+85561 777 090
Logo
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
Updated on: February 13, 2023, 7:36 a.m.
Published on: February 13, 2023, 7:35 a.m.

ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត


រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។

ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនា​គមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក ។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ។

ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។

ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រុមហ៊ុនទាំងបីក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕

Comments