+85561 777 090
Logo
មិនធម្មតា ! ទិញផ្ទះរដូវភ្លៀងអាចដឹងអាថ៌កំបាំងពិសេសទាំង៥នេះ
Updated on: July 20, 2022, 6:48 a.m.
Published on: September 22, 2021, 9:32 a.m.

មិនធម្មតា ! ទិញផ្ទះរដូវភ្លៀងអាចដឹងអាថ៌កំបាំងពិសេសទាំង៥នេះ


ការទិញអចលនទ្រព្យគឺជារឿងដ៏ស្មុគស្មាញមួយ ប្រសិនបើអ្នកចង់បានទាំងគុណភាព និងតម្លៃ ។ ដូច្នេះ វាត្រូវទាមទាឱ្យអ្នកទិញផ្ទាល់ត្រូវចំណាយពេលដើម្បីទទួលបាននូវអ្វីដែលពួកគេត្រូវការ ។ ហើយចំណុចមួយចំនួនដែលអ្នកទិញគួរត្រូវយកចិត្តទុកដាក់ព្រោះវាអាចជួយអ្នកទទួលបានផលចំណេញដ៏ច្រើននៅពេលអនាគត ។

បើទោះបីជាយ៉ាងណានៅក្នុងរដូវភ្លៀងគេមើលឃើញថា បានផ្តល់ផលចំណេញមួយចំនួនធំសម្រាប់អ្នកដែលមានបំណងចង់ទិញអចលនទ្រព្យដូចជាផ្ទះ និងដីជាដើម ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេស ៥ យ៉ាងសម្រាប់ការស្វែងរកទិញអចលនទ្រព្យនៅក្នុងរដូវមានភ្លៀងធ្លាក់ ៖

ទី១) ដឹងថាតំបន់មានទឹកជំនន់ ឬអត់

ជាការពិតណាស់ នៅក្នុងរដូវស្សាតែងតែមានភ្លៀងធ្លាក់ញឹកញាប់ហើយវាគ្មានអ្វីដែលអាចលាក់បាំងមិនឱ្យអ្នកដឹងបានឡើយថា តើតំបន់ដែលអ្នកចង់ទិញអចលនទ្រព្យនោះ​មានទឹកជំនន់ ឬអត់ ប្រសិនបើអ្នកស្វែងរកទិញដី ឬផ្ទះ និងបានចុះទៅដល់ទីតាំងនោះផ្ទាល់ ។ ដូច្នេះអ្នកអាចរើសយកទីតាំងមួយល្អបំផុតសម្រាប់ការវិនិយោគរបស់អ្នក ។

ទី២) គុណភាពសំណង់​

ទឹកភ្លៀងអាចឱ្យអ្នកមើលបានយ៉ាងច្បាស់ថា គុណភាពនៃសំណង់មានកម្រិតដូចម្ដេច សំណង់ខ្លះអ្នកមិនអាចពិនិត្យមើលពីគុណភាព ឬពិសោធន៍មើលភ្លាមៗបាននោះឡើយ ។ វិធីមួយដែលធ្វើឱ្យការពិនិត្យមានភាពងាយស្រួលគឺពេលភ្លៀង ។ ព្រោះក្រោយពេលភ្លៀងអ្នកនឹងអាចដឹងបានយ៉ាងងាយថា តើផ្ទះនោះមានលិច ឬជ្រាបទឹកហូរមកលើជញ្ជាំងដែរឬទេ ។

ទី៣) ប្រព័ន្ធលូ

ជាកត្ដាសំខាន់សម្រាប់ការរស់នៅដ៏សមប្រកបគឺប្រព័ន្ធលូល្អអាចធ្វើឱ្យទឹកមិនលិច ឬដក់នៅតំបន់ជុំវិញផ្ទះរបស់លោកអ្នក ប្រព័ន្ធលូល្អអាចបង្ហាញច្បាស់នៅពេលភ្លៀងធ្លាក់ ។ យើងអាចពិនិត្យបាននៅពេលភ្លៀងមួយមេ យើងអាចចាប់អារម្មណ៍ឃើញភ្លាមថា តើសំរាមនៅមុខផ្ទះតើវាហូរទៅកន្លែងណា? តើទឹកភ្លៀងនឹងហូរពីតំបន់ណាទៅតំបន់ណា?​ លូមុខផ្ទះយើងអាចសម្គាល់លើទំហំរបស់លូថា តើវាមានទំហំប៉ុណ្ណា?​ ហើយវាអាចដក់ទឹកដល់ក​ម្រិតណា?

យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់ កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុនណា? ម្យ៉ាងវិញទៀត អ្នកអាចមើលទៅលើជើងជញ្ជាំង ថាមានស្នាមដក់ទឹកដែរឬទេ?​ បើមានស្នាមនោះអ្នកអាចសន្នត់ថាផ្ទះនេះពិតជាលិចទឹក ជាមិនខាន។ ទីតាំងផ្ទះ ទីតាំងនីមួយៗរមែងអាចមានកន្លែងខ្ពស់ ឬទាបជាងគ្នាបន្ដិចបន្ដួច ដូចនេះនៅពេលមានភ្លៀងម្ដងៗ ទឹកតែងតែហូរពីខ្ពស់ទៅទាប ដូចនេះអ្នកអាចដឹងថាផ្ទះ នោះដក់ ឬលិចទឹកជាមិនខាន។

៤) គុណភាពបរិក្ខារខាងក្រៅផ្ទះ

នៅខែប្រាំងអ្នកដែលស្វែងរកទិញផ្ទះ អាចមើលឃើញផ្ទះស្អាតព្រោះគុណភាពនៃសំណង់ និងបរិក្ខារពិបាកនឹងមើលណាស់ ប៉ុន្ដែអ្នកអាចដឹងខ្លះៗនៅក្នុងខែមានភ្លៀង ។ ព្រោះថ្នាំលាបជញ្ជាំងប្រសិនទឹកថ្នាំល្អនោះពេលត្រូវភ្លៀងវាឆាប់ស្ងួតមិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកទ្វា និងបង្អួចវិញនៅពេលភ្លៀងមានខ្យល់បក់អ្នកអាចមើលដឹងថា បង្អួចនឹងរង្គឺឬទេហើយមានទឹកជ្រាបចូលដែរឬទេ ។

៥) ងាយនឹងចរចាតម្លៃ

ដោយសារនៅក្នុងខែភ្លៀង ប្រតិបត្ដិការនៃការទិញ-លក់អចលនទ្រព្យមានកម្រិតទាបជាងខែប្រាំង អ្នកអាចមានជម្រើសច្រើនជាង និងអាចងាយស្រួលចចារតម្លៃម្យ៉ាងវិញទៀត ដោយសារតែទឹកភ្លៀងអ្នកអាចដឹងបានគុណភាព និងចំណុចខ្លះខាតនៃអចលនទ្រព្យនីមួយៗ ដូចនេះអ្នកអាចងាយស្រួលចចារ និងទទួលតម្លៃល្អ ៕

Comments