+85561 777 090
Logo
ឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ
Updated on: December 15, 2023, 7:51 a.m.
Published on: December 15, 2023, 7:51 a.m.

ឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ


ស្របពេលដែលតម្រូវការការលំនៅដ្ឋានមានច្រើនអ្នកអភិវឌ្ឍបុរីក៏កំពុងព្យាយាមបង្កើនល្បឿនវិនិយោគនៅក្នុងទីផ្សារដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ និងជម្រុញការអភិវឌ្ឍន៍ឆ្ពោះទៅរកកាន់តំបន់ជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដើម្បីផ្តល់ជូននូវគម្រោងល្អបំផុត និងតម្លៃសមរម្យ។

ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេ មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងពី ឯកសារផ្នែកច្បាប់សំខាន់ៗមួយចំនួនដើម្បីជៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច ។ ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យជាមួយអ្នកអភិវឌ្ឍបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ណាមួយ ៖

ទី១-ប្លង់រឹង

នៅពេលអ្នកទិញផ្ទះពីគម្រោងបុរី អ្នកត្រូវពិនិត្យមើលប្លង់រឹង២ ប្រភេទ។ ប្លង់ទី១គឺប្លង់រឹងសម្រាប់ គម្រោងទាំងមូល ។ ប្លង់រឹងនេះជាប្លង់មេ ហើយគ្រប់ដណ្តប់លើផ្ទៃដីទាំងមូលរបស់គម្រោង ។ ប្លង់ទី២ ប្លង់រឹងនៃក្បាលដីដែលបានកាត់សម្រាប់ផ្ទះរបស់អ្នកនៅក្នុងបុរី ។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរ ប្លង់ទៅជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក ។ ប្លង់នេះនឹងក្លាយជាប្លង់ឯកជន គម្រោងបុរីស្របច្បាប់គួរតែ មានប្លង់រឹងទាំងនេះសម្រាប់ផ្តល់ជូនអ្នកទិញ ។ ប្រសិនបើពួកគេមិនអាចបង្ហាញថាគម្រោងមានប្លង់រឹង ទាំងពីរប្រភេទនេះទេ សូមកុំចុះកិច្ចសន្យាទិញលក់ឲ្យសោះ ។

ទី២-ការចុះបញ្ជីក្រុមហ៊ុន

កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ ។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងការសាងសង់បាន ។ ម្យ៉ាងវិញទៀតមើលឃើញថាគម្រោងកំពុងដំណើរ ការសាងសង់មិនមែនមានន័យថាគម្រោងដែលកំពុងដំណើរការគឺស្របច្បាប់នោះទេ ។ ដូចនេះអ្នកត្រូវ សួររកលិខិតចុះបញ្ជីក្រុមហ៊ុន ដើម្បីធានាថាទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអាចធ្វើអាជីវកម្មស្របច្បាប់ ។ ទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ ។

ទី៣-ការអនុម័តប្លង់មេ

នេះគឺជាឯកសារដ៏សំខាន់មួយ ដែលអ្នកត្រូវតែដឹង។ ប្លង់មេរបស់គម្រោង (ប្លង់របស់គម្រោងទាំងមូល) ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ជាទូទៅផែនការមេ ឬប្លង់មេ ត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើម។ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ទាំងមូលដែលបានគ្រោងទុក ថាតើគម្រោង មានទ្រង់ទ្រាយធំ ឬតូច។ អ្នកអភិវឌ្ឍដែលអាចទុកចិត្តបាននឹង បង្ហាញអ្នកនូវឯកសារនេះ។

ទី៤- អាជ្ញាប័ណ្ណសាងសង់

ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ គម្រោងបុរី ត្រូវតែដាក់ពាក្យស្នើអជ្ញាប័ណ្ណសាងសង់ដើម្បីធានាថាការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយស្តង់ដារគុណភាពគ្រប់គ្រាន់ មានស្ថេរភាព  និងមានសេវាកម្មចាំបាច់គ្រប់គ្រាន់នៅក្នុង គម្រោងទាំងមូល។ នៅពេលដែលក្រសួងបានត្រួតពិនិត្យ កត្តាទាំងនេះត្រឹមត្រូវហើយ ក្រសួងនឹងចេញ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ។ ដូចនេះលោកអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេល អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ណាមួយ។

ទី៥- អាជ្ញាប័ណ្ណបុរី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណដល់គ​ម្រោងបុរី នៅពេលគ្រប់យ៉ាងពិនិត្យឃើញថា មានភាពត្រឹមត្រូវ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់ លក្ខខណ្ឌស្របតាមការកំណត់ររបស់ រដ្ឋទាក់ទងនឹងគុណភាព ការរចនាប្លង់  ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។

មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងវាយតម្លៃដោយពឹងផ្អែកលើបញ្ជី វាយតម្លៃរបស់ខ្លួនដើម្បីពិនិត្យមើលថាតើការអភិវឌ្ឍន៍នេះមានប្រភពចំណូលច្បាស់លាស់  ដើមទុន គ្រប់គ្រាន់ ទ្រព្យតម្កល់ ប្លង់រឹង និងទ្រព្យសកម្មផ្សេងៗទៀត ដែលគាំទ្រដល់ការវិនិយោគរបស់ពួកគេ។ គ្រប់លក្ខខណ្ឌទាំងនេ គេអាចចាត់ទុកគម្រោងរអភិវឌ្ឍន៍នេះថាជា "បុរី" ហើយអ្នកអាចទិញ និងលក់ ជាមួយគម្រោងនេះដោយស្របច្បាប់។

សូមចងចាំថា គម្រោងអភិវឌ្ឍន៍មួយចំនួនក៏បានហៅខ្លួនឯងថាជាបុរី នៅក្នុងការធ្វើទីផ្សាររបស់ពួកគេ បើទោះបីជាគម្រោងទាំងនោះមានមិនមានអជ្ញាប័ណ្ណបុរីក៏ដោយ។ ដូចនេះនៅពេលទិញលំនៅដ្ឋានក្នុង បុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះឲ្យបានច្បាស់លាស ៕

Comments