កិច្ចសន្យាជាការព្រមព្រៀងរវាងគូភាគី ដើម្បីផ្តល់ឲ្យ និងទទួលយកនូវកម្មវត្ថុអ្វីមួយ ដោយភ្ជាប់ជាមួយនូវកាតព្វកិច្ច ការទទួលខុសត្រូវ និងការធានាផ្សេងៗរបស់គូភាគីនៅក្នុងកិច្ចសន្យា។
ទោះជាយ៉ាងណា គេតែងជួបផលលំបាកជាច្រើនក្នុងការរៀបចំកិច្ចសន្យាឲ្យបានត្រឹមត្រូវតាមលំដាប់លំដោយ មានរបៀបវារៈ ងាយយល់ និងមានវិជ្ជាជីវៈត្រឹមត្រូវ ។
នៅក្នុងនោះ កិច្ចសន្យាជួលគឺជាកិច្ចសន្យាមួយប្រភេទ ដែលម្ចាស់អចលនវត្ថុ និងអ្នកជួលត្រូវរៀបចំឡើង ដើម្បីបញ្ជាក់ពីការសន្យា ការធានា និងកាតព្វកិច្ចផ្សេងៗរបស់ខ្លួនដែលត្រូវអនុវត្ត និងបំពេញតាម។ វាប្រហែលជាមានភាពលំបាក ឬជួបឧបសគ្គខ្លះៗមិនខាន សម្រាប់អ្នកដែលមិនធ្លាប់រៀបចំកិច្ចសន្យាប្រភេទនេះ (កិច្ចសន្យាជួល) ព្រោះតែមិនដឹងពីទម្រង់របស់វា មិនដឹងខ្លឹមសារដែលត្រូវសរសេរចូលមិនដឹងពីលក្ខខណ្ឌអនុវត្តទូទៅរបស់កិច្ចសន្យាប្រភេទនេះ ដែលជាទូទៅវាត្រូវបានរាប់បញ្ចូល ។
ជាការពិតណាស់ នៅពេលជួបផលលំបាកទាំងអស់នេះ គេតែងស្វែងរកសេវាមេធាវី ឬជំនួយផ្នែកច្បាប់ ឬអ្នកជំនាញរៀបចំកិច្ចសន្យាឲ្យជួយដើម្បីឆ្លងផុតឧបសគ្គនេះ។ ទោះជាយ៉ាងនេះក៏ដោយមិនមែនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ អ្នកត្រូវតែស្វែងរកអ្នកមេធាវី អ្នកច្បាប់ ឬអ្នកជំនាញណាមួយដើម្បីជួយនោះទេ អ្នកគួរតែស្វែងយល់ ឬរៀនពីរបៀបរៀបចំកិច្ចសន្យាជួល ពិសេសគឺកិច្ចសន្យាជួលអចលនវត្ថុ ដែលអ្នកតែងជួបជាញឹកញាប់សម្រាប់ម្ចាស់អចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងអ្នកជួលអចលនវត្ថុផងដែរ។
ដូចលោកអ្នកបានដឹង ឬជ្រាបខ្លះៗហើយ ការរៀបចំកិច្ចសន្យាអ្វីក៏ដោយតែងតែត្រូវបានធ្វើឡើងតាមរបៀប និងគម្រូផ្សេងៗគ្នា មានវែង មានខ្លី មានខ្លះសរសេរបែបប្រទាក់ក្រឡា ចងកាតព្វកិច្ចគ្នាទៅវិញទៅមក អ្នកខ្លះក៏ចូលចិត្តអ្វីដែលមិនសាំញ៉ាំ មិនស្មុគ្រស្មាញ ងាយអាន ងាយយល់ ជាដើម ។
ខាងក្រោមនេះ ជាគម្រូ ឬទម្រង់នៃកិច្ចសន្យាជួលអចលនវត្ថុ (ដី និងផ្ទះ) មួយប្រភេទ ដែលអ្នកច្បាប់ ឬមេធាវីចូលចិត្តប្រើ។
១) បាវនាជាតិ
“ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ (ចំណុចនេះ តាមការនិយមចូលចិត្តរបស់អ្នកតាក់តែងកិច្ចសន្យា គេអាចដាក់ក៏បាន ឬមិនដាក់ក៏បាន) ប៉ុន្តែភាគច្រើនគឺគេដាក់ ដើម្បីលើកតម្កើងពី បាវនាជាតិ របស់ប្រទេសកម្ពុជា។
២) ចំណងជើងនៃកិច្ចសន្យា
(ត្រូវតែដាក់ ហើយដាក់ឲ្យសមទៅនឹងកម្មវត្ថុនៃកិច្ចសន្យា ដែលមានចែងក្នុងប្រការ១)។ សម្រាប់កិច្ចសន្យាជួលអចលនវត្ថុនេះ គេអាចដាក់ឲ្យចំទៅតាមកម្មវត្ថុតែម្តងក៏បាន ឧទាហរណ៍ថា បើកិច្ចសន្យាជួលនោះ សំដៅទៅលើការជួលផ្ទះ គេអាចដាក់ចំណងជើងឲ្យចំថា “កិច្ចសន្យាជួលផ្ទះ” ក៏បាន “កិច្ចសន្យាជួលអចលនវត្ថុ” ក៏បាន “កិច្ចសន្យាជួលដី និងផ្ទះ” ក៏បាន ។
៣) ទីកន្លែង និងកាលបរិច្ឆេទនៃកិច្ចសន្យា
សម្រាប់អ្នកច្បាប់ ឬមេធាវី គេចូលចិត្តសរសេរកិច្ចសន្យាដែលមានកំណត់ និងបញ្ជាក់ពីទីកន្លែងចុះកិច្ចសន្យា និងកាលបរិច្ឆេទនៃកិច្ចសន្យានៅផ្នែកខាងលើបន្ទាប់ពីចំណងជើងនៃកិច្ចសន្យា។ ឧទាហរណ៍៖ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែ០១ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា លោក-អ្នកក៏អាចសរសេរទីកន្លែង និងកាលបរិច្ឆេទ នៅផ្នែកខាងក្រោម បន្ទាប់ពីផ្នែកនៃសក្ខីកម្មនៃកិច្ចសន្យាបានដែរ។
៤) ព័ត៌មានរបស់គូភាគីនៃកិច្ចសន្យា
ចំណុចចនេះគឺសំខាន់ណាស់ ដែលមិនអាចខ្វះបានជាដាច់ខាត ដែលលោក-អ្នកត្រូវតែដាក់ព័ត៌មានរបស់គូភាគីនៃកិច្ចសន្យា (ហើយព័ត៌មានគូភាគី ត្រូវតែលម្អិតទៅតាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) ជាព័ត៌មានបឋម ដែលក្នុងកិច្ចសន្យានីមួយៗមិនអាចខ្វះបាន។ នៅចំនុចព័ត៌មានរបស់គូភាគីនេះ អ្នកត្រូវចងចាំថា គូភាគី អាចជា រវាងវន្តបុគ្គល និងរូបវន្តបុគ្គល ឬរូបវន្តបុគ្គល និងនីតិបុគ្គល ឬនីតិបុគ្គល និងនីតិបុគ្គល ។
ក្នុងករណីកិច្ចសន្យាត្រូវបានរៀបចំឡើងរវាងរូបវន្តបុគ្គល និងរូបវន្តបុគ្គល នោះកិច្ចសន្យាត្រូវសរសេរព័ត៌មានរបស់គូភាគី ដោយចាប់ផ្តើមពី ឈ្មោះ ភេទ អាយុ សញ្ជាតិ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខ និងកាលបរិច្ឆេទរបស់វា អាសយដ្ឋាន ឬ ទីលំនៅអចិន្ត្រៃយ៍របស់គូភាគី។ ក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើងដោយមានភាគីណាមួយជានីតិបុគ្គល អ្នកត្រូវចាប់ផ្តើមដោយ ឈ្មោះរបស់ក្រុមហ៊ុន ដែលបាន ចុះបញ្ជីស្របច្បាប់ លេខចុះបញ្ជី កាលបរិច្ឆេទចុះបញ្ជី ការិយាល័យចុះបញ្ជីក្រុមហ៊ុន ឈ្មោះ និងតួនាទីរបស់អ្នកតំណាងរបស់ក្រុមហ៊ុន។ ចំណុចបន្ថែមគេតែងនិយមដាក់លេខទូរស័ព្ទទំនាក់ទំនង ឬអាសយដ្ឋានអ៊ីម៉ែលផងដែរ ដើម្បីភាពងាយស្រួលដល់ការទាក់ទងគ្នាតាមការចាំបាច់។
៥) កម្មវត្ថុនៃកិច្ចសន្យា ឬគោលបំណងនៃកិច្ចសន្យា
ក្នុងប្រការនេះ គឺជាប្រការដំបូងគេ ដែលត្រូវបញ្ជាក់ពីគោលបំណងឲ្យបានច្បាស់លាស់ រវាងម្ចាស់អចលនវត្ថុ និងអ្នកជួល ថាតើពួកគេទាំងពីរម្នាក់ៗចង់បានអ្វីជាដើម។ ឧទាហរណ៍៖ ម្ចាស់អចលនវត្ថុយល់ព្រមជួលឲ្យអ្នកជួល នូវផ្ទះ ០១ ល្វែង (E0 និង E1) ដែលមានទំហំ (E0) ៤ម x ១២ម និង (E1) ៤ម x ១២ម ដែលមានទីតាំងស្ថិតនៅឡូត៍លេខ…ផ្លូវ…ភូមិ…………ឃុំ/សង្កាត់ …………… ស្រុក/ខណ្ឌ… ……………ខេត្ត/ក្រុង……………ហើយត្រូវចែងអំពីគោលបំណងនៃការជួលឲ្យច្បាស់ថា ជួលយកទៅធ្វើអ្វី ហើយប្រសិនបើអ្នកជួល ប្រើប្រាស់ផ្ទះជួលនេះប្រាសចាកពីគោលបំណង ដែលមានចែងក្នុងកិច្ចសន្យា នោះចាត់ទុកថា អ្នកជួលបានបំពានលក្ខខណ្ឌកិច្ចសន្យា ពិសេសគឺថា អ្នកជួលមិនអាចប្រើប្រាស់ផ្ទះជួល យកទៅបម្រើនយោបាយ ឬធ្វើសកម្មភាពខុសច្បាប់របស់ប្រទេសកម្ពុជាបានឡើយ ។
៦) រយៈពេលជួល
នេះជាប្រការមួយក្នុងចំណោមប្រការសំខាន់ៗនៅក្នុងកិច្ចសន្យាជួល ដែលត្រូវតែសរសេរចូល ហើយជាទំលាប់ គេសរសេរវានៅបន្ទាប់ពី ប្រការ ១ តែម្តង (ប្រការ ២៖ រយៈពេលជួល) ។
រយៈពេលជួល គឺជាលក្ខខណ្ឌដែលចែងពីរយៈពេលច្បាស់លាស់ ដែលម្ចាស់អចលនវត្ថុ និងអ្នកជួល បានព្រមព្រៀងគ្នាក្នុងការជួលអចលនវត្ថុណាមួយ ដោយកំណត់រយៈពេល ជួលច្បាស់លាស់ មានទាំងថ្ងៃ ខែ និង ឆ្នាំ ចាប់ផ្តើមជួល និងថ្ងៃ ខែ ឆ្នាំ បញ្ចប់កិច្ចសន្យាជួល ។ ឧទាហរណ៍៖ កិច្ចសន្យានេះត្រូវមានសុពលភាពរយៈពេល ០២ឆ្នាំ គិតចាប់ពីថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០១៩ (ហៅថា “កាលបរិច្ឆេទចាប់ផ្តើម”) ដល់ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០២១ (ហៅថា “កាលបរិច្ឆេទបញ្ចប់”)។
៧) ថ្លៃឈ្នួល និងការទូទាត់
ជាទូទៅ ថ្លៃឈ្នួល និងការទូទាត់ថ្លៃឈ្នួល គេតែងសរសេរចូលនៅក្នុងប្រការ ៣ បន្ទាប់ពីរយៈពេលជួល ឬជួនកាលគេសរសេរវានៅក្នុងប្រការ ២ បន្ទាប់ពីកម្មវត្ថុ ហើយដាក់រយៈពេលជួលទៅក្នុងប្រការ ៣ ជំនួសវិញ។ ក្នុងប្រការនេះ គេត្រូវសរសេរឲ្យច្បាស់ពី ការកក់ប្រាក់ និងថ្លៃឈ្នួលដែលគូភាគីក្នុងកិច្ចសន្យាបានព្រមព្រៀងគ្នា តើគិតជាខែ ឬគិតជាឆ្នាំ? ប៉ុន្តែទោះជាយ៉ាងណា ជាទូទៅទៅហើយ ដែលថ្លៃឈ្នួល ត្រូវបានគិតជាខែ។
ប្រការនេះ ត្រូវចែងឲ្យច្បាស់ពីថ្លៃឈ្នួលក្នុងមួយខែប៉ុន្មាន? ហើយត្រូវបង់នៅ ចន្លោះពីថ្ងៃណា ដល់ថ្ងៃណា? ហើយប្រសិនបើមានការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល មានពិន័យឬទេ? មានគិតការប្រាក់ឬទេ? ហើយបើយឺតយ៉ាវ ឬមានការអាក់ខានបង់ យូរពេក តើនឹងមានការបញ្ចប់កិច្ចសន្យាដែរឬទេ? ជាដើម ។
៨) ការបញ្ចប់កិច្ចសន្យា
នៅក្នុងកិច្ចសន្យាជួលណាមួយក៏ដោយ គេតែងចែងអំពីកាលបរិច្ឆេទបញ្ចប់កិច្ចសន្យា ដោយស្វ័យប្រវត្តិ នៅថ្ងៃណា ខែណា ឆ្នាំណា? ហើយត្រូវចែងឲ្យច្បាស់បន្ថែមថា ភាគីណាមួយនៅក្នុងកិច្ចសន្យា មិនអាចបញ្ចប់កិច្ចសន្យានេះបានទេ ប្រសិនបើភាគី ម្ខាងទៀតមិនបានបំពានកិច្ចសន្យា។ ប៉ុន្តែ ប្រសិនបើមានភាគីណាមួយបំពាន ឬរំលោភកិច្ចសន្យា នោះភាគីម្ខាងទៀតមានសិទ្ធិបញ្ចប់កិច្ចសន្យា មុនកាលបរិច្ឆេទ កំណត់បានដោយឯកតោភាគីបាន។ នេះជាខ្លឹមសារ ឬប្រការ មួយដែលត្រូវរាប់ បញ្ចូលក្នុងទម្រង់នៃកិច្ចសន្យាជួល ហើយជាទូទៅ វាត្រូវបានសរសេរចូលក្នុងកិច្ចសន្យា ជួល។
៩) សេវាថាមពល និងការប្រើប្រាស់ផ្សេងៗ
នេះជាប្រការមួយ ដែលត្រូវសេរសេរចូលដែរគ្រប់កិច្ចសន្យាជួល។ ប្រការនេះ គឺជាលក្ខខណ្ឌដែលចែងអំពីការផ្តល់របស់ម្ចាស់អចលនវត្ថុទៅឲ្យអ្នកជួលបានប្រើប្រាស់ ដូចជា៖ ទឹក ភ្លើង អ៊ិនធើណេត ការប្រមូលសំរាម សំរួលប្រព័ន្ធលូបង្ហូរទឹកឲ្យបានស្រួល ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា ថ្លៃប្រើប្រាស់ សេវាទាំងនោះ គឺអ្នកជួលជាអ្នកទទួលបន្ទុកទាំងស្រុង ។
១០) ការកែប្រែ ការជួសជុល និងការកែលម្អផ្ទះ
សម្រាប់កិច្ចសន្យាជួលផ្ទះ គឺត្រូវតែរាប់បញ្ចូលប្រការនេះចូលជាដាច់ខាត។ ប្រការនេះ គឺប្រការសំខាន់មួយ ដែលចែងអំពីចំណុចយល់ព្រម និងមិនយល់ព្រមរបស់ម្ចាស់ផ្ទះ ក្នុងការអនុញ្ញាតឲ្យអ្នកជួលធ្វើការជួស ជុលផ្ទះ កែលម្អ ឬវាយចោលនូវផ្នែកណាមួយ ឬទាំងស្រុង នៃផ្ទះជួល ឬធ្វើការកែប្រែនូវផ្នែកណាមួយ ឬទាំងស្រុងនៃផ្ទះជួល ជាដើម។ ហើយជាទូទៅ រយៈពេលជួសជុល និងកែលម្អនេះ គេមិនគិតថ្លៃឈ្នួលទាំងស្រុង ឬ បើការជួសជុល និងការកែលម្អមានរយៈពេលយូរពេក គេអាចអនុគ្រោះមិនគិតថ្លៃឈ្នួល ត្រឹម ០១ខែ ឬយ៉ាងយូរ ០២ខែ ជាដើម ។
១១) ការថែរក្សាផ្ទះជួល
នេះជាប្រការមួយដែលចែងអំពីកាតព្វកិច្ចរបស់អ្នកជួល ដែលត្រូវថែរក្សាផ្ទះជួលបានល្អប្រសើរ មិនបាក់បែក មិនប្រេះស្រាំ មិនខូចខាតខ្លាំង ជាដើម ។
១២) ការផ្ទេរសិទ្ធិ និងការជួលបន្ត
នៅក្នុងប្រការនេះ គេត្រូវចែងអំពីករណីម្ចាស់ផ្ទះចង់លក់ផ្ទះក្នុងរយៈពេលជួល ទៅឲ្យតតិយជន ត្រូវអនុលោមតាមលក្ខខណ្ឌដូចម្តេច? ប្រសិនបើអ្នកជួលចង់ជួលបន្ត ឬផ្ទេរសិទ្ធិជួលទៅឲ្យអ្នកផ្សេង ត្រូវអនុលោមតាមលក្ខខណ្ឌដូចម្តេច? ជាដើម ។
១៣) ពន្ធផ្សេងៗ
នេះក៏ជាចំណុចដែលត្រូវតែសរសេរឲ្យច្បាស់ដែរពីកាតព្វកិច្ច និងការទទួលខុសត្រូវ លើការបង់ពន្ធផ្សេងៗ ពាក់ព័ន្ធនឹងផ្ទះជួល (ប្រសិនបើករណីជួលផ្ទះ)។ ពន្ធទាំងនោះ រួមមាន៖ ពន្ធលើថ្លៃឈ្នួល ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាដើម តើអ្នកណាអ្នកបង់? ជាទូទៅគឺម្ចាស់ជាអ្នក បង់។ ទោះជាយ៉ាងនេះក៏ដោយ ត្រូវតែសរសេរ និងចែងឲ្យច្បាស់ពីការទទួលខុសត្រូវរបស់ភាគីទៅលើកាតព្វកិច្ចបង់ពន្ធនេះ ។
១៤) ការចេញចូលទីតាំងជួល
នេះជាលក្ខខណ្ឌមួយដែលនិយាយពីម្ចាស់ផ្ទះ ថាតើគាត់មានសិទ្ធិចេញចូលផ្ទះ ឬទី តាំងជួល បានត្រឹមកំរិតណា ថ្ងៃណា ពេលវេលាណា? ជាដើម។ ហើយត្រូវមានការជូនដំណឹងដល់អ្នកជួល ហើយត្រូវមានការ អនុញ្ញាតយ៉ាងណាពីអ្នកជួលជាមុន ឬមិនចាំបាច់ទេ?
១៥)ករណីប្រធានសក្តិ (ព្រឹតិ្តការណ៍ប្រធានសក្តិ)
ជាទូទៅ កិច្ចសន្យាជួល ត្រូវសរសេរពីករណីប្រធានសក្តិ ដើម្បីការពារអ្នកជួល ពីការបង់ថ្លៃឈ្នួលដល់ម្ចាស់ផ្ទះ ក្នុងករណីកើតមានឡើងនូវព្រឹត្តិការណ៍ប្រធានសក្តិ។ (សូមមើលគម្រូខាងក្រោម)
១៦) ប្រការ ឬលក្ខខណ្ឌទូទៅ
លក្ខខណ្ឌទូទៅនៅក្នុងកិច្ចសន្យា គឺជាទម្រង់ទូទៅដែលគេតែងតែងនិយម សរសេរ នៅគ្រប់កិច្ចសន្យាទាំងអស់មិនថាតែកិច្ចសន្យាជួល ឬកិច្ចសន្យាលក់ទិញ នោះទេ ។
ប្រការ ឬលក្ខខណ្ឌទាំងនោះ រួមមាន៖
ក. ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ
ខ. ការកែប្រែ
គ. ភាសា និងការតម្កល់កិច្ចសន្យា
ដើម្បីផ្តល់ភាពងាយស្រួល និងងាយយល់ យើងមានគម្រូកិច្ចសន្យាជួលផ្ទះមួយ ដើម្បីឲ្យលោកអ្នកអានយកជាគតិ និងចងចាំដូចខាងក្រោម៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
®
កិច្ចសន្យាជួលផ្ទះ
កិច្ចសន្យាជួលផ្ទះនេះ (ហៅថា “កិច្ចសន្យា”) ត្រូវបានធ្វើឡើងនៅថ្ងៃទី ខែ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ
ដោយ និង រវាង៖
១ លោក/លោកស្រី.....................................អាយុ........ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ......................... ចុះថ្ងៃទី……/……/…….. អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ...... ផ្លូវលេខ......ភូមិ.................. សង្កាត់..................ខណ្ឌ..................រាជធានីភ្នំពេញ (ចាប់ពីពេលនេះតទៅ ហៅថា ភាគី “ក”) ។
ទូរស័ព្ទលេខ៖ ..................
២. លោក/លោកស្រី.....................................អាយុ........ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ......................... ចុះថ្ងៃទី……/……/…….. អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ...... ផ្លូវលេខ......ភូមិ.................. សង្កាត់..................ខណ្ឌ..................រាជធានីភ្នំពេញ (ចាប់ពីពេលនេះតទៅ ហៅថា ភាគី “ខ”) ។
ទូរស័ព្ទលេខ៖ ..................
(ភាគី “ក” និង ភាគី “ខ” អាចហៅដាច់ឡែកហៅថា “ភាគី” និងអាចហៅរួមគ្នាថា “គូភាគី”) ។
បុព្វកថា
ដោយហេតុថា៖ ភាគី “ក” គឺជាកម្មសិទ្ធិករស្របច្បាប់នៃដី និងផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ......... ផ្លួវលេខ...........ភូមិ............. សង្កាត់.............. ខណ្ឌ............. (ចាប់ពីពេលនេះតទៅហៅថា “អចលនវត្ថុ”) ដែលកំណត់អត្តសញ្ញាណដោយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ................និងប្រើប្រាស់ដីធ្លី ចុះថ្ងៃទី......ខែ.......ឆ្នាំ...........(តទៅនេះហៅថា “ប័ណ្ណកម្មសិទ្ធិ”) ដូចមានភ្ជាប់ជូនជាឧបសម្ព័ន្ធនៃកិច្ចសន្យានេះ ។
ដោយហេតុថា៖ ភាគី “ក” មានសិទ្ធិស្របច្បាប់ក្នុងការជួលអចលនវត្ថុដូចដែលបានរៀបរាប់ខាងលើ និងដែលមាននៅក្នុងប័ណ្ណកម្មសិទ្ធិ ដែលមានភ្ជាប់ជាឧបសម្ព័ន្ធនៃកិច្ចសន្យានេះ ។
ដោយហេតុថា៖ ភាគី “ក” មានបំណងជួលអចលនវត្ថុទៅឲ្យភាគី “ខ” ហើយភាគី “ខ” មានបំណងជួលអចលនវត្ថុពីភាគី “ក” ដោយអនុលោមតាមខ្លឹមសារ និងលក្ខខណ្ឌ ដែលមានចែងដូចខាងក្រោមនេះ ។
ហេតុដូច្នេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាតាមលក្ខខណ្ឌ និងប្រការដូចខាងក្រោម៖
ប្រការ ១:- គោលបំណងនៃការជួល
ភាគី “ក” យល់ព្រមជួលផ្ទះវីឡាទៅឲ្យភាគី ”ខ” ហើយភាគី “ខ” យល់ព្រមជួលផ្ទះវីឡាពីភាគី “ក” ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ............................ ចុះថ្ងៃទី........ ខែ........ ឆ្នាំ........ ទំហំដីសរុប ........ ម៉ែត្រការ៉េ និងទំហំអគារ ........ ម៉ែត្រ គុណនឹង ........ ម៉ែត្រ កម្ពស់ ........ ជាន់ (ផ្ទៃក្រឡាសំណង់សរុបប្រហែល ........ ........ ម៉ែត្រការ៉េ) មានទីតាំងស្ថិតនៅដីឡូតិ៏លេខ......... ផ្លួវលេខ........... សង្កាត់.............. ខណ្ឌ............. រាជធានីភ្នំពេញក្នុងគោលបំណង ” .............................” (ហៅថា “អចលនវត្ថុ”) ។
ភាគី ”ខ” មិនអាចប្រើប្រាស់អចលនវត្ថុនេះ ដើម្បីធ្វើសកម្មភាពខុសច្បាប់ ឬប្រកបអាជីវកម្មណាមួយដែលច្បាប់ហាមឃាត់ ឬធ្វើជាទីតាំងឃោសនា ឬបម្រើគណបក្សនយោបាយ ណាមួយឡើយ។ ក្នុងករណីមានហេតុការណ៍ទាំងនេះកើតឡើង ភាគី “ខ” ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុង និងមិនឲ្យពាក់ព័ន្ធដល់ភាគី “ក” ឡើយ ។
ប្រការ ២:- រយៈពេល និងថ្លៃឈ្នួល
២.១ រយៈពេលជួល
រយៈពេលជួលដែលបានព្រមព្រៀងក្នុងកិច្ចសន្យានេះ គឺចំនួន........ឆ្នាំ(........)ឆ្នាំ គិតចាប់ពីថ្ងៃទី........ ខែ........ឆ្នាំ....... ដល់ថ្ងៃទី........ខែ........ឆ្នាំ........ (ហៅថា “រយៈពេលជួល”) ។
ប្រការ ៣:- ថ្លៃឈ្នួល និងការទូទាត់
៣.១ អំពីថ្លៃឈ្នួល
ភាគី “ក” យល់ព្រមជួលអចលនវត្ថុនេះ ទៅឲ្យភាគី “ខ” ចែកចេញជាពីរដំណាក់កាល ដូចតទៅ៖
- ដំណាក់កាលទី១៖ សម្រាប់រយៈពេល ........ឆ្នាំដំបូង គិតចាប់ពីថ្ងៃទី........ខែ........ឆ្នាំ........ រហូតដល់ ថ្ងៃទី........ខែ........ ឆ្នាំ........ ភាគី “ខ” ត្រូវបង់ថ្លៃឈ្នួលចំនួន...............ដុល្លារ (.....................ដុល្លារសហរដ្ឋអាមេរិក) ក្នុងមួយខែ ដោយបូកបញ្ចូលទាំងពន្ធកាត់ទុក (ពន្ធលើថ្លៃឈ្នួល) ចំនួន ១០% តាមច្បាប់កំណត់ ។
- ដំណាក់កាលទី២៖ សម្រាប់រយៈពេល ........ឆ្នាំបន្ទាប់ គិតចាប់ពីថ្ងៃទី........ខែ........ឆ្នាំ........ រហូតដល់ ថ្ងៃទី........ ខែ........ ឆ្នាំ........ ភាគី “ខ” ត្រូវបង់ថ្លៃឈ្នួលចំនួន...............ដុល្លារ (.....................ដុល្លារសហរដ្ឋអាមេរិក) ក្នុងមួយខែ ដោយបូកបញ្ចូលទាំងពន្ធកាត់ទុក (ពន្ធលើថ្លៃឈ្នួល) ចំនួន ១០% តាមច្បាប់កំណត់។
៣.២ ការបង់ថ្លៃឈ្នួល
ភាគី “ខ” នឹងត្រូវធ្វើការបង់ប្រាក់ថ្លៃឈ្នួលទៅឲ្យភាគី “ក” តាមលក្ខខណ្ឌដូចខាងក្រោម៖
- ប្រាក់ចំនួន....................ដុល្លារ (.......................ដុល្លារ) ជាប្រាក់កក់ធានាសម្រាប់រយៈពេល ......... (.........)ខែ ហើយប្រាក់កក់នេះ នឹងត្រូវបង់ឲ្យភាគី “ក” នៅថ្ងៃចុះហត្ថលេខាលើកិច្ចសន្យានេះ។ ប្រាក់កក់ធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយផ្សេងៗលើការខូចខាត (ប្រសិនបើមាន) និងសម្រាប់ការជួលជុលឡើងវិញនៃបំណែកដែលបានរុះរើ ឬកែកលម្អដោយភាគី “ខ” ។ ប្រសិនបើគ្មានការខូចខាតនោះទេ ប្រាក់កក់ធានានេះ នឹងត្រូវបង្វិលជូនភាគី “ខ” វិញ នៅពេលបញ្ចប់កិច្ចសន្យា និងបន្ទាប់ពីការត្រួតពិនិត្យលើវិក្ក័យបត្រទឹក ភ្លើង សំរាម និងការប្រើប្រាស់ផ្សេងៗទៀត និងការទូទាត់ផ្សេងៗទៅការធ្វើឲ្យខូចខាតដល់ ផ្ទះវីឡាជួល ដែលតម្រូវឲ្យភាគី “ខ” ត្រូវធ្វើការជួសជុល ឬកែលម្អ ដើម្បីឲ្យមានលក្ខណៈប្រសើរឡើងវិញ ។
- ប្រាក់ចំនួន.................ដុល្លារ (....................សហរដ្ឋអាមេរិក) ជាថ្លៃឈ្នួលសម្រាប់ខែដំបូង ដែលភាគី “ខ” ត្រូវបង់ទៅឲ្យភាគី “ក” នៅថ្ងៃផ្តិតមេដៃលើកិច្ចសន្យានេះ ។
- ភាគី ”ក” ទុកពេលឲ្យភាគី “ខ” រយៈពេល ០១(មួយ)ខែ គិតចាប់ពីថ្ងៃទី......... ខែ.........ឆ្នាំ......... រហូតដល់ថ្ងៃទី......... ខែ.........ឆ្នាំ.........ដើម្បីឲ្យភាគី “ខ” ធ្វើការជួសជុល និងកែលម្អផ្ទះវីឡាជួលនេះ ឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ភាគី “ខ” ។
- បន្ទាប់ពីការបង់ថ្លៃឈ្នួលលើកដំបូងនៅថ្ងៃទី......... ខែ.........ឆ្នាំ......... រួចហើយ ភាគី ”ខ” ត្រូវបង់ប្រាក់ឈ្នួលបន្តបន្ទាប់ជូនភាគី ”ក” ឲ្យបានទៀងទាត់ពេលវេលានៅរៀងរាល់ដើមខែនីមួយៗ ដោយមិនឲ្យលើស ពីរយៈពេល ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការឡើយ។ ប្រសិនបើមានការយឺតយ៉ាវ ភាគី “ខ” ត្រូវបង់ប្រាក់ពិន័យទៅឲ្យភាគី “ក” តាមចំនួនថ្ងៃដែលបានយឺតយ៉ាវនោះ គិតចំនួន ១០ ភាគរយនៃថ្លៃឈ្នួលប្រចាំខែ។
- ប្រសិនបើភាគី “ខ” មានការខកខានមិនបានបង់ថ្លៃឈ្នួល លើសថ្ងៃកំណត់រយៈពេល ០២ (ពីរ) ខែ នោះ ភាគី “ក” មានសិទិ្ធបញ្ចប់ កិច្ចសន្យានេះមុនកាលបរិច្ឆេទកំណត់ជាឯកតោភាគី និងដោយស្វ័យប្រវត្តិ ។
ប្រការ ៤:- ការបញ្ចប់កិច្ចសន្យា
៤.១ កិច្ចសន្យានេះនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅថ្ងៃទី.........ខែ.........ឆ្នាំ......... ។
៤.២ រយៈពេល ០៣(បី)ខែ មុនពេលបញ្ចប់កិច្ចសន្យា ភាគីទាំងពីរត្រូវជួបគ្នាដើម្បីពិភាក្សាថាត្រូវបញ្ចប់ ឬបន្តកិច្ចសន្យានេះ ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរ។ ក្នុងករណីភាគី “ក” មានបំណងបន្តជួលអចលនវត្ថុនេះ ភាគី “ខ” ត្រូវមានសិទិ្ធអាទិភាពក្នុងការចចារអំពីថ្លៃឈ្នួល ចុះកិច្ចសន្យាជួលជាថ្មីជាមួយ ភាគី “ក” ហើយភាគី “ក” មិនអាចជួលអចលនវត្ថុនេះទៅឲ្យ ដោយមិនបានចចារ ឬជូនដំណឹងណាមួយដល់ភាគី “ខ” ឡើយ ។
៤.៣ ភាគី “ក” ពុំមានសិទ្ធិបញ្ចប់កិច្ចសន្យានេះមុនពេលកាលបរិច្ឆេទ កំណត់បានឡើយ ប្រសិនបើ ភាគី “ខ” មិនបានល្មើស ឬបំពានលក្ខខណ្ឌណាមួយ ដែលមានចែងក្នុងកិច្ចសន្យានេះ។
ប្រការ ៥:- សេវាថាមពល និងការប្រើប្រាស់
ភាគី “ក” នឹងធានាថា ប្រព័ន្ធលូ ប្រព័ន្ធទឹក ភ្លើង គឺបានរៀបចំរួចជាស្រេច និងមានដំណើរការធម្មតា សម្រាប់ឲ្យភាគី “ខ” ប្រើប្រាស់ក្នុងអចលនវត្ថុជួលនេះ ប៉ុន្តែរាល់ការចំណាយលើការប្រើប្រាស់ ទឹក ភ្លើង សំរាម អ៊ិនធើណេត ទូរស័ព្ទ និងសេវាដទៃទៀត ជាបន្ទុករបស់ភាគី ”ខ” ដោយគិតទៅតាមលេខកុងទ័រកំណត់ និង/ឬ វិក្កយបត្រ ដែលបានចេញដោយអាជ្ញាធរ ឬក្រុមហ៊ុនដែលផ្តល់ សេវាទាំងនោះ ។
ប្រការ ៦:- ការកែប្រែ ការជួសជុល និងការកែលម្អ
ភាគី “ខ” មានសិទិ្ធធ្វើការកែប្រែ ជួសជុល និងកែលម្អផ្សេងៗទៅលើផ្ទះជួលនេះ ត្រូវមានការឯកភាព និងការអនុញ្ញាតជាមុនពីភាគី “ក” ។ រាល់ការចំណាយទៅលើការកែប្រែ ជួសជុល និងការកែលម្អ ជាបន្ទុករបស់ភាគី “ខ” ខ្លួនឯង ។
ប្រការ ៧:- ការថែរក្សា
៧.១ ភាគី “ខ” ត្រូវត្រួតពិនិត្យ និងថែរក្សាផ្ទះវីលាជួល និងសម្ភារៈផ្សេងៗដែលតាំងភ្ជាប់នឹងផ្ទះជួលនេះ (សូមមើលឧបសម្ព័ន្ធ ១) ដែលបានផ្តល់ជូនឲ្យបានល្អ និងមានលក្ខណៈល្អប្រសើរ អាចទទួលយកបានពីភាគី “ក” ។ ភាគី “ខ” ត្រូវទទួលខុសត្រូវរាល់ការខូចខាតទាំងឡាយដែលកើតឡើងដោយការធ្វេស ប្រហែស និងការប្រើប្រាស់របស់ខ្លួន។
៧.២ នៅពេលបញ្ចប់កិច្ចសន្យា ភាគី ”ខ” ត្រូវប្រគល់ផ្ទះជួល និងសម្ភារៈផ្សេងៗដែលបានបំពាក់ជូនដោយភាគី “ក” ដូចមានចែងក្នុងឧបសម្ព័ន្ធ ១ ជូនភាគី ”ក” វិញ ក្នុងលក្ខណៈល្អដូចដើម លើកលែងតែការសឹករេចរិលធម្មតា ។
៧.៣ ដោយឡែក ភាគី ”ក” នឹងបំពាក់ម៉ាស៊ីនត្រជាក់ចំនួន .........គ្រឿង ក្នុងមួយជាន់ .........គ្រឿង ដែលមានកម្លាំង ១.៥សេស ក្នុងករណីភាគី “ខ” ប្រើប្រាស់មិនគ្រប់គ្រាន់ ភាគី “ខ” មានសិទ្ធិក្នុងការបំពាក់ម៉ាស៊ីនត្រជាក់បន្ថែមតាមតម្រូវការជាក់ស្តែងរបស់ខ្លួន ដោយត្រូវចំណាយសោហ៊ុយផ្ទាល់ខ្លួន ហើយនៅពេលចប់កិច្ចសន្យា ភាគី “ខ” មានសិទ្ធិក្នុងការរុះរើយកម៉ាស៊ីនត្រជាក់ដែលខ្លួនបានបំពាក់នោះវិញដោយមិនមានការជំទាស់ពីភាគី “ក” ឡើយ ។
៧.៤ ភាគី “ក” ត្រូវទទួលខុសត្រូវលើការជួសជុល ការលិចទឹកពីដំបូល ប្រព័ន្ធលូបង្ហូរទឹក និងសំណង់អគារទាំង ឡាយណាដែលមានការខូចខាត ដែលបង្កឡើងដោយ ឬការធ្វេសប្រហែសរបស់ភាគី ”ក” ។ រាល់សម្ភារៈ ឬបរិក្ខារផ្សេងៗ ដែលកំពុងប្រើប្រាស់ខូច ភាគី “ក” មិនទទួលខុសត្រូវឡើយ ។
៧.៥ ភាគី “ខ” ត្រូវទទួលខុសត្រូវលើករណីអគ្កីភ័យ ដែលបង្កឡើងដោយភាគី “ក” ផ្ទាល់ ឬ ដោយបុគ្គលិក ឬ កម្មករនិយោជិតរបស់ខ្លួន ក្នុងរយៈពេលសុពលភាពនៃកិច្ចសន្យានេះ ។
ប្រការ ៨:- ការផ្ទេរសិទ្ធិ និងការជួលបន្ត
៨.១ ក្នុងរយៈពេលជួលនៃកិច្ចសន្យានេះ ប្រសិនបើភាគី “ក” មានបំណងចង់លក់អចលនវត្ថុនេះ ទៅឲ្យម្ចាស់ថ្មី ម្ចាស់ថ្មីនោះ ត្រូវតែទទួលយកលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យានេះ រវាងភាគី “ក” និងភាគី “ខ” រហូតដល់បញ្ចប់កិច្ចសន្យា ហើយភាគី “ក” ត្រូវណែនាំម្ចាស់អចលនវត្ថុថ្មីនោះ ឲ្យស្គាល់ភាគី “ខ” ។ ទោះជាយ៉ាងណា ភាគី “ខ” មិនអាចជួលបន្ត ឬផ្ទេរសិទិ្ធជួលនេះ ទៅឲ្យតតិយជន ដោយមិនមានការអនុញ្ញាតជាមុនពីភាគី “ក” ឡើយ ។
៨.២ ម្យ៉ាងវិញទៀត ក្នុងរយៈពេលជួលនៃកិច្ចសន្យានេះ ភាគី ”ខ” មានសិទ្ធិគ្រប់គ្រង ចាត់ចែង ថែរក្សា និងអាស្រ័យផលលើអចលនវត្ថុជួល ឬទីតាំងជួលនេះ ទៅឲ្យតតិយជនដោយមិនចាំបាច់ជូនដំណឹងទៅភាគី “ក” ឡើយ ។ ចំពោះការជួលអចលនវត្ថុបន្តទៅឲ្យតតិយជន (ភាគីទី៣) ភាគី “ខ” មិនអាចជួលទីតាំងអចលនវត្ថុទាំងមូលដោយមិនជូនដំណឹងទៅភាគី “ក” បានឡើយ ប៉ុន្តែដោយ តតិយជន (ភាគីទី៣) នឹងត្រូវគោរពតាម និងទទួលយកលក្ខខណ្ឌគ្រប់ប្រការនៃកិច្ចសន្យា រវាងភាគី “ក” និង ភាគី “ខ” ដដែល ។
ប្រការ ៩:- ពន្ធអាករ
៩.១ ភាគី “ក” ត្រូវទទួលខុសត្រូវបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ទៅតាមច្បាប់នៃប្រទេសកម្ពុជា ។
៩.២ ភាគី “ក” ត្រូវទទួលខុសត្រូវលើការបង់ពន្ធលើការជួលអចលនវត្ថុ ប្រចាំខែ ១០% នៃថ្លៃឈ្នួលដុល ទៅតាមច្បាប់នៃប្រទេសកម្ពុជា ។
៩.៣ ភាគី “ខ” ត្រូវទទួលខុសត្រូវលើការបង់ពន្ធលើអាជីវកម្ម និងពន្ធផ្សេងៗទៀត (ប្រសិនបើមាន) តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រការ ១០:- ការចេញ-ចូលទីតាំងផ្ទះវីឡាជួល
ក្នុងរយៈពេលសុពលភាពនៃកិច្ចសន្យានេះ ភាគី “ក” មានសិទ្ធិចេញ-ចូលក្នុងបរិវេណ ឬទីតាំងអគារ (អចលនទ្រព្យជួល)នេះ ដើម្បីធ្វើការត្រួតពិនិត្យមើលស្ថានភាព និងការប្រើប្រាស់អចលនទ្រព្យជួល ប៉ុន្តែការចេញ-ចូលនេះ មិនត្រូវឲ្យលើសពី ០១(មួយ)ខែម្តងឡើយ ដោយត្រូវជូនដំណឹងដល់ភាគី “ខ” ជាមុន ឲ្យបាន ០១ (មួយ)ថ្ងៃ ។
ប្រការ ១១:- ព្រឹត្តិការណ៍ប្រធានសក្តិ
ភាគី “ខ” មិនតម្រូវឲ្យបង់ប្រាក់ថ្លៃឈ្នួល ក្នុងអំឡុងពេលនៃការកើតឡើងព្រឹត្តិការណ៍ប្រធានសក្តិ ដែលប្រកាសដោយ រដ្ឋាភិបាល ដូចជា៖ រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កុប្បកម្ម បដិវត្តន៍ ចលាចលសង្គម រដ្ឋប្រហារ ជំងឺរាតត្បាត ដែលកើតឡើងហួសពីការគ្រប់គ្រងបានរបស់ភាគី “ខ” ហើយដែលមិនអាចឲ្យភាគី “ខ” ធ្វើអាជីវកម្ម ឬបន្តអាជីវកម្មរបស់ខ្លួនបានទៀត ប៉ុន្តែភាគី “ខ” ត្រូវចាប់ផ្តើមបង់ប្រាក់ថ្លៃឈ្នួលទាំងនោះវិញ នៅពេលព្រឹត្តិការណ៍ប្រធានសក្តិនោះបានបញ្ចប់ ។ ភាគី “ខ” នឹងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អចលនទ្រព្យ ឬសម្ភារៈតាំងភ្ជាប់ ឬការខូចខាតណាមួយដែលកើតឡើងក្នុងអំឡុងពេល នៃការកើតឡើងព្រឹត្តិការណ៍ប្រធានសក្តិ ហើយដែលការខូចខាតទាំងនោះ មិនមែនបណ្តាលមកពីអំពើរបស់ភាគី “ខ” ។
ប្រការ ១២:- ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ
១២.១ កិច្ចសន្យានេះ ត្រូវគ្រប់គ្រងដោយ និងស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
១២.២ ក្នុងករណីមានវិវាទកើតឡើងជាយថាហេតុណាមួយ ភាគីទាំងពីរត្រូវធ្វើដោះស្រាយគ្នាដោយសន្តិវិធី ការយោគយល់គ្នា និងចចារក្នុងលក្ខណៈជាមិត្តភាព ។ ប្រសិនបើក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃ នៃថ្ងៃធ្វើការ ភាគីទាំងពីរមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីមិនសុខចិត្ត ត្រូវបញ្ចូនវិវាទ (សំណុំរឿង)នោះ ទៅតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។
ប្រការ ១៣:- សុពលភាពកិច្ចសន្យា
១៣.១ ភាគីទាំងពីរបានអាន និងឯកភាពគ្រប់ចំណុច ដែលមានចែងក្នុងកិច្ចសន្យានេះ ។
១៣.២ កិច្ចសន្យានេះមានសុពលភាព ចាប់ពីថ្ងៃផ្តិតមេដៃស្តាំរបស់ភាគីទាំងពីរ ខាងក្រោមនេះតទៅ ។
ប្រការ ១៤:- ភាសា និងការតម្កល់កិច្ចសន្យា
កិច្ចសន្យានេះត្រូវបានធ្វើឡើងជាភាសាខ្មែរ ចំនួន ០៤ (បួន) ច្បាប់ ដែលមានអានុភាពគតិយុត្តស្មើៗគ្នាចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចសន្យានេះត្រូវបានរក្សាទុកដោយ ភាគី “ក” ចំនួន ០១ច្បាប់ រក្សាទុកដោយភាគី “ខ” ចំនួន ០១ច្បាប់ រក្សាទុកដោយសាក្សី ក្នុងកិច្ចសន្យានេះ ០១ច្បាប់ និងមួយច្បាប់ទៀត សម្រាប់ចុះបញ្ជីនៅឃុំ/សង្កាត់ នៃទីតាំងអចលនវត្ថុជួលនេះស្ថិតនៅ ។
ដើម្បីជាសក្ខីកម្ម ភាគីទាំងពីរក្នុងកិច្ចសន្យានេះ បានយល់ព្រមចុះហត្ថលេខា ឬផ្តិតមេដៃស្តាំរបស់ខ្លួន ដើម្បីផ្តល់សុពលភាព និងអនុវត្តកិច្ចកិច្ចសន្យានេះ ចាប់ពីកាលបរិច្ឆេទដូចមានចែងខាងលើតទៅ។
ហត្ថលេខា
ភាគី “ក” សាក្សី ភាគី “ខ”
លោកស្រី៖ .................. លោក៖ .................. លោក៖ ..................
បានឃើញ
ស្នាមមេដៃស្តាំអ្នកខាងលើពិតជាស្នាមមេដៃ របស់ភាគី "ក" និង ភាគី "ខ" ប្រាកដមែន។
ថ្ងៃទី .... ខែ .... ឆ្នាំ ២០១៩
ចៅសង្កាត់
ដើម្បីស្វែងរកព័ត៌មានថ្មីៗ ឬការណែនាំថ្មីៗអំពីវិស័យអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ។ លោកអ្នកក៏អាច ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
Comments