+85561 777 090
Logo
មុនទិញដីឡូត៍ដាច់ខាត់ត្រូវប្រយ័ត្នចំណុចគ្រោះថ្នាក់បំផុត១នេះ
Updated on: June 6, 2022, 11:33 p.m.
Published on: August 6, 2021, 7:08 a.m.

មុនទិញដីឡូត៍ដាច់ខាត់ត្រូវប្រយ័ត្នចំណុចគ្រោះថ្នាក់បំផុត១នេះ


ទន្ទឹមនឹងពេលបច្ចុប្បន្ននេះវិស័យអចលនទ្រព្យកំពុងបោះជំហានទៅមុនជាបន្តបន្ទាប់ ជាពិសេសកំណើននៃការទិញ-លក់ដីឡូត៍មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែទីផ្សារមានការផ្លាស់ប្តូរទើបធ្វើឱ្យចរន្តនៃការទិញ-លក់ដីធ្លីមានការកើនឡើង ។ ដោយភាគច្រើនសង្កេត​ឃើញ​មានការ​ពុះ​ដីឡូត៍​លក់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលដោយសារតែការលក់ទាំងប្លង់ធំៗពិបាកក្នុងការលក់ចេញ និងមិន​ងាយ​មាន​អ្នកទិញដីប្លង់ធំៗនោះទេ ទើបបានជាម្ចាស់គម្រោង​​បំបែកជាដីឡូត៍ប្លង់តូចៗសម្រាប់លក់ដែលវាផ្តល់ភាពងាយស្រួលជាង ។

ក្នុងការទិញដីឡូត៍មិនមែនសុទ្ធតែអាចសម្រេចបានជោគជ័យដោយងាយៗនោះទេ បើទោះជាអ្នកមានលុយសម្រាប់ចំណាយក្នុងការទិញក៏ដោយពីព្រោះថា មានប្រជាពលរដ្ឋជាច្រើននាក់មកហើយដែលធ្លាប់មានបញ្ហាជាមួយនឹងការទិញដីឡូត៍រហូតខាត់បង់ទាំងពេលវេលា និងប្រាក់កាក់ដែលខ្លួនរកបានដោយលំបាក ដោយទិញដីរួចហើយបែរជាត្រូវមានបញ្ហាដោះស្រាយមិនចេះចប់មិនចេះហើយទៅវិញ ។

ការទិញ-លក់ដីឡូត៍បញ្ហាប្រឈមចម្បងបំផុតគឺ «បញ្ហាកម្មសិទ្ធិ» ។ ជាទូទៅ​គម្រោង​ដីឡូត៍តែង​តែមាន​លិខិត​ផ្ទេរសិទ្ធិដើម្បីបញ្ជាក់ពីម្ចាស់កម្មសិទ្ធ ប៉ុន្តែអ្វីដែល​ជាបញ្ហាគួរឱ្យបារម្ភនោះគឺដីឡូត៍ដែលមានប្លង់រឹងហើយលក់​ទៅឱ្យ​អតិថិ​ជន​ដោយផ្ទេរសិទ្ធិត្រឹមតែខ័ណ្ឌ នោះនឹងកើតមានបញ្ហាត្រូវដោះស្រាយជាក់ជាមិនខាន ។

ដោយឡែក សម្រាប់គម្រោងដីឡូត៍ដែលមានប្លង់រឹងហើយម្ចាស់គម្រោងបានស្នើរសុំសិទ្ធិធ្វើអាជីវកម្មពុះដីឡូត៍លក់​បានត្រឹម​ត្រូវស្រប​ច្បាប់ និងលក់ឱ្យអតិថិជន​ដោយបំបែក​ក្បាលដីចេញ​ប្លង់រឹង​ត្រឹមត្រូវជូនអ្នកទិញនោះជាចំណុចវិសេសវិសាលបំផុត ។

ជារួមមុននឹងលោកអ្នកមានបំណងចង់ទិញដីឡូត៍អ្នកត្រូវប្រុងប្រយ័ត្នលើចំណុច​គ្រោះ​ថ្នាក់បំផុតនៅក្នុងការទិញដីឡូត៍គឺស្ថិតនៅ​ត្រង់ «ភាពជាកម្មសិទ្ធិកាន់កាប់ស្របច្បាប់» ។ ពោល ៖ «បើមានប្លង់ទន់ គឺផ្ទេរប្លង់ទន់ឱ្យអ្នកទិញ ប៉ុន្តែ​ប្រសិន​បើមានប្លង់រឹងគឺត្រូវបំបែកក្បាល​ដីរួចផ្ទេរប្លង់​រឹងជូនអ្នកទិញ» ។

ក្នុងនោះផងដែរ ដីឡូត៍ដែលលោកអ្នកគួរតែទិញអាចពិចារណាលើប៉ុន្មានចំណុចដូចជា ត្រូវមានទាំងប្លង់រឹងត្រឹមត្រូវ និងរត់ការក្នុងការធ្វើប្លង់រឹងជូនលោកអ្នកត្រឹមត្រូវស្របច្បាប់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវដូចជាប្រព័ន្ធលូ, ប្រព័ន្ធទឹកភ្លើងដើម្បីងាយស្រួលសម្រាប់លោកអ្នកអាចសាង់សង់ផ្ទះ ឬធ្វើអាជីវកម្មផ្សេងៗនៅពេលក្រោយ ៕

Comments