ្គល ឬរូបវន្តបុគ្គល និងនីតិបុគ្គល ឬនីតិបុគ្គល និងនីតិបុគ្គល ។

ក្នុងករណីកិច្ចសន្យាត្រូវបានរៀបចំឡើងរវាងរូបវន្តបុគ្គល និងរូបវន្តបុគ្គល នោះកិច្ចសន្យា ត្រូវសរសេរ ព័ត៌មានរបស់គូភាគី ដោយចាប់ផ្តើមពី ឈ្មោះ ភេទ អាយុ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខ និងកាលបរិច្ឆេទរបស់វា អាសយដ្ឋាន ឬ ទីលំនៅអចិន្ត្រៃយ៍របស់គូភាគី។  ក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើង ដោយមានភាគីណាមួយ ជានីតិបុគ្គល អ្នកត្រូវចាប់ផ្តើមដោយឈ្មោះរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីស្របច្បាប់ លេខចុះបញ្ជី កាលបរិច្ឆេទចុះបញ្ជី ការិយាល័យចុះបញ្ជីក្រុមហ៊ុន ឈ្មោះ និងតួនាទីរបស់អ្នកតំណាងរបស់ក្រុមហ៊ុន។

៥) កម្មវត្ថុនៃកិច្ចសន្យា ឬគោលបំណងនៃកិច្ចសន្យា

ត្រង់ចំណុចកម្មវត្ថុនេះ គេអាចប្រើពាក្យថា “ការលក់ទិញអចលនវត្ថុ” ក៏បាន គេអាចប្រើពាក្យ “គោលបំណងនៃកិច្ចសន្យា” ក៏បាន ឬប្រើពាក្យ “កម្មវត្ថុនៃកិច្ចសន្យា” ក៏បាន តាមការនិយម ។

នៅក្នុងចំណុចឬប្រការនេះ គេត្រូវសរសេរអំពីគោលបំណងរបស់អ្នកលក់ និងអ្នកទិញឲ្យបានច្បាស់ ថាតើគាត់ចង់លក់ និងទិញអ្វី? បើកម្មវត្ថុនោះជា “ផ្ទះល្វែង” គេត្រូវសរសេរឲ្យច្បាស់ថា “ដី និងផ្ទះល្វែង មួយកន្លែង/ល្វែង លេខ…ផ្លូវ…ភូមិ…………ឃុំ/សង្កាត់ …………… ស្រុក/ខណ្ឌ………………………ខេត្ត/ក្រុង………………… ។

៦) តម្លៃលក់-ទិញ និងលក្ខខណ្ឌនៃការទូទាត់

តម្លៃលក់-ទិញអចលនវត្ថុ និងលក្ខខណ្ឌទូទាត់ប្រាក់ថ្លៃលក់-ទិញអចលនវត្ថុ គឺជាលក្ខខណ្ឌដែលជាទូទៅ ត្រូវបានចែងយ៉ាងច្បាស់អាស្រ័យទៅតាមការចរចា និងការព្រមព្រៀងរវាងគូភាគីនៃកិច្ចសន្យា។ តម្លៃលក់-ទិញអចលនវត្ថុ និងលក្ខខណ្ឌទូទាត់ប្រាក់ ជាទូទៅត្រូវបានសរសេរឡើងក្នុងប្រការ ២ នៃកិច្ចសន្យា បន្ទាប់ពី កម្មវត្ថុនៃកិច្ចសន្យា ហើយការទូទាត់ប្រាក់ថ្លៃ លក់-ទិញអចលនវត្ថុ ជាទូទៅមាន ៣ ទៅ ៤ ដំណាក់កាល អាស្រ័យទៅតាមព្រមព្រៀង និងការចចាររវាងគូភាគី ។

៧) ការចុះបញ្ជី ការផ្ទេរសិទ្ធិ ការចំណាយ និងការបង់ពន្ធផ្សេងៗ

ក្នុងប្រការនេះត្រូវចែងអំពីអ្នកទទួលខុសត្រូវក្នុងការរត់ការផ្ទេរសិទ្ធិអចលនវត្ថុ ពីអ្នកលក់ទៅអ្នកទិញ ហើយត្រូវចែងឲ្យច្បាស់ ពីការផ្ទេរសិទ្ធិនោះ តើពីប្លង់ទន់ ទៅប្លង់ទន់? ឬពីប្លង់ទន់ ទៅប្លង់រឹង? ឬពីប្លង់រឹង ទៅប្លង់រឹង? ជាដើម ភាគីណាជាអ្នករត់ការកាត់ឈ្មោះផ្ទេរសិទ្ធិនោះ? ភាគីណាទទួលខុសត្រូវលើការចំណាយ និងការបង់ពន្ធប្រថាប់ត្រា ឬពន្ធផ្ទេរសិទ្ធិ ៤% ជាដើម ហើយត្រូវប្រើរយៈពេលរត់ការប៉ុន្មានថ្ងៃ ប៉ុន្មានខែ លក្ខខណ្ឌពិន័យ និងការអនុគ្រោះផ្សេងៗ ក្នុងករណីការចុះបញ្ជី ឬការផ្ទេរសិទ្ធិមិនបានជោគជ័យ ឬមានបញ្ហាអាកខាន ជាដើម ។

៨) ការធានា កាតព្វកិច្ច និងការទទួលខុសត្រូវរបស់គូភាគី

នេះជាប្រការមួយដែលត្រូវតែដាក់ និងចែងឲ្យច្បាស់ពីការធានា និងការទទួលខុសត្រូវរបស់ភាគីនីមួយៗនៅក្នុងកិច្ចសន្យា ជៀសវាងមានជំលោះ ឬការមិនគោរព ឬអនុលោមតាមខ្លឹមសារនៃកិច្ចសន្យារបស់ភាគីណាមួយ ។ ក្នុងប្រការ មានរបៀបសរសេរពីរយ៉ាង គឺគេអាចរួមបញ្ចូល ការធានា និងការទទួលខុសត្រូវរបស់គូភាគី ក្នុងប្រការតែមួយ ប៉ុន្តែបែងចែកជាផ្នែករបស់អ្នកលក់ និងអ្នកទិញ ឬបំបែកជា ពីរប្រការផ្សេងគ្នា ដោយដាក់ការធានា និងការទទួលខុសត្រូវ របស់អ្នកលក់ដាច់មួយប្រការតែឯង ហើយអ្នកទិញដាច់តែមួយប្រការម្នាក់ឯង ។

៩) លក្ខខណ្ឌទូទៅដែលគេនិយមសរសេរក្នុងកិច្ចសន្យា 

ច្បាប់អចលនទ្រព្យ

លក្ខខណ្ឌទូទៅនៅក្នុងកិច្ចសន្យា គឺជាទម្រង់ទូទៅដែលគេតែងតែងនិយម សរសេរ នៅគ្រប់កិច្ចសន្យាទាំងអស់មិនថាតែកិច្ចសន្យាលក់ទិញអចលនវត្ថុនោទេ ។

គេតែងប្រើពាក្យថា “បញ្ញត្តិផ្សេងៗ” សំរាប់លក្ខខណ្ឌទូទៅដែលគេត្រូវសរសេរចូលក្នុងកិច្ចសន្យា ដោយនៅក្នុងបញ្ញត្តិផ្សេងៗនោ មានអនុបញ្ញត្តិ ដូចខាងក្រោម៖ 

ក.    កិច្ចសន្យាទាំងមូល (សូមមើលគម្រូខាងក្រោម)

ខ.    វិសោធនកម្មនៃកិច្ចសន្យា (សូមមើលគម្រូខាងក្រោម)

គ.    អនុប្បទាន និងការផ្ទេរសិទ្ធិ (សូមមើលគម្រូខាងក្រោម)

ឃ.    ស្វ័យភាពនៃបញ្ញតិ្ត (សូមមើលគម្រូខាងក្រោម)

ង.    ភាសា និងការតម្កល់កិច្ចសន្យា (សូមមើលគម្រូខាងក្រោម)

ច.    ច្បាប់គ្រប់គ្រង (សូមមើលគម្រូខាងក្រោម)

ឆ.    ដំណោះស្រាយវិវាទ (សូមមើលគម្រូខាងក្រោម)

ដើម្បីបានជាគតិ និងជាគំនិតមូលដ្ឋានខ្លះក្នុងការសរសេរកិច្ចសន្យាលក់ទិញអចលនវត្ថុឲ្យបានត្រឹមត្រូវ យើងខ្ញុំសូមភ្ជាប់ជូននូវគំរូ ឬទំរង់នៃកិច្ចសន្យាលក់ទិញអចលនវត្ថុមួយបែប ជូនលោកអ្នកអានយកចំណេះដឹង ដូចខាងក្រោម៖

(សូមមើលគំរូនៃកិច្ចសន្យាលក់-ទិញ អចលនវត្ថុ ខាងក្រោម)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

š®›

 

កិច្ចសន្យាលក់-ទិញអចលនវត្ថុ

 

កិច្ចសន្យាលក់-ទិញអចលនវត្ថុនេះ (ហៅថា “កិច្ចសន្យា”) ត្រូវបានធ្វើឡើងនៅថ្ងៃទី........ខែ........ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ដោយ និង រវាងៈ

  1.       ឈ្មោះ……………………ភេទ ប្រុស អាយុ ………ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ……………………. ចុះថ្ងៃទី……/………/……… មានអាសយដ្ឋានផ្ទះលេខ……ផ្លូវ ………ភូមិ………………ឃុំ/សង្កាត់………………… ស្រុក/ខណ្ឌ…………………ខេត្ត/ក្រុង………………………(ចាប់ពីពេលនេះតទៅ ហៅកាត់ថា “អ្នកលក់”) ។
  2.   ឈ្មោះ……………………ភេទ ប្រុស អាយុ ………ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ……………………. ចុះថ្ងៃទី……/………/……… មានអាសយដ្ឋានផ្ទះលេខ……ផ្លូវ ………ភូមិ………………ឃុំ/សង្កាត់………………… ស្រុក/ខណ្ឌ…………………ខេត្ត/ក្រុង………………………(ចាប់ពីពេលនេះតទៅ ហៅកាត់ថា “អ្នកទិញ”) ។

(“អ្នកលក់” និង “អ្នកទិញ” អាចហៅដាច់ឡែកហៅថា “ភាគី” និង​ ហៅរួមគ្នាថា “គូភាគី”) ។

បុព្វកថា

ដោយហេតុថា៖ អ្នកលក់ ជាកម្មសិទ្ធិករស្របច្បាប់នៃដី និងផ្ទះល្វែងមួយកន្លែង ដែលមានក្បាលដី លេខ ........(E1 & E2) ដែលមានផ្ទៃក្រឡាសរុប.........ម(................​ម៉ែត្រការេ) ដែលមាន ទីតាំង​ស្ថិតនៅផ្លូវលេខ ២៩៤ ភូមិ ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (​ចាប់ពីពេលនេះតទៅ ហៅថា “អចលនវត្ថុ”) ដែលកំណត់អត្តសញ្ញាណដោយលិខិតផ្ទេរសិទ្ធិ កាន់កាប់ និងប្រើប្រាស់ដីធ្លី ចុះថ្ងៃទី......ខែ.......ឆ្នាំ...........(តទៅនេះហៅថា “លិខិតផ្ទេរ​សិទ្ធិ”) ដូចមានភ្ជាប់ជូនជាឧបសម្ព័ន្ធនៃកិច្ចសន្យានេះ ។

ដោយហេតុថា៖ អ្នកលក់មានសិទ្ធិស្របច្បាប់ក្នុងការលក់អចលនវត្ថុ ដូចដែលបាន​រៀបរាប់ខាងលើ និង ដែល​មាននៅក្នុងលិខិតផ្ទេរ​សិទ្ធិ​ ដែលបានភ្ជាប់ជាឧបសម្ព័ន្ធ​នៃកិច្ចសន្យានេះ ។

ដោយហេតុថា៖ អ្នកលក់ មានបំណងលក់អចលនវត្ថុ ហើយអ្នកទិញ មានបំណងទិញ​​អចលនវត្ថុពីអ្នកលក់ ដោយអនុលោមតាម​ខ្លឹមសារ​ និងលក្ខខណ្ឌ​ ដែលមានចែងដូច​ខាងក្រោមនេះ ។ 

ហេតុដូច្នេះ គូភាគីបានព្រមព្រៀងគ្នាដូចខាងក្រោម ៖                                

១. កម្មវត្ថុនៃកិច្ចសន្យា

១.១. អ្នកលក់យល់ព្រមលក់ ហើយអ្នកទិញ​យល់ព្រមទិញអចលនវត្ថុ ទៅតាមតម្លៃដែល​បានកំណត់​នៅក្នុង​ចំណុច ២.១ ខាងក្រោម ស្របតាម​ខ្លឹមសារ និង​លក្ខខណ្ឌ​នៃកិច្ចសន្យានេះ ។

២. តម្លៃលក់-ទិញ និងលក្ខខណ្ឌនៃការទូទាត់ប្រាក់

២.១. តម្លៃលក់-ទិញ

២.១.១. គូភាគីក្នុងកិច្ចសន្យានេះបានព្រមព្រៀងលើតម្លៃលក់-ទិញអចលនវត្ថុ ក្នុងតម្លៃ ៩០,០០០ (ប្រាំបួនម៉ឺនដុល្លារ​អាមេរិកគត់) (តទៅនេះហៅថា “តម្លៃលក់-ទិញ”) ដែលនឹងត្រូវទូទាត់ទៅឲ្យអ្នកលក់ ​ដោយអនុលោមតាមចំណុច ២.២ ខាងក្រោមនេះ ។

២.២. លក្ខខណ្ឌនៃការទូទាត់ប្រាក់

គូភាគីព្រមព្រៀង​លើលក្ខខណ្ឌនៃការទូទាត់ប្រាក់ដូចខាងក្រោម ៖

២.២.១. ការបង់ប្រាក់កក់

២.២.១.១.   ប្រាក់កក់ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារសហរដ្ឋអាមេរិកគត់) (តទៅនេះហៅថា “ប្រាក់កក់”) ត្រូវ​បង់​ទៅឲ្យ​​អ្នកលក់ នៅថ្ងៃចុះហត្ថលេខា​ និង/ឬ ផ្តិតមេដៃដើម្បីអនុវត្តកិច្ចសន្យានេះ ។ ដើម្បី​​​ជាការធានាក្នុងកិច្ចសន្យានេះ អ្នកលក់បន្ទាប់ពីទទួលបានប្រាក់កក់នេះហើយ មិនអាចកែប្រែលែងលក់ ឬលក់អចលនវត្ថុទៅឲ្យតតិយជន ដោយមិនមានការយល់ព្រមពីអ្នកទិញបានឡើយ ។

ក្នុងករណីកែប្រែលែងលក់ ឬលក់អចលនវត្ថុទៅឲ្យតតិយជន ឬការរត់ការផ្ទេរសិទិ្ធដាក់ឈ្មោះអ្នកទិញមិនអាចធ្វើទៅបានដោយប្រការណាមួយ នោះអ្នកលក់ត្រូវ ប្រគល់ប្រាក់កក់មកឲ្យអ្នកទិញវិញ ក្នុងរយៈពេលមិនឲ្យលើសពី ០៣(បី)ថ្ងៃ នៃថ្ងៃប្រតិទិន បូករួមនឹងសំណងជម្ងឺចិត្តស្មើនឹងចំនួនប្រាក់កក់នេះ គឺស្មើនឹង ២,០០០ដុល្លារ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិកគត់)។

២.២.១.២.  ​នៅពេលទទួលប្រាក់កក់ ដូចដែល​មានចែងនៅក្នុងប្រការខាងលើ អ្នកលក់​ត្រូវ​ចាប់ផ្តើមដំណើរការ​ស្នើសុំចុះបញ្ជីផ្ទេរកម្មសិទិ្ធអចលនវត្ថុ (ប្លង់ទន់) ​ជាមួយ​នឹងអាជ្ញាធរជាប់ពាក់ព័ន្ធ​ និង មានសមត្ថកិច្ចនៅ​ថ្នាក់​ភូមិ សង្កាត់ និងខណ្ឌ ទៅជាឈ្មោះអ្នកទិញ ដោយ អនុលោមតាមតាម​​ខ្លឹមសារនិងលក្ខខណ្ឌ​ដែលមានចែងនៅក្នុងកិច្ចសន្យានេះ​រវាងគូភាគី។

២.២.១.៣.  អ្នកលក់យល់ព្រមថាខ្លួន​ត្រូវប្រើប្រាស់រយៈពេល ០៣(បី)ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទទទួល​ប្រាក់​កក់ ឬថ្ងៃផ្តិតមេដៃលើកិច្ចសន្យានេះ សម្រាប់​ដំណើរការ និងការបញ្ចប់នៃការចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនវត្ថុ (ប្លង់ទន់) ​លើអចលនវត្ថុ​​ ដូច​ដែល​មាន​ចែងនៅក្នុងចំណុច ២.២.១.២ ខាងលើ​នៃកិច្ចសន្យានេះ (តទៅនេះហៅថា “រយៈពេលចុះបញ្ជីផ្ទេរសិទិ្ធ”)។ រយៈពេលចុះបញ្ជីផ្ទេរសិទ្ធិ ដែល​មានចែងនៅក្នុងប្រការនេះ នឹងត្រូវ​បាន​ពន្យាពេលចំនួន ០២(ពីរ)ថ្ងៃ បន្ថែមទៀត ដោយមានបញ្ជាក់ពីមូលហេតុសមស្រប ហើយ ដែលមានការយល់ព្រម​ពីគូភាគីនៃកិច្ចសន្យា​នេះ។  

២.២.២. ការទូទាត់ប្រាក់ចុងក្រោយ

២.២.២.១.  ទឹកប្រាក់សរុបចំនួន ៨៩.០០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបួនពាន់ដុល្លារសហរដ្ឋអាមេរិក) (ហៅថា “ការទូទាត់ប្រាក់ចុងក្រោយ”) ត្រូវ​ទូទាត់​ទៅឲ្យភាគីអ្នកលក់ នៅពេលដែលអ្នកលក់ បានបំពេញចប់រួចរាល់នូវ​ដំណើរការចុះបញ្ជីនៃការផ្ទេរសិទិ្ធ​ពីឈ្មោះរបស់អ្នកលក់ ទៅឲ្យឈ្មោះអ្នកទិញ​ ហើយ​អ្នកលក់បានបង្ហាញលិខិតផ្ទេរសិទិ្ធថ្មីនេះ ឲ្យអ្នកទិញបានឃើញ និង ពិនិត្យតាមផ្លូវច្បាប់ត្រឹមត្រូវ ។ ហើយការ​ទូទាត់ប្រាក់ចុងក្រោយនេះ នឹងត្រូវធ្វើឡើងតាមរយៈធនាគារណាមួយដែលមានការព្រមព្រៀងរវាងគូភាគីនៃកិច្ចសន្យានេះ បន្ទាប់ពីអ្នកទិញបានត្រួតពិនិត្យ ភាពស្របច្បាប់នៃការចុះបញ្ជីផ្ទេរសិទិ្ធអចលនវត្ថុ ដូចមានចែងក្នុងប្រការខាងលើ ។

៣. ការចុះបញ្ជី ការផ្ទេរសិទ្ធិ និងសោហ៊ុយចំណាយផ្សេងៗ

៣.១. អ្នកលក់​យល់ព្រមចុះបញ្ជីផ្ទេរអចលនវត្ថុបច្ចុប្បន្ននេះ (តទៅនេះហៅថា“លិខិតផ្ទេរសិទិ្ធ”) ទៅជា (“លិខិតផ្ទេរសិទ្ធិ”) ដដែល ជាមួយនឹងអាជ្ញាធរសុរិយោដីដែល​ពាក់​ព័ន្ធ​ មានជាអាទិ៍ ភូមិ សង្កាត់ និងថ្នាក់ខណ្ឌ ផ្ទេរទៅឲ្យឈ្មោះ​ អ្នកទិញ  ។

៣.២. រាល់ថ្លៃសេវា ឬសោហ៊ុយទាំងឡាយដែលពាក់ព័ន្ធ ​រួមមាន៖ សេវារដ្ឋបាល ​សេវាតម្រូវបង់ជូនរដ្ឋ សេវាសុរិយោដី សេវាមេធាវី/សេវា​ផ្នែកច្បាប់ និងការបង់ពន្ធជាធរមាននានា មានជាអាទិ៍ អាករលើតម្លៃបន្ថែម (VAT) ដែលបានចំណាយសម្រាប់ការស្នើសុំចុះបញ្ជី និងការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ និងការបញ្ជាក់លើ និងការរៀបចំសំណុំឯកសារ និងបែបបទផ្សេងៗ ខាងលើ ជាបន្ទុករបស់​អ្នកលក់​ ។

៤. ការធានា និងការទទួលខុសត្រូវរបស់អ្នកលក់

៤.១.​ អ្នកលក់ធានាថា ខ្លួនគឺជាម្ចាស់កម្មសិទិ្ធស្របច្បាប់ និងផ្តាច់មុខលើអចលនវត្ថុ និងមានសិទិ្ធផ្ទេរ ហើយនឹង​ផ្ទេរទៅឲ្យអ្នកទិញ នូវអចលនវត្ថុដែលមិនមានចំណែករបស់តតិយជន មិនជាប់សិទិ្ធឃាត់ទុក មិនជាប់បន្ទុក ការរឹតត្បិត ហ៊ីប៉ូ​​​តែក ការដាក់បញ្ចាំ ការដាក់ធានា បណ្តឹងតតិយជន សេចក្តីសម្រចរបស់តុលាការ វិវាទដែលកំពុងដំណើរការ ឬផ្អាកបណ្តោះអាសន្នណាមួយឡើយ ។

៤.២. អ្នកលក់យល់ព្រម ចុះបញ្ជីផ្ទេរសិទ្ធិអចលនវត្ថុ ក្នុងទម្រង់ជាលិខិតផ្ទេរសិទិ្ធ នៅថ្នាក់ភូមិ សង្កាត់ និងខណ្ឌ ដោយផ្ទេរទៅឲ្យឈ្មោះអ្នកទិញធ្វើជាកម្មសិទិ្ធករស្របច្បាប់នៃអចលនវត្ថុនេះ ចាប់ពីថ្ងៃផ្តិតមេដៃស្តាំលើកិច្ចសន្យានេះតទៅ ។

៤.៣. គ្មានតតិយជនណាមួយដែលត្រូវបានផ្តល់សិទិ្ធ ឬទាមទារអចលនវត្ថុ ចាប់ពីថ្ងៃបំពេញការផ្ទេរសិទិ្ធលើអចលនវត្ថុ ដោយអនុលោមតាមចំណុច ៣.១ និង ៣.២ នៃ កិច្ចសន្យានេះ ។

៤.៤. នៅមុនពេលទទួលប្រាក់កក់ និងនៅពេលផ្តិតមេដៃ និង/ឬ ចុះហត្ថលេខាលើកិច្ចសន្យានេះ អ្ន​កលក់ត្រូវបង្ហាញដល់អ្នកទិញ នូវរាល់ឯកសារពាក់ព័ន្ធ ទាំងច្បាប់ដើម និងថតចម្លង ដែលបញ្ជាក់ថា ខ្លួនគឺជាកម្មសិទិ្ធករស្របច្បាប់ និងតែម្នាក់គត់លើអចលនវត្ថុនេះ និងថា អចលនវត្ថុនេះមិនពាក់ព័ន្ធអ្វីទាំងអស់ដូចមានចែងក្នុងខ្លឹមសារនៃប្រការ ៤.១ ខាងលើ នៃកិច្ចសន្យានេះ ។

៤.៥. ក្រោយពី អ្នកទិញ បានទូទាត់ ប្រាក់កក់ រួចរាល់ហើយ អ្នកលក់ មិនត្រូវលក់ អចលនវត្ថុ​ ទៅឲ្យតតិយជន ឬ សម្រចចិត្តថាមិនលក់ តម្លើងតម្លៃលក់-ទិញ ឈប់លក់​ ផ្អាកលក់ និង/ឬ ធ្វើកិច្ចការដែលនាំឲ្យប៉ះពាល់ដល់ការលក់-ទិញ អចលនវត្ថុ តាមខ្លឹមសារ​ និងលក្ខខណ្ឌដូចដែលបានកំណត់នៅក្នុងកិច្ចសន្យានេះ ។ ប្រសិនបើ អ្នកលក់ នៅតែប្រព្រឹត្តិដូចការចែងក្នុងប្រការនេះ អ្នកលក់ ត្រូវប្រគល់ប្រាក់ប្រាក់កក់ និងប្រាក់បង់ផ្សេងៗទៀត មកឲ្យអ្នកទិញវិញ ក្នុងរយៈពេលមិនឲ្យលើសពី ០៣(បី)ថ្ងៃ នៃថ្ងៃប្រតិទិន ។

៤.៦. រាល់សោហ៊ុយ និងការចំណាយផ្សេងៗលើការចុះបញ្ជី និងការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ និងការចំណាយផ្សេងៗ ដូចមានចែងក្នុងចំណុច ៣.២ ខាងលើ នៃកិច្ចសន្យានេះ ជាបន្ទុករបស់អ្នកលក់ ។

៤.៧. ប្រសិនបើ អ្នកលក់៖

៤.៧.១.​ សម្រេចចិត្តឈប់លក់អចលនវត្ថុ ទៅឲ្យអ្នកទិញ ក្រោយពីថ្ងៃចុះកិច្ចសន្យាលក់-ទិញនេះ។

៤.៧.២.​​ ខកខានមិនបានផ្ទេរកម្មសិទិ្ធនៃអចលនវត្ថុ ដែលជាកម្មវត្ថុដូចដែលបានចែងនៅក្នុងកិច្ចសន្យានេះ។

អ្នកលក់ត្រូវប្រគល់ត្រឡប់មកវិញនូវប្រាក់កក់ និងការចំណាយផ្សេងទៀតដែលអ្នកទិញបានចំណាយ និងត្រូវបង់ការពិន័យដែលស្មើនឹងចំនួនប្រាក់កក់ និងការចំណាយផ្សេងទៀតជាសំណងនៃការខូចខាត និងប្រាក់ជម្ងឺចិត្តទៅឲ្យអ្នកទិញ ។ ដើម្បីបញ្ជៀសភាពមន្ទិលសង្ស័យ អ្នកទិញយល់ព្រមយ៉ាងជាក់លាក់ និងដោយឥតលក្ខខណ្ឌក្នុងការផ្ទេរកម្មសិទ្ធិលើ​អចលនវត្ថុ ឬផ្នែកដ៏ទៃផ្សេងទៀតនៃអចលនវត្ថុ ដែលបានផ្ទេរទៅឲ្យអ្នកទិញតាមរយៈកិច្ចសន្យានេះត្រឡប់ទៅឲ្យអ្នកលក់វិញ ប្រសិនបើបានផ្ទេរកម្មសិទ្ធិរួចរាល់ ដោយការចំណាយ ផ្សេងៗជាបន្ទុកផ្តាច់មុខ និងទាំងស្រុងរបស់អ្នកលក់ ដោយផ្អែកទៅតាមនីតិវិធីច្បាប់​ និងរដ្ឋបាល និងការអនុវត្ត រួមមានជាអាទិ៍ដូចជា ការចុះហត្ថលេខា និង/ឬ ផ្តិតមេដៃលើលិខិតស្នាមដែលតម្រូវផ្សេងៗទៀត ដើម្បីផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ ឬ ផ្នែកដ៏ទៃផ្សេងទៀតនៃអចលនវត្ថុត្រឡប់ទៅឲ្យអ្នកលក់វិញ ។

៥. ការធានាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកទិញ

.. អ្នកទិញ ធានាចំពោះអ្នកលក់ថា អ្នកទិញនឹងគោរពតាមរាល់ខ្លឹមសារ និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យានេះ ដែលទាក់ទិននឹងខ្លួន ។

.. អ្នកទិញ ត្រូវអនុវត្តនូវកាតព្វកិច្ចទាំងឡាយរបស់ខ្លួន ដូចដែលមានចែងក្នុងកិច្ចសន្យានេះឲ្យបានត្រឹមត្រូវ និងប្រកបដោយសុច្ចរិតភាព។

.. អ្នកទិញត្រូវសហការជាមួយអ្នកលក់ ក្នុងការរៀបចំឯកសារដែលចាំបាច់នានាដែលទាក់ទងទៅនឹងការផ្ទេរកម្មសិទិ្ធ (ប្រសិនបើមានការស្នើសុំ និងតម្រូវ)​។

.៤. រាល់សោហ៊ុយ និងការចំណាយទាំងឡាយណាទាក់ទងនឹងការរៀបចំ និង ការតាក់តែងកិច្ចសន្យានេះជាបន្ទុកចំណាយរបស់អ្នកទិញ។

៥.៥. ប្រសិនបើ អ្នកទិញ

៥.៥.១. សម្រេចលុបចោលការទិញអចលនវត្ថុ ពីអ្នកលក់ ក្រោយថ្ងៃផ្តិតមេដៃ និង មុនការចាប់​ផ្តើមដំណើរការផ្ទេរកម្មសិទិ្ធ ដូចដែលបានរៀបរាប់ក្នុងចំណុច ៣.២ ទោះក្នុងមូលហេតុណាមួយក៏ដោយ អ្នកលក់មានសិទិ្ធរំលាយកិច្ចសន្យានេះភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ និងមានសិទិ្ធដកហូតយកប្រាក់កក់ ដែលអ្នកទិញបានបង់ជូនអ្នកលក់។

៦. បញ្ញត្តិផ្សេងៗ

៦.​១. កិច្ចសន្យាទាំងមូល

កិច្ចសន្យា និងឧបសម្ព័ន្ធនៃកិច្ចសន្យានេះបង្កើតបានកិច្ចសន្យាទាំងមូលរបស់គូភាគី។ រាល់កិច្ចសន្យា  ដែលមានពីមុនមក ទោះធ្វើដោយផ្ទាល់មាត់ក្តី ឬជាលាយលក្ខណ៍អក្សរក្តី ដែលផ្ទុយនឹងកិច្ចសន្យានេះត្រូវចាត់ជាមោឃៈ។ គ្មានការកែប្រែណាមួយនៃកិច្ចសន្យានេះនឹងមានសុពលភាពឡើយ ប្រសិនបើមិនមាន​ការយល់ព្រមជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយគូភាគីនៃកិច្ចសន្យានេះទេ។

៦.២. វិសោធនកម្ម

គ្មានការធ្វើវិសោធនកម្មនៃកិច្ចសន្យានេះ នឹងមានសុពលភាពឡើយ ប្រសិនបើវាមិនមានការធ្វើជាលាយ​លក្ខណ៍​​អក្សរ និងមានចុះហត្ថលេខាដោយគូភាគីនៃកិច្ចសន្យានេះ ។

៦.៣. អនុប្បទាន ឬការផ្ទេរសិទ្ធិ

៦.៣.១ តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន អ្នកទិញមានសិទិ្ធធ្វើអនុប្បទាន ឬផ្ទេរសិទិ្ធនានារបស់ខ្លួនទៅឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចាត់តាំងសម្រាប់អ្នកលក់ ឬតំណាងរបស់អ្នកលក់តាមរយៈលិខិតលាយលក្ខណ៍អក្សរ ដោយតំណាង អ្នកទិញ  ក្នុងករណីដែល អ្នកលក់ និងអ្នកតំណាងរបស់ អ្នកលក់ ត្រូវគោរពតាមកាតព្វកិច្ច និងការធានាអះអាងរបស់ខ្លួន ដូច ដែលមានចែងនៅក្នុងកិច្ចសន្យានេះ ដែលទាក់ទងរូបវន្តបុគ្គល ឬនីតិបុគ្គលនោះ ឲ្យតែ កាតព្វកិច្ច និងការធានាអះអាងរបស់ អ្នកលក់ ត្រូវបានគេគោរពផងដែរ ។

៦.៤. ស្វ័យភាពនៃបញ្ញត្តិ

៦.៤.១. ប្រសិនបើបញ្ញត្តិណាមួយនៃ កិច្ចសន្យា នេះមិនមានសុពលភាព ឬមិនអាចអនុវត្តបាន កិច្ចសន្យានេះ ត្រូវចាត់ទុកថា មិនបានចែងពីបញ្ញត្តិនោះ ហើយសិទិ្ធ និងកាតព្វកិច្ចរបស់ គូភាគី នៃកិច្ចសន្យានេះ ត្រូវចាត់ទុកថាមានសុពលភាព និងអនុវត្តតាមច្បាប់ ។

៦.៥. ​ភាសា និងការតម្កល់កិច្ចសន្យា

កិច្ចសន្យានេះ និងលិខិតជូនដំណឹង និងវិសោធនកម្មទាំងឡាយនៃកិច្ចសន្យានេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរចំនួន ០៣ច្បាប់ ដោយរក្សាទុក ដូចខាងក្រោម៖

១) ០១ ច្បាប់រក្សាទុកដោយអ្នកលក់

២) ០១ ច្បាប់រក្សាទុកដោយអ្នកទិញ និង

៣) ០១ ច្បាប់រក្សាទុកដោយមេធាវី នៃកិច្ចសន្យានេះ ។

៦.៦. ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ

កិច្ចសន្យានេះ ត្រូវគ្រប់គ្រង និងបកស្រាយនូវគ្រប់ទិដ្ឋភាពទាំងអស់ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

គូភាគីប្តេជ្ញាថាប្រឹងប្រែងដោះស្រាយនូវការមិនចុះសម្រុងនឹងគ្នា ឬការខ្វែងគំនិតគ្នា ដែលទាក់ទងទៅនឹងការបកស្រាយ ឬការអនុវត្តន៍កិច្ចសន្យានេះ ដោយការយោគយល់គ្នា និងមិត្តភាព ដើម្បីសម្រេចបាននូវដំណោះស្រាយក្រៅប្រព័ន្ធតុលាការមួយ​ ។

ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀងគ្នាដោយយោគយល់គ្នា និងមិត្តភាព និងសម្រេចបាននូវដំណោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ វិវាទនោះនឹងត្រូវដាក់ទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីជាសក្ខីភាព គូភាគីបានបង្កើតកិច្ចសន្យាលក់-ទិញអចលនវត្ថុនេះ ដែលនឹងត្រូវផ្តិតមេដៃដើម្បីអនុវត្តនូវកិច្ចសន្យានេះ ព្រមទាំងបានយល់ ឯកភាព និងទទួលយកនូវគ្រប់រាល់ខ្លឹមសារ និងលក្ខខណ្ឌ និង/ឬបទបញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងកិច្ចសន្យា តាមរយៈការផ្តិតមេដៃរៀងៗខ្លួន ខាងក្រោមនេះ

                    ស្នាមមេដៃអ្នកលក់                                                             ស្នាមមេដៃអ្នកទិញ

                                                    ​                                                                                                     

 

 ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

សម្រាប់អ្នកចង់ចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ សូមចុះឈ្មោះនៅទីនេ

ចុះឈ្មោះចូលរួមកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា

 

                                                                                                                                     

 

Comments