+85561 777 090
Logo
ប្រយ័ត្ន ! នេះជាល្បិចបោកលក់ដីទាំង៥ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ
Updated on: June 5, 2022, 4:36 p.m.
Published on: July 26, 2021, 10:19 a.m.

ប្រយ័ត្ន ! នេះជាល្បិចបោកលក់ដីទាំង៥ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ


រូបតំណាង

ទន្ទឹម​នឹង​និន្នាការ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឱ្យ​មាន​កំណើន​ការ​ទិញ​-​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រយោជន៍​​ច្រើន​ប្រសិនបើ​អ្នក​ធ្វើ​បាន​ត្រឹមត្រូវ ។ ស្រប​ពេល​សន្ទុះ​តម្រូវការ​មានការ​កើនឡើង​នេះ​ផង​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លង​មក​ហើយ​ដែល​ធ្លាប់​ត្រូវ​បាន​ចាញ់បោក​ជនខិលខូច​ដែល​ជា​ដង្កូវ​ក្នុង​សាច់​បង្កបខ្លួន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មាន​សក្តានុពល​មួយ​នេះ ។​

ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​អាច​ធ្វើការ​ជាមួយ​អ្នក ជួយ​អ្នក និង​ប្រាប់​អ្នក​ពី​ការ​ឆបោក​គ្រប់​រូបភាព​បាន ។ លើស​ពី​នេះ​ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​ថា អ្នក​កំពុង​ត្រូវ​បាន​គេ​បោកប្រាស់ សូម​ស្វែងរក​ដំបូន្មាន​ផ្នែក​ច្បាប់​មុន​ពេល​ដែល​អ្នក​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ណាមួយ ។ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ការ​បោកប្រាស់​ទាំងនេះ​បន្លាច​អ្នក​នោះ​ទេ ដូច្នេះ​ថ្ងៃនេះ realestate.com.kh នឹង​លើកយក​ល្បិច​ឆបោក​របស់​ជនខិលខូច​ទាំង​៥​ដែល​អ្នក​ត្រូវ​យល់​ដឹង ៖

​ទី​១- ល្បិចលក់​ដី​ឡូត៍​ខ្យល់​

ពួក​គេ​ប្រើប្រាស់​គម្រោង​អ្នក​ដ៏​ទៃ​មក​ធ្វើ​ទីផ្សារ​ដោយ​ប្រាប់​ថា​ជា​ដី​របស់​ក្រុមហ៊ុន ឬ​គម្រោង​របស់​ពួក​គេ ។ ​ពួក​គេ​មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់​តែ​មាន​ក្រុមការងារ​ច្រើន និង​មាន​ជា​ការិយាល័យ​បណ្តោះអាសន្ន ។ អ្នក​ចាញ់បោក​អ្នកលក់​ដី​ឡូត៍​ខ្យល់​អាច​មក​ពី​មិន​បាន​ធ្វើការ​ឈ្វេងយល់​ស៊ីជម្រៅ​ពី​គម្រោង​ពិសេស​អ្នកធ្វើការ​នៅ​ក្រៅប្រទេស (​ដូច​ជា​ប្រទេស​កូរ៉េ​ជាដើម​) ។

​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ ៖«អ្នកទិញ​មិន​ត្រូវ​ជឿ​ដោយ​គ្រាន់តែ​ឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ក​ប៊ុ​ក​នោះ​ឡើយ ។ អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន និង​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​នោះ ។ ករណី​បើ​អ្នក​មិនសូវ​យល់​ដឹង​ពី​ទីផ្សារ អ្នក​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ អចលនទ្រព្យ ឬ​អ្នកជំនាញ​មុន​នឹង​សម្រេចចិត្ត​ទិញ​» ។​

ទី​២- ល្បិច​បោក​ប្រាក់​កក់

​អ្នកលក់​ដី​ឡូត៍​ខ្យល់​ម្ចាស់​ក្លែងក្លាយ ឬ​អ្នកលក់​ក្លែង​តែងតែ​ចង់បាន​ប្រាក់​កក់​មុន​បំផុត ។ អ្នកទិញ​ត្រូវ​បាន​ស្នើរ​ឱ្យ​កក់​ប្រាក់​ដើម្បី​ទទួល​បាន​អចលនទ្រព្យ​មុនគេ ។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​កក់​អ្នកលក់​ក្លែងក្លាយ​នឹង​គេចខ្លួន​បាត់​ស្រមោល ។ ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ករណី​ឆបោក​នេះ «​អ្នក​អាច​ជ្រើស​យក​ជម្រើស​នៃ​ការ​ផ្ញើ​ប្រាក់​កក់​តាម​រយៈ​ភាគី​ទី​បី​ដែល​អាច​ទុកចិត្ត​បាន ឬ​ដាក់​ក្នុង​គណនី​ធនាគារ​អន្តរការី​រង​ចាំ​រហូត​ដល់​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​ដោះស្រាយ ។  ​ធ្វើ​បែប​នេះ​អាច​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក​» ។​

ទី​៣- ល្បិច​បង់ប្រាក់​មុន​គម្រោង​

អ្នក​អភិវឌ្ឍ​ក្លែងក្លាយ​ច្រើន​តែ​ផ្សព្វផ្សាយ​ថា ពួក​គេ​មាន​គម្រោង​ថ្មី និង​ចាប់​បើក​លក់​មុន​គម្រោង ។ ​ពួក​គេ​បើក​ឱ្យ​មានការ​ទិញ និង​បង់ប្រាក់ ឬ​កក់​ប្រាក់​មុន​គម្រោង ហើយ​បន្ទាប់​ពី​ប្រមូល​បាន​ប្រាក់​ច្រើន​ល្មម​ពួក​គេ​ស្រាប់តែ​គេចខ្លួន​បាត់ ។​ដើម្បី​ជា​ដំណោះស្រាយ​ចៀសវាង​រាល់​បញ្ហា​ទាំងនេះ ៖«​អ្នក​អាច​ធ្វើការ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​លើ​ប្រវត្តិ​របស់​គម្រោង​ពី​មុន​ៗ​របស់​អ្នក​អភិវឌ្ឍន៍ ។ អ្នក​អភិវឌ្ឍន៍​ដែល​ទុកចិត្ត​បានជា​ធម្មតា​បាន​បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​ល្អ​តាម​រយៈ​គម្រោង​កន្លង​មក ។ អ្នក​អាច​ព្យាយាម​រក​មើល​អត្ថបទ​ព័ត៌មាន​ល្អ​ៗ​ពី​គេហទំព័រ ដែល​អាច​ទុកចិត្ត​បាន​ដែល​ផ្សព្វផ្សាយ​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​នានា ។ ​ប្រសិនបើជា​ក្រុមហ៊ុន​ស្របច្បាប់​ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​សាងសង់ អាជ្ញាប័ណ្ណ​បុរី ផែនការមេ និង​ប្លង់​រឹង​ជាដើម ។ ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​មិន​បង្ហាញ​នូវ​ឯកសារ​ទាំងនេះ​ច្បាស់លាស់​ទេ នេះ​ជា​សញ្ញា​មិនល្អ​សម្រាប់​អ្នកទិញ ។ ប៉ុន្តែ​សូម​ចំណាំ​ថា នេះ​មិនមែន​មាន​ន័យ​ថា អ្នក​អភិវឌ្ឍន៍​ថ្មី​គឺ​សុទ្ធតែ​ជា​អ្នក​បោកប្រាស់​ទាំងអស់​នោះ​ទេ​»​។

​ទី​៤- ល្បិច​ឆបោក​ជា​ប្រព័ន្ធ​

ការ​ឆបោក​បែប​នេះ​ត្រូវធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ពីរ ឬ​មនុស្ស​ពីរ​នាក់​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើន​តម្លៃ​អចលនទ្រព្យ​ណាមួយ ។ អ្នក​ទី​១​ទិញ​ដី​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍន៍​ចំណែក​អ្នក​ទី​២​បាន​ប្រកាស​ថា នឹង​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ ។ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​នេះ​ជា​ធម្មតា​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​ណាមួយ​ទេ ។ បន្ទាប់​មក​អ្នក​ទី​១​ចាប់ផ្តើម​លក់​ដី​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍ​នោះ​វិញ​ក្នុង​តម្លៃ​ខ្ពស់ ។ រួច​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចែក​ប្រាក់​ចំណេញ​គ្នា ហើយ​ទីបំផុត​ទៅ​ដី​នៅ​ក្នុង​តំបន់​នោះ​មិន​មាន​គម្រោង​សាងសង់ ឬ​ការ​អភិវឌ្ឍ​ណាមួយ​ឡើយ ។​

ក្នុង​ករណី​នេះ​ដើម្បី​គេច​ចេញពី​ការ​ឆបោក​ជា​ប្រព័ន្ធ​នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ ៖ «​អ្នក​អាច​មើល​ដឹង​ថា វា​ជា​ការ​ឆបោក ឬ​អត់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ត្រូវ​ទាមទារ​ការ​ឯកភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន និង​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ជោគជ័យ ។ ជា​ធម្មតា​ជន​បោកប្រាស់​មិន​មាន​ការិយាល័យ​ពិតប្រាកដ​ឡើយ ។ ដូច​បាន​លើក​ឡើង​ខាងលើ​ពួក​គេ​ចាំបាច់​ត្រូវ​តែ​មានបាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​សាងសង់ ប្លង់​រឹង​មេ និង​ប្លង់​មេ​របស់​គម្រោង​អភិវឌ្ឍ និង​អាជ្ញាប័ណ្ណ​សាងសង់​។ ប្រសិនបើ​ការ​អភិវឌ្ឍ​នេះ​មិន​បង្ហាញ​នូវ​ឯកសារ​ទាំងនេះ​ច្បាស់លាស់​ទេវា​ជា​សញ្ញា​មិនល្អ​សម្រាប់​អ្នកទិញ​នោះ​ឡើយ​» ។​

ទី​៥- ម្ចាស់​ក្លែងក្លាយ

​អ្នក​ប្រហែល​ធ្លាប់​ឃើញ​ដី​ទំនេរ​ធំ​ៗ​ដាក់​ប្រកាស​លក់​ជា​ច្រើន​កន្លែង​មក​ហើយ ។ ការ​ឆបោក​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​នរណា​ម្នាក់​ដែល​តាំងខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ណាមួយ​នោះ​ដែល​ខ្លួន​មិនមែន​ជា​ម្ចាស់​ពិតប្រាកដ ប៉ុន្តែ​ដើរ​ស្រែក​ប្រាប់​គេ​ថា វា​ជា​ដី​របស់​ខ្លួន ។

​ក្នុង​ករណី​នេះ​ដំណោះស្រាយ​ដែល​ល្អ​បំផុត ៖«​អ្នក​ត្រូវ​សាកសួរ​អ្នក​ជិតខាង និង​ប្រធាន​ភូមិ​អំពី​អចលនទ្រព្យ និង​ប្រវត្តិ​របស់​ម្ចាស់​ដី​នោះ ។ បន្ទាប់​មក​ពិនិត្យ​ថា តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេ​ភូមិ និង​ព័ត៌មាន​ដែល​អ្នកលក់​នោះ​បាន​អះអាង ។​ ​ការ​ត្រួតពិនិត្យ​ប្លង់​កម្មសិទ្ធិ​គឺ​មាន​សារៈសំខាន់ ហើយ​ប្រសិនបើ​ម្ចាស់​ដី​មិន​មាន​ប្លង់​កម្មសិទ្ធិ នោះ​គឺ​ប្រាកដ​មាន​អ្វីមួយ​មិន​ប្រក្រតី​ជា​មិន​ខាន ។ ជា​រួម​ទៅ​ជំនួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​អាច​បញ្ជាក់​ថា នរណា​ជា​ម្ចាស់​ពិតប្រាកដ​» ៕


Comments