+85561 777 090
Logo
មុនទិញផ្ទះមើលប៉ុន្មានចំណុចនេះឱ្យច្បាស់ប្រយ័ត្នទឹកភ្នែកពេលទិញហើយ
Updated on: June 2, 2022, 2:25 p.m.
Published on: July 16, 2021, 3:18 a.m.

មុនទិញផ្ទះមើលប៉ុន្មានចំណុចនេះឱ្យច្បាស់ប្រយ័ត្នទឹកភ្នែកពេលទិញហើយ


អតិថិជន (អ្នកទិញផ្ទះ) ត្រូវតែគិតឱ្យបានច្បាស់លាស់ជាមុន មុនពេលសំរេចចិត្តទិញផ្ទះពី​គម្រោង​លំនៅ​ដ្ឋាន​ណាមួយ ជៀសវាងបញ្ហានៅពេលខាងមុខ ។ ជាការពិតណាស់ដើម្បីទិញផ្ទះឱ្យបានត្រឹមត្រូវ មាន​រូបមន្ត និងការណែនាំផ្សេងៗគ្នា ហើយការណែនាំទាំងអស់នោះសុទ្ធតែត្រឹមត្រូវដូចៗគ្នា គ្រាន់​តែ​ការ​ប្រើ​ប្រាស់​តាមកាលៈទេសៈ និងបរិបទប៉ុណ្ណោះ ។

ចំណុចខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការទិញផ្ទះឱ្យបានត្រឹមត្រូវសម្រាប់លោកអ្នកដែលចង់ទិញផ្ទះដើម្បីស្នាក់នៅធម្មតា សម្រាប់ប្រកបអាជីវកម្ម ឬការវិនិយោគ (លក់យកចំណេញ) ៖

ទី១) ជ្រើសរើសទីតាំង ឬតំបន់ 

ជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ (ទីតាំង ឬតំបន់ដែលកំពុងអភិវឌ្ឍ ឬមាន​សញ្ញាណ​អភិវឌ្ឍល្អក្នុងពេលអនាគត) ។ ទីតាំងគម្រោង ឬតំបន់ដែលគម្រោងកំពុងអភិវឌ្ឍនេះគឺជា​រឿង​ទីមួយដែលលោកអ្នកត្រូវជ្រើសរើសមុនគេ មុនពេលសំរេចចិត្តទិញផ្ទះ ទោះក្នុង​គោលបំណង​ណាមួយ​ក៏ដោយ ។ 

លោកអ្នកត្រូវជ្រើសរើសទីតាំងណាមួយដែលកំពុងអភិវឌ្ឍខ្លាំង ឬមានគម្រោងអភិវឌ្ឍនាពេ​លអនាគ​ត​ដ៏ខ្លី​តំបន់​ដែលដីអាចឡើងថ្លៃ តំបន់ឧស្សាហកម្ម (រោងចក្រ) ឬតំបន់ពាណិជ្ជកម្ម ហើយទាក់ទាញ​ការ​អភិវឌ្ឍ​ខ្លាំងជាដើម ។ ប្រសិនបើលោកអ្នកមិនអាចជ្រើសរើសទីតាំងល្អ និងមានសក្តានុពលល្អ​ដោយ​ខ្លួន​ឯង​បាន លោកអ្នកគួរ​ពឹង​ពាក់អ្នកជំនាញផ្នែកអចលនទ្រព្យណាម្នាក់​ដើម្បីផ្តល់​ការប្រឹក្សា​យោបល់​ជូនអ្នក ។

ទី២) ភាពស្របច្បាប់

មុនពេលលោកអ្នកទិញផ្ទះពីគម្រោងណាមួយត្រូវស៊ើបសួររកច្បាប់ទំលាប់ពីម្ចាស់គម្រោង ឬអ្នក​លក់​ជាមុន​សិន ហើយបើមានមន្ទិលសង្ស័យលើគម្រោងនោះ លោកអ្នកត្រូវស្រាវជ្រាវ ឱ្យច្បាស់លាស់​ពី​គម្រោ​ង​នោះ​ដោយខ្លួនឯង ឬជួលអ្នកជំនាញផ្នែកស្រាវជ្រាវគម្រោង ឬអ្នកស្រាវ​ជ្រាវណាមួយ​ក៏ដោយ​ដែល​លោកអ្នកទុកចិត្តឱ្យសិក្សា និងស្រាវជ្រាវពីច្បាប់ទំលាប់នៃការអភិវឌ្ឍគម្រោងនោះមានដូចជា៖ តើគម្រោងនោះបានធ្វើការចុះបញ្ជីក្រុមហ៊ុនហើយឬនៅ? មានប័ណ្ណប៉ាតង់ត្រឹមត្រូវដែរឬទេ? មានអាជ្ញា​ប័ណ្ណ​​អភិវឌ្ឍលំនៅដ្ឋានទេ? មានច្បាប់សាងសង់ទេ?

*ចំណាំ ៖ ជាគោលការណ៍ប្រសិនបើគម្រោងលំនៅដ្ឋានដែលលោកអ្នកចង់ទិញនោះ ជាគម្រោង​ស្រប​ច្បាប់​​គេតែងដាក់តាំង (ភ្ជួរ) នៅក្នុងការិយាល័យលក់ នូវច្បាប់ទំលាប់​ទាំងអស់នោះ​ឱ្យអតិថិជន​មើល​ឃើញ​ជាសាធារណៈមានដូចជា ៖ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម, ប័ណ្ណប៉ាតង់, លិខិតអនុញ្ញាតសាងសង់, លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់, អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ និង​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម ។ 

ទី៣) ប័ណ្ណកម្មសិទ្ធិដីធ្លី

ជាការពិតណាស់ រឿងមួយដែលលោក-អ្នកត្រូវតែចង់ចាំ គឺថា រាល់ការ​អភិវឌ្ឍគម្រោង​លំនៅដ្ឋាន​ដែល​ស្រប​ច្បាប់ត្រូវតែធ្វើឡើងលើទីតាំងដីមួយកន្លែងដែលមានប្លង់រឹងជាដាច់ខាតដែលអាចជា (វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់អចលនទ្រព្យ ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនទ្រព្យ) ។ ប្រសិនបើ​ដីទាំង​មូល​ដែល​យក​មកអភិវឌ្ឍជាគម្រោងនោះ មិនមានប្លង់រឹង គឺគេមិនអាចស្នើសុំច្បាប់សាងសង់​លំនៅដ្ឋានដើម្បីដាក់​លក់​ជូន​អតិថិជនបានទេ ។ 

*ប័ណ្ឌបំបែកក្បាលដី

ដូច្នេះលោកអ្នកគួរតែទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយដែលមានប្លង់រឹង ហើយបាន​បំបែក​ក្បាលដី​រួចជា​ស្រេច សម្រាប់ទុកកាត់ឈ្មោះជូនអតថិជន (អ្នកទិញ) នៅពេលដែលអតិថិជន​បង់លុយ​គ្រប់​លក្ខ​ខណ្ឌ ។ មូលហេតុសំខាន់មួយទៀត ប្រសិនបើដីរបស់គេមានប្លង់រឹង តែគេមិនកាត់ឈ្មោះប្លង់រឹងឱ្យអ្នក​ទិញ​គឺកាត់ឈ្មោះត្រឹម ឃុំ-សង្កាត់ ឬស្រុក-ខណ្ឌ លោក-អ្នកមិនគួរទិញផ្ទះពីគម្រោងនោះទេ ដោយហេតុ​ផលថា ដីរបស់គម្រោងទាំងមូលនោះ ប្រហែលជាត្រូវជាប់ធនាគារបាត់ទៅហើយ ឬជាប្លង់ក្លែងក្លាយ ជាដើម ។

ទី៤) គម្រោងខ្យល់

ពាក្យថា «គម្រោងខ្យល់» នៅទីនេះមានច្រើនរូបភាពមានដូចជា គម្រោងខ្លះអត់មានទាំងរៀបចំ ឧបករណ៍ និងសម្ភារៈទីផ្សារ ប្លង់ស្ថាបត្យកម្មនៃសំណង់លំនៅដ្ឋានរបស់ខ្លួន ហើយចេះតែមកលក់មាន​តែដី​ទទេ និងធ្វើជាឈូសឆាយបន្តិចបន្តួច គម្រោងខ្លះក៏មានធ្វើជាបុកគ្រឹះចោលឱ្យគេមើលប៉ុណ្ណោះ អត់មាន​ទុន អត់មានផែនការ អត់មានយុទ្ធសាស្ត្រ (ទាំងយុទ្ធសាស្រ្តលក់ យុទ្ធសាស្រ្តគ្រប់គ្រង និងការដឹកនាំ) ជាដើម ។ 

គ្រាន់តែបោះពុម្ពក្រដាសផ្សព្វផ្សាយបន្តិចបន្តួចក្រុមលក់៤-៥នាក់ក៏តាំងផ្តើមលក់គម្រោង​លំនៅដ្ឋាន​របស់ខ្លួន​លក់១ឆ្នាំដាច់បាន៤-១០ផ្ទះដល់កាលបរិច្ឆេទកំណត់ត្រូវប្រគល់ផ្ទះឱ្យអតិថិជន តើត្រូវធ្វើ​ដូចម្តេច? លុយមិនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអាងលើការបញ្ជាទិញរបស់អតិថិជន ចុះបើលក់​មិនដាច់តាម​ការរំពឹងទុក តើវានឹងមានរឿងអ្វីកើតឡើង? បើមិនទុកចិត្តកុំទិញផ្ទះពីគម្រោង​ណាមួយ​ដែលមិន​ច្បាស់លាស់ ។

គម្រោងខ្លះអភិវឌ្ឍក្នុងរូបភាពចូលហ៊ុនគ្នា ដោយយកដីរបស់អ្នកផ្សេងយកមកអភិវឌ្ឍជាគម្រោង លំនៅដ្ឋាន (ធ្វើផ្ទះល្វែងលក់) ។ ប៉ុន្តែដល់ធ្វើមិនបានជោគជ័យគ្មានលុយបង្វិលជូនម្ចាស់ដី គម្រោង​ត្រូវជាប់​គាំងក្នុងករណីនេះ តើអតិថិជនដែលបានបញ្ជាទិញរួចហើយត្រូវគិតយ៉ាងម៉េច? នេះជាចំណុច «ហានិភ័យ» ដែលអតិថិជនខ្លះ ផ្ទះក៏មិនបាន លុយក៏យកវិញមិនបាន។ តើត្រូវធ្វើដូចម្តេច? មានតែប្តឹងផ្តល់ ប៉ុន្តែប្ដឹងផ្តល់ហើយ បានអ្វីមកវិញ? ខាតលុយ និងពេលវេលា ថែមទៀត ។

ទី៥)  តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់

តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ក៏ជាប្រការសំខាន់ណាស់ដែរដែលអ្នកទិញគួរតែពិនិត្យ និងជ្រើស​រើស​ឱ្យបាន​ត្រឹមត្រូវ ។ គម្រោងមួយចំនួន តម្លៃផ្ទះក៏ថ្លៃ លក្ខខណ្ឌបង់ប្រាក់ក៏តឹង បូករួមនឹងការប្រាក់ថ្លៃទៀត មិន​សាក​សមនឹងទីតាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺករណីការប្រាក់សម្រាប់លោក​អ្នក​ទិញ​ផ្ទះ​ទុក​លក់យកចំណេញ មិនគួរទិញផ្ទះបង់រំលោះដោយមានជាប់ការប្រាក់នោះទេ ព្រោះបច្ចុប្បន្ននេះតម្លៃ​ផ្ទះ​ក្នុងមួយឆ្នាំៗឡើងបានតិចណាស់ចន្លោះពី ១០-២០% ប៉ុណ្ណោះ ហើយបើលោក​អ្នក​ទិញ​ផ្ទះបង់​រំលោះ​ដោយមានអត្រាការប្រាក់ ១% ក្នុងមួយខែ គឺលោក-អ្នកត្រូវចំណាយអស់ ១២% ក្នុងមួយ​ឆ្នាំទៅហើយ ។​

ដូច្នេះ មានន័យថា លោកអ្នកស្ទើតែអស់ប្រាក់ចំណេញទៅហើយ ហើយផ្ទះបច្ចុប្បន្នទៀតសោត លក់​ចេញ​មិនសូវដាច់ទៀត ប្រហែលជាលោកអ្នកត្រូវខាតបង់់ប្រាក់ក្នុងការបង់ការប្រាក់ ជូនម្ចាស់គម្រោង ហើយក្តីសង្ឃឹមលើប្រាក់ចំណេញ ហាក់នៅឆ្ងាយទៅហើយ។​​ មួយវិញទៀត ប្រសិនបើលោកអ្នកទិញ​ផ្ទះនៅកន្លែងខ្លះមិនមានប្រាក់ចំណេញទៀត ។ ដូច្នេះការទិញផ្ទះមិនមែនឱ្យតែឮគេថា ទិញចំនេញ ឬល្អ ក៏ទិញភ្លាមនោះមិនកើតទេ គឺត្រូវវិភាគ និងពិនិត្យពិច័យឱ្យបានច្បាស់លាស់ ។

ទី៦ព័ត៌មានបំប៉ោង ឬបោកប្រាស់

គម្រោងមួយចំនួនចូលចិត្តប្រើប្រាស់ព័ត៌មានបំប៉ោង ឬបោកប្រាស់អតថិជនតាមរយៈរូបភាព បង្កើត​ជា​គម្រោង​ផ្សារនៅក្នុងគម្រោងរបស់ខ្លួនមានកន្លែងកំសាន្ត មានរមនីយដ្ឋាន កន្លែងហាត់ប្រាណ សាលា​រៀន សួនលំហែកាយ ជាដើម ។ល។ ប៉ុន្តែធាតុពិតពួកគេដឹងច្បាស់ណាស់ថា មិនអាច​ដំណើរ​ការផ្សារ ឬគម្រោងនានាដែលបានអះអាងនោះបានដោយស្រួលឡើយ ។ ព្រោះគម្រោងរបស់គេ ជាគម្រោង​ខ្នាត​តូចមិនគ្រប់តម្រូវការនៃការអភិវឌ្ឍជាផ្សារ ឬរមនីយដ្ឋានដូចដែលពួកគេបានលើកឡើងនោះទេ ហើយណាមួយការដំណើរការផ្សារមួយ មិនមែនជារឿងងាយស្រួល ដូចការផ្សព្វផ្សាយនោះទេ ត្រូវមានធនធានលុយកាក់ មានអ្នកគ្រប់គ្រង និងដឹកនាំដំណើរការច្បាស់លាស់ ត្រូវមានផែនការ និងយុទ្ធសាស្ត្រ ដោយមានទាំងអ្នកលក់ក្នុងផ្សារ និងអ្នកទិញប្រសព្វគ្នា ទើបអាចដំណើរការទៅរួច។​

ទី៧) ហេដ្ឋារចនាសម្ព័ន្ធគម្រោង

មានគម្រោងមួយចំនួនបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមត្រូវតាមស្តង់ដារបុរី ឬគម្រោង​លំនៅ​ដ្ឋាន​ឡើយ ដោយធ្វើផ្លូវត្រឹមតែ៦ម៉ែត្រ ឬត្រឹម៨ម៉ែត្រ ប៉ុន្តែមិនទុកចំណីផ្លូវមុខផ្ទះឡើយ គឺមានតែតួរផ្លូវ ៨ម៉ែត្រ រីឯផ្ទះធ្វើដល់គែមផ្លូវតែម្តង ឬសល់ត្រឹម១ម៉ែត្រដល់គែមផ្លូវតែម្តង ។ ចំណែក​ការអភិ​វឌ្ឍ​ក្នុង​គម្រោង​វិញ យឺតយ៉ាវហួសពីការស្មាន ម្តងលើកទៅថ្ងៃនេះ ម្តងលើកទៅថ្ងៃនោះ ជាដើម។ មួយវិញទៀត​ ប្រព័ន្ធលូបង្ហូរទឹកក៏មិនបានរៀបចំត្រឹមត្រូវតាមស្តង់ដារ ។ នេះជាហេតុផលមួយ​ដែលអ្នក​ទិញគួរ​ពិនិត្យ ឱ្យ​បាន​ច្បាស់លាស់មុនពេលទិញផ្ទះពីគម្រោងនោះ ៕

Comments