គម្រោងផ្លូវក្រវាត់ក្រុងទី៣ដែលជាសរសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលរាជធានីភ្នំពេញ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង២២ម៉ែត្រ មាន៤គន្លង តភ្ជាប់ពីផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣, លេខ២ រហូតដល់ផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ចំនួន២៦៧,៦៧លានដុល្លារអាមេរិក គ្រោងនឹងសម្រេចការសាងសង់អំឡុងខែឧសភា ឬមិថុនា ខាងមុខនេះ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
គម្រោងផ្លូវក្រវាត់ក្រុងទី៣ជាគម្រោងដែលមានភាពស្មុញស្មាញមួយ និងត្រូវដោះស្រាយផលប៉ះពាល់ជាច្រើនគួបផ្សំនឹងវិបត្តិកូវីដ១៩ថែមទៀតធ្វើឱ្យគម្រោងនេះត្រូវពន្យាពេលនៃការសាងសង់ ពោលគម្រោងនេះគ្រោងនឹងបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ។ ក្រោយពីមានការយឺតយ៉ាវរយៈពេល១ឆ្នាំ ពេលនេះគម្រោងផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះអាចនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ ។ ឯកឧត្ដមបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ មានការយឺតយ៉ាវ ១ ឆ្នាំ ក៏ប៉ុន្ដែយើងសង្ឃឹមថាចប់នៅខែ ៥ ឬខែ ៦ ដើម្បីយើងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២៣» ៕
Comments