យោងតាមមាត្រា ១៥ នៃច្បាប់ភូមិបាលបានចែងថា ដីចំណីនៅតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើង គឺជាសម្បត្តិសាធារណៈរដ្ឋ។ បើយោងតាមច្បាប់ចំណីផ្លូវត្រូវបានកំណត់ច្បាស់លាស់ ដើម្បីជៀសរៀងការរំលោភបំពានណាមួយទៅលើសម្បត្តិសាធារណៈ។ បើពិនិត្យលើស្ថានភាពជាក់ស្តែងនៅពេលច្ចុប្បន្ននេះ ការប្រើប្រាស់ចំណីផ្លូវក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាសំខាន់មួយ ពោលគឺសំណង់អគារមួយចំនួនត្រូវបានសាងសង់ហួសចូលលើចំណីផ្លូវ ដែលបានឲ្យបាត់បង់សណ្តាប់ធ្នាប់ និងភាពស្រស់ស្អាត។ ត្រង់ចំណុចនេះរដ្ឋព្យាយាមគ្រប់គ្រង និងកំណត់ប្រវែងចំណីផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីធានាបានភាពត្រឹមត្រូវក្នុងការប្រើប្រាស់ដីរបស់ពលរដ្ឋគ្រប់រូប។ នេះបើយោងតាមអនុក្រិតស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្តាផ្លុវជាតិ និងផ្លុវរថភ្លើងររបស់កម្ពុជា។
តើចំណីផ្លូវនីមួយៗត្រូវកំណត់ប្រវែងប៉ុន្មាន?
១. ផ្លូវជាតិកម្រិត១
ផ្លូវជាតិកម្រិត១ គឺជាផ្លូវជាតិ ដែលមានលេខ១ខ្ទង់ ត្រូវកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ថាត្រូវទុកចំណីផ្លូវប្រវែង ៣០ ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ។ ប៉ុន្តែចំពោះផ្លូវជាតិកម្រិត១ ដែលឆ្លងកាត់រាជធានី ឬទីប្រជុំជន ត្រូវកំណត់ផ្សេងដោយរាជធានី ឬស្ថាប័នដែលគ្រប់គ្រងតំបន់នោះ។
២. ផ្លូវជាតិកម្រិត២
ផ្លូវជាតិកម្រិត២ គឺជាផ្លូវជាតិដែលមានលេខ ២ ខ្ទង់ ហើយក្រសួងកំណត់ឲ្យទុកចំណីផ្លូវចំនួន ២៥ម៉ែត្រពីសងខាងអ័ក្សផ្លូវ។ ប៉ុន្តែចំពោះផ្លូវជាតិកម្រិត២ ដែលឆ្លងកាត់រាជធានី ឬក្រុងនៃខេត្ត ឬទីប្រជុំជន ត្រូវកំណត់ផ្សេងដោយរាជធានី ឬស្ថាប័នដែលគ្រប់គ្រងតំបន់នោះ។
៣. ផ្លូវរថភ្លើង
ក្រសួងក៏បានកំណត់ដីចំណីផ្លូវសម្រាប់ផ្លូវរថភ្លើងដូចខាងក្រោម៖
- ផ្លូវរថភ្លើង ដែលឆ្លងកាត់ក្រៅរាជធានី ក្រុង ឬទីប្រជុំជនផ្សេងៗ ត្រូវរក្សាចំណីផ្លូវ ៣០ ម៉ែត្រពីសងខាងអ័ក្ស។
- សម្រាប់ដីចំណីផ្លូវរថភ្លើងដែលឆ្លងកាត់តំបន់ព្រៃភ្នំ ដែលមានថ្មរមៀលធ្លាក់ ឬតំបន់ព្រៃខ្ពស់ ត្រូវមានប្រវែង ១០០ ម៉ែត្រពីសងខាងអ័ក្សផ្លូវផងដែរ ដើម្បីធានាសុវត្ថិភាពការធ្វើដំណើរ។
- ចំពោះបរិវេណស្ថានីយ៍រថភ្លើងវិញ ក្រសួងកំណត់ឲ្យអនុវត្តតាមប្លង់ដែលមានស្រាប់។
ចំណែកឯចំណីដីផ្លូវរថភ្លើង ដែលឆ្លងកាត់ទីប្រជុំជន ត្រូវកំណត់ដោយអាជ្ញាធរនៃតំបន់នោះ។
ជាមួយនឹងការកំណត់ចំណីដីនោះដែរ ការប្រើប្រាស់ដីចំណីផ្លូវនោះ ត្រូវបានហាមឃាត់ ដោយសារតែដីចំណីផ្លូវនោះ ប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ និងសុវត្ថិភាពប្រជាពលរដ្ឋដែលនៅជុំវិញ។ រាល់ការអភិវឌ្ឍផ្លូវបន្ថែម ឬពង្រីកផ្លូវនៅក្នុងថ្ងៃអនាគត ប្រវែងដីចំណីផ្លូវនឹងត្រូវកំណត់ដដែល ដោយមិនមានការកែប្រែចំនួននេះឡើយ៕
តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
Comments