+85561 777 090
Logo
សុទ្ធតែខេត្តខ្លឹម ! ទិសដៅវិនិយោគអចលនទ្រព្យនឹងបែរមុខព្រួញទៅកាន់ខេត្ត៥នេះ
Updated on: June 4, 2022, 2:39 p.m.
Published on: October 21, 2021, 7:44 a.m.

សុទ្ធតែខេត្តខ្លឹម ! ទិសដៅវិនិយោគអចលនទ្រព្យនឹងបែរមុខព្រួញទៅកាន់ខេត្ត៥នេះ


កម្ពុជាគឺជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ាន ។ មិនតែប៉ុណ្ណោះបញ្ហាជំងឺរាតត្បាតកូវីដ-១៩នាពេលកន្លងមកនេះបានធ្វើឱ្យមានការជះឥទ្ធិពលសេដ្ឋកិច្ចគ្រប់ៗប្រទេសលើពិភពលោកក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។

តាមប្រភពធនាគារជាតិពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើងវិញ​​ជា​បណ្តើរៗ តាមការព្យាករណ៍​​នឹង​កើនចំនួន ៤% នៅឆ្នាំ២០២១នេះបន្ទាប់ពីមានការថយចុះចំនួន ៣.១% នៅឆ្នាំ២០២០កន្លងទៅនេះ ។ ការងើបឡើងវិញនេះគឺដោយសារតែការវិលត្រឡប់នៃ​តម្រូវការ​សកល ។

ការស្តារឡើងវិញនូវសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវពឹងផ្នែកសំខាន់លើវិធានការទប់ស្កាត់ និងបង្ការជំងឺរីករាលដាលកូវីដ-១៩ទើបអាចបើកដំណើរការប្រទេសឡើងវិញបាន ។ បណ្តាវិនិយោគិនទាំងក្នុងស្រុក និងបរទេសអាចនឹងវិលត្រឡប់មកអភិវឌ្ឍន៍ជាថ្មីលើវិស័យអចលនទ្រព្យដែលជាវិស័យមួយទទួលបានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ ។

តាមប្រភពពីជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមើលឃើញពីសក្តានុពលអចលនទ្រព្យមិនថាតែ ដីឡូត៍, គម្រោងផ្ទះបុរី, ខុនដូ, អាផាតមិន, រីសត ។ល។ នឹងធ្វើការបែរមុខព្រួញវិនិយោគទៅកាន់ខេត្តធំៗទាំងនេះដែលស្ថិតក្នុងបញ្ជីជាខេត្តដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេសកម្ពុជាក្រៅពីរាជធានីភ្នំពេញ ។

ទី១- ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការ​វិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគអចលនទ្រព្យដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់ ។

មិនតែប៉ុណ្ណោះសក្តានុពលខេត្តព្រះសីហនុត្រូវបានគេមើលឃើញថាមានច្រើនគួរឱ្យកត់សម្គាល់រួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កំពង់ផែទឹកជ្រៅ), តំបន់ឆ្នេរដ៏ទាក់ទាញ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ, តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយផ្លូវមួយ, ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ ។

ទី២- ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មាន​ពី​រាជធានីភ្នំពេញ នៅ​តែ​បន្ត​ទាក់ទាញ​គម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ ។ ចំនួននៃគម្រោងវិនិយោគកើតមានជាបន្តបន្ទាប់នេះបាន​ជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពលប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយ​រោងចក្រ​ឧស្សាហកម្ម និងពាណិជ្ជកម្ម ស្របពេលដែលអ្នក​ជំនាញអចលនទ្រព្យលើកឡើងថា ចរន្តទិញ​លក់ដីធ្លីក៏មានការកើនឡើងផងដែរ ។

ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ។ ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCICដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ ។

ទី៣- ខេត្តសៀបរាម

ខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់ដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរទៅកាន់ទីក្រុងអង្គរដើម្បីឈ្វេងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត ។

វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឲ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឲ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈមានការលូតលាស់ ។ កំណើនអចលនទ្រព្យត្រូវបានកើនឡើងយ៉ាងច្រើននៅជុំវិញក្រុងសៀមរាបដែលស្ថិតនៅក្នុងសង្កាត់សំខាន់ៗបួនគឺ៖ ស្លរក្រាម, ស្វាយដង្គុំ សាលាកម្រើក និងគោកចក ។ ជាងនេះទៅទៀតខេត្តសៀមរាបទើបតែបានស្តារនូវហេដ្ឋារចនាសម្ព័ន្ធខេត្តជាច្រើនកន្លែង ។

ទី៤- ខេត្តបាត់ដំបង

ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលមានបំណងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០ ។ ដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ ។

នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតារហូតដល់ផ្ទះវីឡាប្រណិតដែលមានទំហំផ្សេងៗ គ្នា ។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ ។

ទី៥- ខេត្តកំពត

ក្នុងនាមជាខេត្តទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលជាប់មាត់សមុទ្រនាទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី» ។ វិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកឡើងវិញយ៉ាងក្តៅគគុកសម្រាប់ខេត្តសក្តានុពលទេសចរណ៍ និងពាណិជ្ជកម្មមួយនេះ ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែតាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូនការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ ។ ចំណែកកំពង់ផែជាតិ និងអន្តរជាតិចំនួន០៤ក៏បាន និងកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃផងដែរ ។

គម្រោងអភិវឌ្ឍន៍ពង្រីកក្រុងកំពតជាទីក្រុងវ័យឆ្លាតក៏ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អនុម័តរួចហើយ ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ផ្លូវបេតុង អគារពាណិជ្ជកម្ម ផ្ទះល្វែង បុរី ខុនដូ ឆ្នេរកម្សាន្ត រមណីយដ្ឋាន រីសត ប៊ូទិច បឹងកាឡូត៍ ជាច្រើនបានកំពុងរីកដុះដាល ដូចផ្សិត ។

ទី៦- ខេត្តកោះកុង

ខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ដោយមានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងរបស់ខេត្តកោះកុង ។

មិនតែប៉ុណ្ណោះ ការត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា ព្រមជាមួយ​នឹង​ផែនការ​បើកដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ (​ខេត្តកោះកុង​) នៅ​ដំណាច់​ឆ្នាំនេះ​នឹង​រួមចំណែក​យ៉ាងច្រើន​នៅក្នុង​ការធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង និង​តំបន់​ក្បែរ​ខាង​មាន​សម្ទុះ​កើនឡើង​ ។ មួយវិញទៀត ដោយសារ​វា​ជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ និង​នៅជាប់​មាត់សមុទ្រ ដូច្នេះ​វា​នឹងមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ធំៗឱ្យទៅ​បណ្តាក់ទុន​នៅក្បែរៗ​នោះ​ ។

កត្តាសំខាន់ៗផ្សេងៗទៀតដូចជាតំបន់សេដ្ឋកិច្ចពិសេស​ និងសកម្មភាពដោះដូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាមជាមួយប្រទេសថៃកំពុងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ហើយទាក់ទាញអ្នកចំណូលថ្មី និងអ្នកវិនិយោគជាហូរហែរ ។

តំបន់មួយកន្លែងឋិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងកំពុងបង្កើនសក្តានុពលវិនិយោគ និង​មានប្រតិបត្តិការទិញ-លក់ដីធ្លីមមាញឹកជាងគេ​នាពេលបច្ចុប្បន្ន រួមទាំងកំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តផងនោះ និងធ្វើឱ្យខេត្តកោះកុងកាន់តែមានសន្ទុះសក្តានុពលអចលនទ្រព្យនាពេលខាងមុខ ៕

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments