គម្រោងផ្ទះបុរីក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្រោយពីមានតម្រូវការកាន់តែច្រើនឡើងៗ ស្របពេលវិស័យអចលនទ្រព្យបោះជំហានឆ្ពោះទៅមុខពីមួយថ្ងៃទៅមួយថ្ងៃដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងផ្ទះបុរី ។
រូបតំណាង
ទន្ទឹមនឹងនោះផងដែរ សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកគម្រោងផ្ទះបុរីនានាមុននឹងសម្រេចចិត្តចំណាយលុយទិញគួរណាតែពិចារណា និងពិនិត្យឱ្យបានល្អិតល្អន់បំផុត ព្រោះថាកន្លងមកធ្លាប់មានប្រជាពលរដ្ឋមួយចំនួនបានជួបហានិភ័យជាច្រើនករណីមកហើយ ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណេះដឹងបន្ថែមសម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះបុរីដើម្បីបញ្ចៀសហានិភ័យដោយត្រូវពិនិត្យឯកសារចាំបាច់សំខាន់ៗទាំង៥ខាងក្រោមនេះ ៖
១- ប្លង់រឹង
អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍នេះ ហើយគម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែលត្រូវធ្វើការបែងចែកប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់ ។ ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជាយថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ ។
២- លិខិតចុះបញ្ជីក្រុមហ៊ុន
ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់ ។
៣- ផែនការមេ
ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង ។ វាបង្ហាញពីប្លង់រួមនៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅក្នុងគម្រោងនេះ ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឱ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន ។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការផែនការមេសម្រាប់អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់វាពិតជាធ្វើឱ្យគម្រោងបុរីនោះអាចដំណើរការបានប្រកបដោយស្តង់ដារខ្ពស់ ។
៤- អាជ្ញាបណ្ណសាងសង់
អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ ប្រាក់តម្កល់២% ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ ។
៥- អាជ្ញាបណ្ណបុរី
ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី ។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាពប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់ ៕
Comments