បញ្ហារឿងគុណភាពសំណង់ផ្ទះតែងតែកើតមានជារឿយៗនាពេលកន្លងមកនេះ ជាពិសេសលើសំណង់ប្រភេទផ្ទះបុរីដែលសាងសង់ក្នុងណាមួយក្រោយពេលអតិថិជនដែលជាម្ចាស់ផ្ទះចូលរស់នៅមិនទាន់បានប៉ុន្មានផងក៏មានករណីប្រេះជញ្ជាំង ស្រុត ឬជ្រាបទឹករហូតដល់ថ្នាក់លិចទឹកតាមតំបូលចូលតាមពិដានក៏មាន ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណុចសំខាន់ចំនួន២ដែលអ្នកត្រូវតែដឹងឱ្យច្បាស់មុននឹងសម្រេចចិត្តទិញផ្ទះ ៖
ទី១. ម្ចាស់គម្រោង
វាគឺជារឿងសំខាន់ណាស់ក្នុងការដែលត្រូវស្គាល់ថា តើអ្នកណាជាម្ចាស់គម្រោងសាងសង់ផ្ទះដែលអ្នកកំពុងតែចង់ទិញ? ជីវប្រវត្តិច្បាស់លាស់របស់ម្ចាស់គម្រោងជាផ្នែកសំខាន់មួយដែលបញ្ជាក់ថា ផ្ទះនោះមានគុណភាពគួរឱ្យទុកចិត្តបានកម្រិតណា ។ ឧទាហរណ៍ថា ៖ គម្រោងមួយលើកស្លាកសាងសង់ ប៉ុន្តែគ្មានអ្នកណាដឹងសោះឡើយថា ម្ចាស់គម្រោងនោះមានឈ្មោះអ្វី? មានប្រភពមកពីណា? ហើយជាម្ចាស់គម្រោងដែលធ្លាប់មានបទពិសោធន៍ច្បាស់លាស់ក្នុងការសាងសង់គម្រោងលំនៅឋានដែរឬទេ? ដូច្នេះហើយតើលោកអ្នកគិតថា អាចទុកចិត្តគម្រោងនោះបានដោយរបៀបណា បើសូម្បីតែអ្នកអភិវឌ្ឍន៍សំណង់នោះជាមនុស្សបែបណាក៏មិនដឹងផង ។
ទី២. ចុះត្រួតពិនិត្យ
ការសាងសង់ផ្ទះប្រៀបបាននឹងការដាំដើមឈើអ៊ីចឹង ប្រសិនបើលោកអ្នកមិនបានថែទាំឱ្យបានដិតដល់ទេនោះ ដើមឈើមួយដើមនោះប្រាកដជាងាប់មិនខានឡើយ ។ ដូច្នេះទោះបីជាអ្នកមិនមានជំនាញផ្នែកសំណង់ ប៉ុន្តែក៏ត្រូវឧស្សាហ៍ទៅចុះត្រួតពិនិត្យមើលដើម្បីចៀសវាងការធ្វើខុសបច្ចេកទេសណាមួយដូចជាការបូក សសរវៀច ឬរៀបការ៉ូមិនត្រូវជួរជាដើម ។ លោកអ្នកត្រូវដឹងថានៅពេលដែលអ្នកមិនឧស្សាហ៍ទៅមើល ជាងមួយចំនួនអាចនឹងមិនធ្វើតាមស្ទង់ដារ ឬអាចនិយាយបានថាធ្វើឱ្យតែរួចពីដៃក៏ថាបាន ដែលជាហេតុធ្វើឱ្យសំណង់លំនៅឋានរបស់លោកអ្នកងាយនឹងពុក ឬជ្រាបទឹកជាដើម ៕
Comments