ចាប់តាំងពីការផ្ទុះឡើងនៃព្រឹត្តិកាណ៍សហគមន៍ ២០ កុម្ភៈ មកទីផ្សារដីឡូត៍បានជួបប្រឈមនឹងបញ្ហាជាច្រើនដែលធ្វើឱ្យចរន្តនៃការទិញ-លក់បានធ្លាក់ចុះយ៉ាងគំហុក ។ ប៉ុន្តែក្រោយបិទបញ្ចប់ព្រឹត្តិកាណ៍សហគមន៍ ២០ កុម្ភៈ រួចមកឃើញថា ដីឡូត៍ចាប់ផ្តើមដំណើរការល្អជាបណ្តើរឡើងវិញកាលពីដើមឆ្នាំ២០២១កន្លងទៅនេះ ។
បច្ចុប្បន្នកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើឱ្យមានតម្រូវការដីឡូត៍កាន់តែមានការកើនឡើងជាលំដាប់ ស្របពេលការវិនិយោគដីឡូត៍នៅកម្ពុជាកំពុងតែមានសន្ទុះជាបន្តបន្ទាប់ពីសំណាក់វិនិយោគិនជាច្រើន ។
តើឆ្នាំ២០២២ដីឡូត៍នៅដំណើរការ ឬជាប់គាំង?
តាមប្រភពលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាន ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបបានមានប្រសាសន៍ឱ្យដឹងអំពីការវិវឌ្ឍន៍នៃដីឡូត៍ក្នុងឆ្នាំ២០២២នេះថា ៖ «និយាយជារួមឆ្នាំ២០២២រហូតដល់២០៣០ដីឡូត៍នៅតែដំណើរការដដែល ព្រោះប្រជាជនកម្ពុជាមានវ័យក្មេងច្រើន គាត់មិនមានប្រាក់សម្រាប់ទៅទិញផ្ទះនោះទេ ។ ប៉ុន្តែរបៀបនៃការធ្វើដីឡូត៍គួរតែធ្វើបច្ចុប្បន្នភាព (Update) ។ ប្រសិនបើនៅតែបន្តធ្វើដីឡូត៍ដូចបច្ចុប្បន្ននេះទៀត ២ឆ្នាំទៀតគេនឹងឈប់ទិញដីឡូត៍ ។ ព្រោះដីឡូត៍ខ្លះមិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដោយមិនដឹងផ្លូវបែរទៅណា អត់មានលូ អត់មានទឹក អត់មានចរន្តភ្លើងដែលនៅឆ្ងាយពេកនោះគឺមិនដើរនោះទេ» ។
លោកបានបន្តថា ៖ «បច្ចុប្បន្ននេះដីឡូត៍ប្រសិនបើមិនកែប្រែទេ ដោយមិនពង្រឹងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ , លូ, ទឹក, ភ្លើង) ឱ្យបានត្រឹមត្រូវទេនោះ ដីឡូត៍នឹងដួលនៅ២ឆ្នាំក្រោយ ។ ប៉ុន្តែប្រសិនបើចេះធ្វើបច្ចុប្បន្នភាពដីឡូត៍ដោយអភិវឌ្ឍន៍ចេញជាប្លង់ច្បាស់តែម្តងនោះនឹងដំណើរការបាន» ។
ជាងនេះទៅទៀត លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាន បានថ្លែងបញ្ជាក់ថា ៖«ដីឡូត៍ដែលអាចដំណើរការទៅបានទាល់តែមានទំហំធំចាប់ពី៥ទៅ១០ហិកតាឡើងទៅហើយត្រូវចេះរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យត្រឹមត្រូវនោះដីឡូត៍នឹងដំណើរការ ។ ដូច្នេះឆ្នាំ២០២២ ដីឡូត៍ដំណើរការឬអត់វាអាស្រ័យលើម្ចាស់គម្រោងចេះរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អបានកម្រិតណា? ដីឡូត៍ដែលល្អ ជាដីឡូត៍ដែលមានផ្លូវធំ ដីឡូត៍ដែលអាចសាងសង់លំនៅដ្ឋានបាន និងមានតភ្ជាប់បណ្តាញលូ ទឹក-ភ្លើង ឱ្យបានរួចជាស្រេចដើម្បីអតិថិជនងាយស្រួលក្នុងការចូលរស់នៅ» ៕
Comments