+85561 777 090
Logo
ស្ពានចំនួន៣ត្រៀមផុសឡើងនៅកម្ពុជាលើទីតាំងទាំងនេះ
Updated on: December 14, 2022, 10:10 a.m.
Published on: December 14, 2022, 10:10 a.m.

ស្ពានចំនួន៣ត្រៀមផុសឡើងនៅកម្ពុជាលើទីតាំងទាំងនេះ


ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ប្រកាសថារដ្ឋនឹងសាងសង់ស្ពាន៣បន្ថែមទៀត ដែលស្ពានទាំងនោះនឹងធ្វើឱ្យសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានច្រើនមួយកម្រិតទៀត ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមាន​ការ​សាង​សង់ស្ពាន​ចំនួន៣បន្ថែមទៀតដែលរួមមាន ៖ ទី១-ស្ពានឆ្លងកាត់ទន្លេមេគង្គ​នៅខេត្ត​ក្រចេះ, ទី២-ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ, និងទី៣-ស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ។

ចំណែកពីធីបើកការដ្ឋានសងសង់ស្ពានឆ្លងទន្លេមេគង់នៅខេត្តក្រចេះអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ឬទី៦ ខែមករា ២០២៣ ខាងមុខ ដោយសារតែសម្តេចតេជោ ហ៊ុន សែន មានភាពមមាញឹកខ្លាំងលើកិច្ចការប្រទេសជាតិ ។ នេះបើតាមការបញ្ជាក់របស់សម្តេច ។

សូមបញ្ជាក់ថា កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ទន្លេមេគង្គខេត្តក្រចេះ ក្រោម​ហិរញ្ញប្បទានសម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ដើមខែ​មករា ឆ្នាំ​២០២៣​ខាងមុខ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េចាប់ពីផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ ដោយ​សាង​សង់​ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង និងស្ពានទី៣ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ។ ស្ពាននេះមានតួនាទីក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង ។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់ ៕

Comments