+85561 777 090
Logo
ផលប្រយោជន៍ធំៗចំនួន៣នៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម
Updated on: June 6, 2022, 6:15 a.m.
Published on: March 26, 2020, 9:22 a.m.

ផលប្រយោជន៍ធំៗចំនួន៣នៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម


តើអ្វីទៅជាអចលនទ្រព្យពាណិជ្ជកម្ម?

អចលនទ្រព្យពាណិជ្ជកម្ម គឺជាអចលនទ្រព្យទាំងឡាយណាដែលប្រើសម្រាប់ការធ្វើអាជីវកម្ម។ អចលនទ្រព្យទាំងនោះរួមមាន៖ សណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំ ឬរាយ អគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

បច្ចុប្បន្នវិស័យសំណង់អចលនទ្រព្យបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០១៩ ធៀបទៅនឹងឆ្នាំ២០១៨។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះយើងអាចសង្កេតឃើញមានវត្តមានអគារពាណិជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម។

ឆ្នាំ២០១៩ទុនវិនិយោគសរុបលើវិស័យសំណង់ស្មើ ៩.៥ពាន់លានដុល្លារ

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៤៤៤៦ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ១៨.៥ លានម៉ែត្រការ៉េ​ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩.៥ ពាន់លានដុល្លារអាមេរិក។

ចំពោះវិស័យសំណង់ទុនវិនិយោគគឺជាកត្ដាសំខាន់មួយដែលមិនអាចខ្វះបានព្រោះគម្រោងនីមួយៗត្រូវការទំហំទឹកប្រាក់ច្រើនដើម្បីបញ្ចប់ការសាងសង់តាមការគ្រោងទុក។​

សព្វថ្ងៃប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់វិនិយោគិនបរទេសសម្រាប់ការវិនិយោគលើវិស័យសំណង់ទាំងសំណង់ពាណិជ្ជកម្ម និងលំនៅដ្ឋាន។ ជាក់ស្ដែង គម្រោងអចលនទ្រព្យលំនៅដ្ឋានក៏មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។

វិនិយោគិនក្នុងស្រុកចាប់ផ្ដើមវិនិយោគលើគម្រោងសំណង់ពាណិជ្ជកម្ម

ក្នុងពេលបច្ចុប្បន្ននេះមិនមែនមានតែក្រុមហ៊ុនវិនិយោគបរទេស និងវិនិយោគិនបរទេសនោះទេ ដែលកំពុងធ្វើការវិនិយោគលើគម្រោងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានការកើនឡើងយា៉ងខ្លាំងនៃសន្ទុះវិនិយោគល់ើគម្រោងអគារ ឬ អចនលទ្រព្យពាណិជ្ជកម្មពីក្រុមហ៊ុនវិនិយោគ និងវិនិយោគិនក្នុងស្រុក។

តើហេតុអ្វីបានក្រុមហ៊ុនវិនិយោគ និងវិនិយោគិនជាច្រើនងាកទៅធ្វើការវិនិយោគលើគម្រោងអចលន ទ្រព្យពាណិជ្មកម្ម? ខាងក្រោមនេះ ជាផលប្រយោជន៍សំខាន់ៗចំនួន៣ដែលអ្នកគួរពិចារណាក្នុងការវិនិយោគលើ វិស័យអចលនទ្រព្យពាណិជ្ជកម្ម៖

ទទួលបានផលចំណេញខ្ពស់

ទោះបីការវិនិយោគក្នុងអចលនទ្រព្យពាណិជ្ជកម្មអាចមានភាពប្រថុយប្រថានខ្លាំងសម្រាប់អ្នកវិនិយោគ ប៉ុន្ដែវានឹងផ្ដល់នូវផលចំណេញខ្ពស់ជាទីគាប់ចិត្តដល់អ្នក។ អ្នកនឹងទទួលបានផលចំណេញពីការជួលខ្ពស់ ជាងការវិនិយោគលើអចលនទ្រព្យលំនៅដ្ឋាន។

មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានផលចំណេញកើនឡើងជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត អ្នកជួលជាអ្នករ៉ាប់រងរាល់ការចំណាយបន្ថែមផ្សេងៗក្រៅពីតម្លៃថ្លៃជួល នេះមានន័យថា ពួកគេនឹងចំណាយទៅលើសេវាសម្អាត ការបង់ពន្ធ សេវាសន្ដិសុខ ឬធានារ៉ាប់រងផ្សេងៗជាដើម។

កិច្ចសន្យាជួលរយៈពេលវែង

បើប្រៀបធៀបជាមួយកិច្ចសន្យាជួលផ្ទះ អចលនទ្រព្យប្រភេទនេះមានរយៈពេលវែងជាង ដោយកិច្ចសន្យាជួលផ្ទះភាគច្រើនគឺធ្វើឡើងក្នុងរយៈពេល ៦ខែ ឬ១ឆ្នាំប៉ុណ្ណោះ។ ចំណែកឯកិច្ចព្រមព្រៀងជួលអចលនទ្រព្យពាណិជ្ជកម្មវិញគឺធ្វើឡើងចន្លោះពី ៣ទៅដល់១០ឆ្នាំ អាស្រ័យទៅលើការព្រមព្រៀងរវាងម្ចាស់អចលនទ្រព្យ និងអ្នកជួល នេះជាកត្តាធ្វើឲ្យប្រាក់ចំណូលរបស់អ្នកមានស្ថេរភាព។

ទទួលបានការថែទាំដិតដល់

ជាទូទៅការជួលអចលនទ្រព្យពាណិជ្ជកម្មគឺភាគច្រើនប្រើសម្រាប់ការបើកអាជីវកម្ម និងការផ្ដល់សេវាកម្ម ដូច្នេះសោភ័ណ្ឌភាពរបស់អគារគឺជារឿងសំខាន់បំផុតសម្រាប់អតិថិជន។ អនាម័យ និងភាពស្អាត គឺត្រូវបានយល់ចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកជួល។ ពួកគេនឹងថែទាំទ្រព្យសម្បត្តិរបស់អ្នកយ៉ាងដិតដល់ ព្រោះវាជាមុខមាត់របស់អាជីវកម្មរបស់ពួកគេ។ ម្យ៉ាងទៀតចំពោះការជួសជុល និងកែលំអថ្មីគឺជាទំនូលខុសត្រូវរបស់អ្នកជួល។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

 

Comments