+85561 777 090
Logo
ពពុះសេដ្ឋកិច្ចនៅក្នុងវិស័យអចលនទ្រព្យ ឬជាភាសាអង់គ្លេស Real Estate Bubble
Updated on: June 2, 2022, 6:26 p.m.
Published on: April 1, 2020, 7:15 a.m.

ពពុះសេដ្ឋកិច្ចនៅក្នុងវិស័យអចលនទ្រព្យ ឬជាភាសាអង់គ្លេស Real Estate Bubble


ភាគច្រើនប្រាកដជាធ្លាប់លឺអំពីពពុះសេដ្ឋកិច្ចនៅក្នុងវិស័យអចលនទ្រព្យ ឬជាភាសាអង់គ្លេស real estate bubble ប៉ុន្ដែហាក់មិនទាន់បានយល់ច្បាស់ថាតើឃ្លានេះមានន័យយ៉ាងដូចម្តេច។ នៅក្នុងអត្ថបទ នេះយើងនឹងធ្វើការបកសា្រយអំពីឃ្លានេះ និងលើកឡើងអំពីកត្តាមួយចំនួនដែលបណ្ដាលឲ្យពពុះសេដ្ឋកិច្ចនេះផ្ទុះបែក។

តើអ្វីទៅគឺជាពពុះសេដ្ឋកិច្ច ឬ Economic Bubble?

ពពុះសេដ្ឋកិច្ចគឺសំដៅទៅលើស្ថានភាពមួយដែលតម្លៃរបស់ទំនិញណាមួយមានការកើនឡើងខ្ពស់ហួសកំរិត ហើយតម្លៃនោះបន្ដធ្លាក់ចុះមកវិញនៅពេលដែលតម្រូវការថយចុះ ឬទទួលរងផលប៉ះពាល់ក្នុងរយៈពេលជាក់លាក់ណាមួយ។

ដើម្បីឲ្យកាន់ងាយយល់ ពពុះសេដ្ឋកិច្ចកើតមាននៅពេលដែលមានតម្រូវការកើនឡើង ស្របពេលការផ្គត់ផ្គង់មានតិច ដែលជាហេតុធ្វើឲ្យតម្លៃកើនឡើង ហើយ ពពុះនោះផ្ទះបែកទៅវិញនៅពេលដែលការផ្គង់ផ្គង់មានច្រើនចំណែកឯតម្រូវការធ្លាក់ចុះ។

តើអ្នកអាចកំណត់ដំណាក់កាលរបស់ពពុះសេដ្ឋកិច្ចបានដោយរបៀបណា?

ភាគច្រើនពពុះសេដ្ឋកិច្ចកើតឡើងនៅពេលដែលអ្នកវិនិយោគចាប់អារម្មណ៍ទៅលើផលិតផល ឬគម្រោងនៅក្នុងវិស័យណាមួយ។ ពពុះសេដ្ឋកិច្ចត្រូវបានបែងចែកវាជាបួនដំណាក់កាលធំរួមមាន៖

ដំណាក់កាលទី១

អ្នកវិនិយោគសម្លឹងឃើញពីផលចំណេញនៃមុខទំនិញ ឬគំនិតអាជីវកម្មថ្មីៗ ហើយចាប់ផ្ដើមដាក់ទុនវិនិយោគទៅក្នុងវិស័យនោះ។

ដំណាក់កាលទី២

ការវិនិយោគកើតមានឡើង ហើយការផ្គត់ផ្គង់នៅក្នុងទីផ្សារមានតិចធ្វើឲ្យអត្រាតម្លៃនៃទំនិញទាំងនោះហក់ខ្ពស់។

ដំណាក់កាលទី៣

នៅពេលដែលអ្នកទិញចូលទៅកាន់ទីផ្សារច្រើន ការផ្គត់ផ្គង់កាន់តែកើនឡើង ប៉ុន្ដែអ្នកវិនិយោគចាប់ផ្ដើមដកថយ និងដកទុនចេញព្រោះពួកគេគិតថាទំនិញនោះលែងផ្ដល់ផលចំណេញខ្ពស់សម្រាប់ពួកគេ។

ដំណាក់កាលទី៤

ការចាកចេញពីទីផ្សារពីសំណាក់អ្នកវិនិយោគ និងអ្នកទិញដែលបង្ខំឲ្យពពុះសេដ្ឋកិច្ចនោះផ្ទុះបែក។

តើកត្តាអ្វីដែលជម្រុញឲ្យពពុះសេដ្ឋកិច្ចនេះផ្ទុះបែក?

ជាទូទៅ វាមានកត្ដាជាច្រើនដែរជម្រុញឲ្យពពុះសេដ្ឋកិច្ចនេះផ្ទុះបែកប៉ុន្ដែនៅក្នុងវិស័យអចលនទ្រព្យ គឺវាបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ច។ ឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាកាលពីមួយទសវត្សរ៍មុន ស្របពេលប្រទេសប្រឈមនឹងវិបត្តិសេដ្ឋកិច្ច វិស័យអចលនទ្រព្យ និងសំណង់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (Overseas Development Institute) ចេញផ្សាយឆ្នាំ២០០៩ បានបង្ហាញថា ក្នុងពាក់កណ្ដាលឆ្នាំ ២០០៨ គេសង្កេតឃើញថាតម្លៃអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងទ្វេដង បើធៀបជាមួយតម្លៃក្នុងរយៈពេលដដែលកាលពីឆ្នាំ២០០៧។ ថ្លៃដើម និងកម្លាំងពលកម្មកើនឡើង។ ប៉ុន្ដែវិបត្តិសេដ្ឋកិច្ចពិភពលោកបានបណ្ដាលឲ្យពពុះសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យបានផ្ទុះ ជាហេតុធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះចន្លោះពី៣០% ទៅដល់៤០%។ ចំណែកឯការលក់គម្រោងអចលនទ្រព្យវិញគឺបានធ្លាក់ចុះជាគំហុកចន្លោះចាប់ពី ៥០% ទៅ ៨០%។

ប៉ុន្ដែទោះបីជាយ៉ាងណាពពុះសេដ្ឋកិច្ចនៅក្នុងវិស័យអចលនទ្រព្យកើតឡើងជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយវាក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យទាំងមូលនោះដែរ។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

Comments