+85561 777 090
Logo
ចង់​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ​ត្រូវ​មាន​ឯកសារ​ទាំងនេះ​សិន​ចៀសវាង​ទៅ​ហើយ​មក​វិញ​ដៃទទេ
Updated on: May 26, 2022, 6:45 p.m.
Published on: April 18, 2022, 10:42 a.m.

ចង់​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ​ត្រូវ​មាន​ឯកសារ​ទាំងនេះ​សិន​ចៀសវាង​ទៅ​ហើយ​មក​វិញ​ដៃទទេ


ការ​ខ្ចី​លុយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទិញ​ផ្ទះ (​ឥណទាន​ទិញ​ផ្ទះ​) គឺជា​ជម្រើស​ដែល​កំពុង​មានការ​ពេញ​និយម​មួយ​ពី​សំណាក់​អតិថិជន​ដែល​ស្វែងរក​ទិញ​លំនៅ​ឋាន​នា​ពេល​បច្ចុប្បន្ន ។ កម្ចី​ធនាគារ​ដើម្បី​ទិញ​លំនៅ​ឋាន​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​លទ្ធភាព​ទិញ​ផ្ទះ​ពី​មុន​បែរជា​អាច​ទិញ​បាន ទោះបីជា​ពួក​គេ​មិន​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​នឹង​តម្លៃ​ផ្ទះ​ក៏​ដោយ ។

ថ្វីបើ​ការ​ខ្ចីប្រាក់​ដើម្បី​ទិញ​ផ្ទះ​គឺជា​រឿង​សាមញ្ញ និង​មិនមែន​ជា​រឿង​ថ្មី​ក៏​ពិតមែន ប៉ុន្តែ​វា​មាន​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​លោក​អ្នក​ត្រូវ​ដឹង​ជា​មុន​ដើម្បី​សន្សំ​ពេលវេលា និង​ថវិការ​របស់​លោក​អ្នក​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​កម្ចី​ទាំងនោះ ។ ខាងក្រោម​នេះ​គឺ​ឯកសារ​សំខាន់​ៗ​ដែល​លោក​អ្នក​គួរ​ដឹង​មុន​ពេល​ដាក់​ស្នើ​កម្ចី​សម្រាប់​ទិញ​ផ្ទះ ៖

ទី​១. ប្រភព​ចំណូល​របស់​ខ្លួន

ជា​ទូទៅ​អ្នក​ដែល​អាច​មាន​លទ្ធភាព​ស្នើ​សុំ​កម្ចី​ដើម្បី​ទទួល​បានការ​អនុម័ត​ពី​ខាង​ធនាគារ គឺជា​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​ត្រឹមត្រូវ ។ ក្នុង​នោះ​បុគ្គល​ស្នើ​សុំ​កម្ចី​អាច​មាន​ប្រភព​ចំណូល​បែងចែក ជា​ប្រភេទ​ណាមួយ​ក្នុង​ចំណោម​ទាំង​ពីរ​យ៉ាង​គឺ ចំណូល​ពី​ប្រាក់​បៀរ​វត្ស និង​ចំណូល​ពី​របរ​អាជីវកម្ម ។

ក​/. ចំណូល​ពី​ប្រាក់​បៀរ​វត្ស (​ប្រាក់ខែ​)

សម្រាប់​លោក​អ្នក​ដែល​មាន​ចំណូល​ជា​ប្រាក់​បៀរ​វត្ស​ឯកសារ​ដែល​លោក​អ្នក​ត្រូវ​មាន​ឬ​រៀបចំ​មាន​ដូច​ជា ៖

•​ ​សៀវភៅ​ធនាគារ ឬ​របាយការណ៍​ធនាគារ ឬ​លិខិត​ទទួល​ប្រាក់ខែ​តិច​បំផុត​៣​ខែ​ចុង​ក្រោយ
•​ ​កិច្ចសន្យាការងារ ឬ​លិខិតបញ្ជាក់​ការងារ​ចេញ​ដោយ​ក្រុមហ៊ុន
•​ ​ប្រវត្តិរូប​សង្ខេប
•​ ​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន
•​ ​កិច្ចសន្យា​ទិញ​លក់ ឬ​ពង្រៀង​កិច្ចសន្យា​ទិញ​លក់
•​ ​លិខិតអនុញ្ញាត​ឱ្យ​ធនាគារ​ឆែក​មើល​ប្រវត្តិ​ឥណទាន​របស់​លោក​អ្នក (​ជា​ទូទៅ​ធនាគារ​ជា​អ្នក​រៀបចំ​ឯកសារ​ជូន​លោក​អ្នក​ដោយ​លោក​អ្នក​ត្រូវ​ផ្តិត​មេដៃ​ដើម្បី​អនុញ្ញាត​)

ខ​/. ចំណូល​ពីមុខ​របរ ឬ​ជំនួញ​ផ្ទាល់ខ្លួន

សម្រាប់​លោក​អ្នក​ដែល​មាន​ចំណូល​ពី​មុខរបរ​អាជីវកម្ម ឯកសារ​ដែល​លោក​អ្នក​ត្រូវ​មាន ឬ​រៀបចំ​មាន​ដូច​ជា​៖

•​ ​ប៉ាតង់​ចុង​ក្រោយ
•​ ​អាជ្ញាប័ណ្ណ​លើ​មុខរបរ
•​ ​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​វិញ្ញាបនបត្រ​ក្រុមហ៊ុន
•​ ​សៀវភៅ​ធនាគារ ឬ​របាយការណ៍​ធនាគារ
•​ ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ
•​ ​វិ​ក័យ​ប័ត្រ​ទិញ ឬ​លក់​៣​ខែ​ចុង​ក្រោយ
•​ ​ព័ត៌មាន​ពី​ក្រុមហ៊ុន (​បើ​មាន​)
•​ ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន
•​ ​កិច្ចសន្យា​ទិញ​លក់
•​ ​លិខិតអនុញ្ញាត​ឱ្យ​ធនាគារ​ឆែក​មើល​ប្រវត្តិ​ឥណទាន​របស់​លោក​អ្នក (​ជា​ទូទៅ​ធនាគារ​ជា​អ្នក​រៀបចំ​ឯកសារ​ជូន​លោក​អ្នក ដោយ​លោក​អ្នក​ត្រូវ​ផ្តិត​មេដៃ​ដើម្បី​អនុញ្ញាត​)​។

ទី​២. ឯកសារ​ផ្សេង​ៗ

គួរ​បញ្ចា​ក់ថា ឯកសារ​ដែល​មាន​រៀបរាប់​ខាងលើ គឺជា​ឯកសារ​ដែល​ធនាគារ​នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​និយម​តម្រូវ​ឱ្យ​មាននៅ​ពេល​ដែល​ដាក់​ស្នើ​ឥណទាន​ជំហាន​ដំបូង​បង្អស់​។ ប៉ុន្តែ​នៅ​ពេល​ដែល​ធនាគារ​បាន​សិក្សា​ជាក់លាក់​ទៅ​លើ​ករណី​របស់​លោក​អ្នក ជូន​កាល​ពួក​គេ​អាច​នឹង​ស្នើ​សុំ​ឱ្យ​អ្នក​រៀបចំ​ឯកសារ​ច្រើន​ជាង​នោះ ដោយ​មើល​តាម​ស្ថានភាព​ជាក់ស្តែង ។

ឧទាហរណ៍ ៖ ប្រសិនបើ​លោក​អ្នកមាន​កម្ចី​រួម​ជាមួយ​ភាគី​ម្នាក់​ទៀត ហើយ​ភាគី​ម្នាក់​ទៀត​ជា​ជនបរទេស ខាង​ធនាគារ​អាច​នឹង​ស្នើ​សុំ​ដល់​ទិដ្ឋាការ​ស្នាក់​នៅ​របស់​ពួក​គេ​ជាដើម​។ ជួនកាល មាន​ធនាគារ​ខ្លះ​ក៏​អាច​ស្នើ​សុំ លិខិតបញ្ជាក់​ភាព​នៅ​លីវ ប្រសិនជា​លោក​អ្នក​មិន​ទាន់​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ។

ក្រៅពី​ឯកសារ​ទាំងនេះ នៅ​មាន​សំនុំ​ឯកសារ​ជា​ច្រើន​មុខ​ទៀត ដែល​លោក​អ្នក​នឹង​ត្រូវ​រៀបចំ ចុះហត្ថលេខា និង​ផ្តិត​មេដៃ ដែល​ភាគច្រើន​គឺជា​ការ​រៀបចំ​រវាង​ភាគី​ខាង​ធនាគារ និង​ខាង​ម្ចាស់ផ្ទះ (​ជា​ពិសេស​ប្រសិនជា​លោក​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ជាដើម​) ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​តម្រូវ​ឱ្យ​ផ្តល់​ព័ត៌មាន​អំពី​គេហដ្ឋាន​ដែល​អ្នក​បាន​ទិញ​ឱ្យ​បាន​ពិស្តារ ។ ឧទាហរណ៍ រូបថត​ឬ​វី​ដេ​អូ​ពី​ស្ថានភាព​សំណង់ រូប​ស្ថាបត្យកម្ម​ខាងក្រៅ ផែនទី​ផ្ទះ ។ល​។

ដោយសារ​តែ​ធនាគារ​នីមួយ​ៗ​អាច​នឹង​តម្រូវ​ឱ្យ​ភាគី​អ្នក​ខ្ចី​រៀបចំ​ឯកសារ​ផ្សេង​ៗ​គ្នា​បន្តិចបន្តួច ដូច្នេះ​លោក​អ្នក​អាច​ត្រួតពិនិត្យ​តម្រូវការ​របស់​ធនាគារ​នោះ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​ចៀសវាង​ចំណាយពេល​ច្រើន​ក្នុង​ការ​រៀបចំ​ព័ត៌មាន​ទាំងនោះ ៕

Comments