បំណងប្រាថ្នាដែលចង់បានផ្ទះមួយដែលកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនគឺជាក្តីស្រមៃមួយរបស់មនុស្សគ្រប់រូប ប៉ុន្តែមិនមែនមានក្តីស្រមៃចង់បានផ្ទះដែលជារបស់ខ្លួន តែបែរជាអង្គុយស្ងៀមដោយមិនធ្វើអ្វីសោះឡើយនោះទេ ។ ស្របពេលបច្ចុប្បន្នមានប្រជាជនដែលនៅលីវជាច្រើនដែលមិនទាន់មានផ្ទះផ្ទាល់ខ្លួន ដោយពួកគេតែងតែគិតថា ការទិញផ្ទះ ឬខុនដូ សម្រាប់រស់នៅគឺជារឿងដែលត្រូវធ្វើ ឬទិញក្រោយពីរៀបការរួច ។
ក្នុងនោះផងដែរ ក៏មានអ្នកនៅលីវមួយចំនួនដែលអាចមានលទ្ធភាព ឬថវិការគ្រប់គ្រាន់រហូតអាចទិញបានផ្ទះ ឬខុនដូផ្ទាល់ខ្លួនបើទោះបីជាទិញផ្តាច់ ឬបង់រំលស់ក៏ដោយ ។ មានហេតុផល៤យ៉ាងសម្រាប់អ្នកនៅលីវដែលគួរណាតែពិចារណាក្នុងការទិញផ្ទះ ឬខុនដូមុនពេលរៀបការប្រសិនបើមានលទ្ធភាពអាចទៅរួចមិនថាទិញដោយបង់រំលស់ ឬទិញផ្តាច់ ៖
ទី១- មានទ្រព្យសម្បត្តិជាកម្មសិទ្ធិផ្ទាល់ខ្លួន
សម្រាប់អ្នកដែលនៅលីវដែលចំណាយថវិការក្នុងការជួលផ្ទះក្នុង១ខែៗ លោកអ្នកត្រូវចំណាយថវិការជារៀងរាល់ខែ ។ សម្រាប់អ្នកនៅលីវអាចពិបារណាក្នុងការទិញផ្ទះ ឬខុនដូណាមួយ (ទិញផ្តាច់ ឬបង់រំលស់) នៅពេលដែលលោកអ្នកក្លាយជាម្ចាស់កម្មសិទ្ធិផ្ទះ ឬខុនដូផ្ទាល់ខ្លួនហើយនោះ លោកអ្នកអាចធ្វើការកែកុន ឬតុបតែងគ្រប់កន្លែងតាមការពេញចិត្ត ។
លើសពីនេះទៀត លោកអ្នកក៏អាចទិញគ្រឿងសង្ហារឹមណាមួយដាក់តាំង ឬសម្រាប់ប្រើប្រាស់ក៏បាន ផ្ទុយទៅវិញ ខុសពីពេលដែលរស់នៅក្នុងបន្ទប់ ឬផ្ទះជួល លោកអ្នកនឹងមិនអាចធ្វើអ្វីបាននោះទេ ហើយទោះបីលោកអ្នកជួលយូរប៉ុណ្ណាក៏ដោយ ក៏បន្ទប់ ឬផ្ទះជួលនោះនៅតែជារបស់គេដដែល ។
ទី២- ចាប់ផ្តើមចេះសន្សំសំចៃជាងមុន
នៅពេលដែលលោកអ្នកត្រូវចំណាយលុយផ្ទាល់ខ្លួនដ៏ច្រើនដើម្បីទិញអ្វីមួយ ឬដើម្បីបង់សងកម្ចីទិញផ្ទះ ឬកម្ចីផ្ទាល់ខ្លួនណាមួយ ពេលនោះដែរលោកអ្នកនឹងអាចតាំងចិត្តខ្លួនឯង ឬរៀបផែនការក្នុងការកាត់បន្ថយការចំណាយលើតម្រូវការមិនចាំបាច់មួយចំនួន ដូចជាសំលៀកបំពាក់ ឬផលិតផលទំនើប ម៉ាកថ្មីណាមួយ ពីព្រោះលោកអ្នកមិនចង់ជាប់បំណុលរយៈពេលវែងនោះទេ ។
ទី៣-មានសេរីភាពពេញលេញ
ការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។
ទី៤- មោទកភាពចំពោះអ្វីដែលខ្លួនមាន
នៅពេលដែលទទួលបានផ្ទះ ឬខុនដូជារបស់ផ្ទាល់ខ្លួនទាំងដែលខ្លួននៅលីវនោះ គឺធ្វើឱ្យលោកអ្នក និងអ្នកនៅជុំវិញខ្លួនមានមោទកភាពចំពោះសមត្ថភាពដែលអាចធ្វើរឿងទាំងនេះបាន ។ ហើយនេះអាចជាហេតុផលមួយ ដែលជំរុញឱ្យពួកគេកាន់តែខំប្រឹងធ្វើការងារ និងអាចរកប្រាក់ចំណូលបានកាន់តែច្រើន ហើយទទួលបានជោគជ័យក្នុងជីវិតរបស់ពួកគេ ៕
Comments