យោងតាមការចុះផ្សាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsubishi ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
កន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន-កម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ ។
ដើម្បីជាកិច្ចស្វាគមន៍ទៅដល់វិនិយោគិនជប៉ុន ដែលគ្រោងមកបោះទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមរៀបចំដីសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទទួលការវិនិយោគនេះផងដែរ ។
ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀតមកវិនិយោគនៅកម្ពុជា ។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត ។
ជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់ ក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព ៕
Comments