ការទិញផ្ទះជារឿងស្មុគស្មាញ ប៉ុន្តែវាមិនមែនតែងតែពិបាកនោះទេ ពេលខ្លះរឿងសាមញ្ញៗក៏អាចធ្វើឱ្យអ្នកទទួលបានផលចំណេញច្រើនដោយមិនដឹងខ្លួន ។ បើសិនបើអ្នកខ្លាចថាទិញផ្ទះមិនបានល្អ ថ្លៃពេក តូចពេក ឆ្ងាយពេក ឬមិនសូវទាន់សម័យជាដើម ។ល។ អ្នកអាចធ្វើតាមវិធីមួយនេះដើម្បីប្រាកដថាផ្ទះដែលអ្នកនឹងទិញគឺទិញដោយការពេញចិត្ត ។
គោលការណ៍ ៥-៣-១
ជាការណែនាំខ្លីមួយ Realestate.com.kh លើកយកចំណុចមួយមកបង្ហាញដល់អ្នក ។ លោកអ្នកត្រូវពិនិត្យមើលគម្រោងយ៉ាងតិច៥មកជ្រើសរើស ហើយពិចារណាគម្រោងត្រឹម៣ដែលលោកអ្នកគិតថាល្អបំផុតសម្រាប់អ្នក ហើយចុងក្រោយអ្នកត្រូវជ្រើសរើសយកតែមួយ ។
បើលោកអ្នកអាចធ្វើតាមការណែនាំនេះបានលោកអ្នកមិនងាយទិញផ្ទះខុសនោះទេ ។ ការដែលធ្វើដូច្នេះគឺជួយលោកអ្នកឱ្យធ្វើការសម្រេចចិត្តទិញផ្ទះបានត្រឹមត្រូវ តាមរយៈវិធីប្រៀបធៀប ។
តើប្រៀបធៀបលើចំណុចអ្វីខ្លះ?
ចំណុចលម្អិតដែលអ្នកត្រូវសួរដេញដោលលម្អិតមានដូចជា៖
- ទីតាំងគម្រោង
- តម្លៃពេញ និងការបញ្ចុះតម្លៃ
- លក្ខខណ្ឌបង់ប្រាក់
- អត្រាការប្រាក់
- គុណភាពសំណង់
- ម៉ូដផ្ទះ និងសោភ័ណភាពនៃគម្រោង
- ភាពស្របច្បាប់នៃគម្រោង
- កម្មសិទ្ធិកាន់កាប់
- ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងគម្រោង និងក្រៅគម្រោងជាដើម
នៅពេលពិនិត្យឃើញច្បាស់ថាគម្រោងមួយណាសមរម្យដែលត្រូវជាមួយតម្រូវការក្នុងក្តីស្រម៉ៃរបស់លោកអ្នកច្រើនជាងគេ សូមជ្រើសរើសយកគម្រោងមួយនោះជាការស្រេច ៕
Comments