មួយរយៈចុងក្រោយនេះមានករណីប្រជាពលរដ្ឋជាច្រើនបានជួបបញ្ហាក្នុងការវិនិយោគលើការទិញដីឡូត៍ និងផ្ទះល្វែងជាមួយក្រុមហ៊ុនមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដែលបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនដែលមានការវិនិយោគត្រឹមត្រូវ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក សន សៀប បានកត់សម្គាល់ឃើញថា បញ្ហាដែលតែងតែកើតមានឡើងក្នុងវិស័យពុះដីឡូត៍នៅកម្ពុជាភាគច្រើន គឺបណ្តាលមកពីក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនពុះដីឡូត៍មិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ប្រព័ន្ធលូ និងបណ្តាញទឹក ភ្លើង ដែលកត្តានេះបានធ្វើឲ្យគម្រោងមួយចំនួនជួបបញ្ហាក្នុងការកាត់ប្លង់ ។
លោក សន សៀប បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនពុះដីឡូត៍ដែលគ្មានការគិតត្រឹមត្រូវលែងសូវមានទៀតហើយ ក្រោយរដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហានេះ ។ យ៉ាងណាមិញអ្នកជំនាញរូបនេះណែនាំប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យពុះដីឡូត៍ ឬអចលនទ្រព្យផ្សេងៗត្រូវសិក្សាលើចំណុចមួយចំនួនដូចជាកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ គោលបំណង ភាពស្របច្បាប់ និងសណ្ឋាទីតាំង ។
អ្នកជំនាញជាច្រើនក្នុងវិស័យអចលនទ្រព្យបានលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហាក្នុងការវិនិយោគរបស់ខ្លួន ។ ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្រោយមានករណីប្រជាពលរដ្ឋជាច្រើនជួបបញ្ហាលើការទិញដីឡូត៍ និងផ្ទះល្វែងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ៕
Comments