បណ្តាវិនិយោគិនទាំងក្នុងស្រុក និងបរទេសកំពុងវិលត្រឡប់មកអភិវឌ្ឍន៍ជាថ្មីលើវិស័យអចលនទ្រព្យដែលជាវិស័យមួយទទួលបានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ ។ មិនតែប៉ុណ្ណោះអ្នកជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមើលឃើញពីសក្តានុពលអចលនទ្រព្យមិនថាតែ ដីឡូត៍, គម្រោងផ្ទះបុរី, ខុនដូ, អាផាតមិន, រីសត ។ល។ នឹងធ្វើការបែរមុខព្រួញវិនិយោគទៅកាន់ខេត្តធំៗទាំងនេះដែលស្ថិតក្នុងបញ្ជីជាខេត្តដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេសកម្ពុជាក្រៅពីរាជធានីភ្នំពេញ ។
ទី១- ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការវិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគអចលនទ្រព្យដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់ ។
មិនតែប៉ុណ្ណោះសក្តានុពលខេត្តព្រះសីហនុត្រូវបានគេមើលឃើញថាមានច្រើនគួរឱ្យកត់សម្គាល់រួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កំពង់ផែទឹកជ្រៅ), តំបន់ឆ្នេរដ៏ទាក់ទាញ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ, តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយផ្លូវមួយ, ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ ។
ទី២- ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មានពីរាជធានីភ្នំពេញ នៅតែបន្តទាក់ទាញគម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ ។ ចំនួននៃគម្រោងវិនិយោគកើតមានជាបន្តបន្ទាប់នេះបានជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពលប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្ម និងពាណិជ្ជកម្ម ស្របពេលដែលអ្នកជំនាញអចលនទ្រព្យលើកឡើងថា ចរន្តទិញលក់ដីធ្លីក៏មានការកើនឡើងផងដែរ ។
ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ។ ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCICដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ ។
ទី៣- ខេត្តសៀបរាម
ខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់ដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរទៅកាន់ទីក្រុងអង្គរដើម្បីឈ្វេងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត ។
វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឲ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឲ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈមានការលូតលាស់ ។ កំណើនអចលនទ្រព្យត្រូវបានកើនឡើងយ៉ាងច្រើននៅជុំវិញក្រុងសៀមរាបដែលស្ថិតនៅក្នុងសង្កាត់សំខាន់ៗបួនគឺ៖ ស្លរក្រាម, ស្វាយដង្គុំ សាលាកម្រើក និងគោកចក ។ ជាងនេះទៅទៀតខេត្តសៀមរាបទើបតែបានស្តារនូវហេដ្ឋារចនាសម្ព័ន្ធខេត្តជាច្រើនកន្លែង ។
ទី៤- ខេត្តបាត់ដំបង
ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលមានបំណងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០ ។ ដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ ។
នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតារហូតដល់ផ្ទះវីឡាប្រណិតដែលមានទំហំផ្សេងៗ គ្នា ។ ភាគច្រើនស្ថិតនៅតាមជាយក្រុង ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ ។
ទី៥- ខេត្តកំពត
ក្នុងនាមជាខេត្តទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលជាប់មាត់សមុទ្រនាទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី» ។ វិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកឡើងវិញយ៉ាងក្តៅគគុកសម្រាប់ខេត្តសក្តានុពលទេសចរណ៍ និងពាណិជ្ជកម្មមួយនេះ ។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែតាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូនការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ ។ ចំណែកកំពង់ផែជាតិ និងអន្តរជាតិចំនួន០៤ក៏បាន និងកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃផងដែរ ។
គម្រោងអភិវឌ្ឍន៍ពង្រីកក្រុងកំពតជាទីក្រុងវ័យឆ្លាតក៏ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អនុម័តរួចហើយ ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ផ្លូវបេតុង អគារពាណិជ្ជកម្ម ផ្ទះល្វែង បុរី ខុនដូ ឆ្នេរកម្សាន្ត រមណីយដ្ឋាន រីសត ប៊ូទិច បឹងកាឡូត៍ ជាច្រើនបានកំពុងរីកដុះដាល ដូចផ្សិត ។
ទី៦- ខេត្តកោះកុង
ខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ដោយមានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងរបស់ខេត្តកោះកុង ។
មិនតែប៉ុណ្ណោះ ការត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា ព្រមជាមួយនឹងផែនការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ខេត្តកោះកុង) នៅដំណាច់ឆ្នាំនេះនឹងរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តកោះកុង និងតំបន់ក្បែរខាងមានសម្ទុះកើនឡើង ។ មួយវិញទៀត ដោយសារវាជាព្រលានយន្តហោះខ្នាតអន្តរជាតិ និងនៅជាប់មាត់សមុទ្រ ដូច្នេះវានឹងមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគធំៗឱ្យទៅបណ្តាក់ទុននៅក្បែរៗនោះ ។
កត្តាសំខាន់ៗផ្សេងៗទៀតដូចជាតំបន់សេដ្ឋកិច្ចពិសេស និងសកម្មភាពដោះដូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាមជាមួយប្រទេសថៃកំពុងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ហើយទាក់ទាញអ្នកចំណូលថ្មី និងអ្នកវិនិយោគជាហូរហែរ ។
តំបន់មួយកន្លែងឋិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងកំពុងបង្កើនសក្តានុពលវិនិយោគ និងមានប្រតិបត្តិការទិញ-លក់ដីធ្លីមមាញឹកជាងគេនាពេលបច្ចុប្បន្ន រួមទាំងកំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តផងនោះ និងធ្វើឱ្យខេត្តកោះកុងកាន់តែមានសន្ទុះសក្តានុពលអចលនទ្រព្យនាពេលខាងមុខ ៕
Comments