+85561 777 090
Logo
កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន
Updated on: December 20, 2022, 8:39 a.m.
Published on: December 20, 2022, 8:36 a.m.

កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន


វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះយ៉ាងផុះផុលធ្វើឱ្យអ្នកវិនិយោគជាច្រើនបានបណ្តាក់ទុនវិនិយោគលើគម្រោងអចលនទ្រព្យជាច្រើនប្រភេទដូចជា គម្រោងផ្ទះបុរី, គម្រោងខុនដូ និងដីឡូត៍ជាដើម ។ មិនតែប៉ុណ្ណោះ ដើម្បីអាចបង្កើនការលក់នៃគម្រោងទាំងនោះ អ្នកអភិវឌ្ឍន៍គម្រោងតែងតែធ្វើការផ្សព្វផ្សាយលក់​អចលន​ទ្រព្យមុនគម្រោង ដោយភ្ជាប់ជាមួយការផ្តល់ជូននានាសម្រាប់ទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ។

ដូចច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេច? ហើយវាផ្តល់គុណសម្បត្តិ និងហានិភ័យអ្វីខ្លះដល់អ្នកទិញ? ថ្ងៃនេះ Realestate.com.kh នឹងបកស្រាយចម្ងល់អំពីគុណសម្បត្តិ និងហានិភ័យនៃការទិញអចលនទ្រព្យ​មុន​គម្រោង !

ដំបូងត្រូវស្គាល់ថា តើអ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?

ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ, ខុនដូ ឬដីឡូត៍ នៅក្នុង​ទីផ្សារ​ក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុន​គម្រោង​ដើម្បី​យកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀត​បានអនុវត្តន៍​តាមវិធីនេះ​ដើម្បីធានាថា ផ្ទះ, យូនីត​ខុនដូ ឬដីឡូត៍​ទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍​មួយ​ចំនួន​ទៀតបាន​ធ្វើការ​លក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។

តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?
ទី១- ផ្តល់ជូនតម្លៃសមរម្យ

ភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាប ឬលក្ខខណ្ឌទូទាត់ប្រាក់អាចបត់បែនបាន ជាងអចលន​ទ្រព្យ​ដែលចាប់ផ្តើមសាងសង់ ឬសាងសង់រួច​ខ្លះៗ ព្រោះតែអ្នកទិញនៅមិនទាន់ឃើញ​ជាក់ស្តែង​នូវការសាង​សង់អចលន​ទ្រព្យទាំងនោះទេ ។ សម្រាប់ការទិញអចលនទ្រព្យមុនគម្រោង អ្នកអភិវឌ្ឍន៍អាចផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​ផ្សេងៗដល់អតិថិជន ឬអាចបង់រម្លស់ ព្រមទាំងការប្រាក់ទាបទៅ​គ្មានការប្រាក់​តែម្តង​ដែលនេះ​គឺជាយុទ្ធ​សាស្ត្រ​ទីផ្សារ (Marketing Strategies) របស់ម្ចាស់គម្រោង ដើម្បីធ្វើឱ្យអចលនទ្រព្យ​ទាំងអស់​កាន់តែ​ទាក់​ទាញ ។

ទី២-ជាការវិនិយោគដ៏ល្អបំផុត

អចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់ ដែលវាគឺជាផល​ប្រយោជន៍មួយ​សម្រាប់អ្នកទិញ ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នក​ទិញអចលនទ្រព្យ​មួយដែលនៅ​ក្នុងដំណាក់​កាល​មុន​គម្រោងគេលក់ត្រឹម ១០០,០០០​ដុល្លារ (១០ម៉ឺនដុល្លារ) ហើយប្រហែលពីរទៅបីឆ្នាំក្រោយនៅពេល​ដែល​គម្រោង​​​បានបញ្ចប់សាងសង់ តម្លៃលក់វិញអាចនឹងកើនឡើងដល់ទៅប្រហែល១៣ទៅ១៥ម៉ឺនដុល្លារ (ទៅតាម​លក្ខណៈ​​ពិសេស និងអំណោយផលរបស់គម្រោងនោះ) ។ ដូច្នេះលោកអ្នកអាច​ចំណេញ​៣ទៅ៥ម៉ឺន​ដុល្លារ ដោយ​មិន​ចាំបាច់​ធ្វើអ្វីសោះ​គ្រាន់​តែរង់​ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់ អ្នកក៏ត្រូវតែធ្វើការសិក្សា​ឱ្យ​បានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន ។

ទី៣-មានជម្រើសច្រើន

ដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យ​មុនគម្រោង​អ្នកមាន​សេរីភាព​ក្នុងការជ្រើស​រើសយកយូនីតដែលអ្នកចង់បាន ទីតាំងបែបណា ជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត ។  ជាមួយនឹង​យូនីត​ដែលសាង​សង់រួចគឺមិនមានផ្តល់ជូនបែបនេះនោះទេ ។

តើអាចមានហានិភ័យអ្វីខ្លះពេលទិញអចលនទ្រព្យមុនគម្រោង?
ទី១-ការផ្លាស់ប្តូរលក្ខខណ្ឌ

នៅពេលខ្លះ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ និងអាច​មានការផ្លាស់​ប្តូរបន្ថែម​ទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា​ជាដើម ។ ហានិភ័យដែលអាចកើតមាន​គឺអ្នកលោកអ្នកដែលទិញមុនគម្រោងអាចនឹង​បានយូនីត​ដែលខុស​ពីអ្វីដែល​គេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជា​ដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើ​កិច្ចសន្យារួចទៅហើយ​ អ្នកនឹងមិនអាចធ្វើអ្វីបាននោះ​ឡើយប៉ុន្តែមានតែទ្រាំទទួលយកតែប៉ុណ្ណោះ ។ ហើយអ្វីដែលអ្នកទិញមួយចំនួនអាចធ្វើបាន គឺពួកគេជួល​អចលន​ទ្រព្យ​ទាំង​នោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីលួងការខកចិត្ត ។

ទី២-ការគ្រប់គ្រងពេលវេលា

ពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់ គឺជាការប្រឈមមុខមួយទៀត​ដែល​អ្នកចង់​ទិញ​អចលន​ទ្រព្យមុនគម្រោងត្រូវតែពិចារណា ។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោង​មាន (ខ) សន្យា​នៃការពន្យា​ពេល ដែលអាចជួយឱ្យ​អ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។  នោះ​ហើយ​ជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់ ។

ទី៣-ការបាត់បង់ហិរញ្ញវត្ថុ

ប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុខបាន អ្នកដែលទិញអចលនទ្រព្យមុន​គម្រោង​នោះ​ច្បាស់ណា​ស់គឺមិនទទួលបានអ្វីទាំងអស់ ។ អ្នកអាចប្តឹងអ្នកអភិវឌ្ឍន៍គម្រោងនោះបាន ប៉ុន្តែវានឹង​ចំណាយ​ពេល​​យូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ឬមិនអាចសងគ្រប់ចំនួនជាដើម ។

ទី៤-ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃ

ដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង អ្នកដែលទិញអាចជួបហានិភ័យ​នៃការ​បោក​ប្រាស់​ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់ ។​ ហើយប្រសិន​បើ​មិនមែន​ជាករណីនេះទេ ការអភិវឌ្ឍមួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹប​កេង​កំណត់​តម្លៃទ្វេរ​ដង​នៅពេលធ្វើបទបង្ហាញលក់ឱ្យអ្នក ។

*គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោង

ទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិន​បើអ្នក​ដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក ។ ដូច្នេះខាងក្រោមនេះ​គឺជាចំណុចមួយចំនួន​សម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យមុនគម្រោងពិចារណា សង្ឃឹមថាអាចជាជំនួយខ្លះសម្រាប់លោកអ្នក​នៅពេល​ដែលដើរមើលចង់ទិញអចលនទ្រព្យមុនគម្រោង ។

ទី១- មុននឹងទិញលោកអ្នកគួរតែចំណាយពេលវេលាក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍​មួយដែល​មានកេរ្តិ៍​ឈ្មោះ​ល្អដើម្បីបង្ការហានិភ័យខាងលើ ។

ទី២-ត្រូវស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះល្បីដែលអាចទុកចិត្តបានដូចជា «ក្រុមហ៊ុន Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើនសម្រាប់ជួយលោកអ្នកជាដើម» ។

ទី៣-រកមេធាវីល្អម្នាក់ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬ(ខ)សន្យា ណាដែលមិនប្រក្រតី ។

ទី៤-ត្រូវផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ។​

ការទិញអចលនទ្រព្យមុនគម្រោងប្រកបដោយការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវបានល្អិតល្អន់ រួមផ្សំជាមួយ​នឹងគន្លឹះទាំងនេះ អាចនឹងធ្វើឱ្យលោកអ្នកចៀសផុតពីហានិភ័យបានខ្ពស់ និងអាច​ទទួល​បាន​ផល​ចំណេញ​ច្រើនមកវិញ ៕

Comments