+85561 777 090
Logo
ផ្លូវក្រោមដីប្រវែងជិត ៥០០ ម៉ែត្រ នឹងសាងសង់នៅ តំបន់ឫស្សីកែវ
Updated on: June 7, 2022, 5:09 a.m.
Published on: February 19, 2019, 11:11 p.m.

ផ្លូវក្រោមដីប្រវែងជិត ៥០០ ម៉ែត្រ នឹងសាងសង់នៅ តំបន់ឫស្សីកែវ


អស់បារម្ភរឿងកកស្ទះ! បន្តិចទៀតនៅខណ្ឌឫស្សីកែវនឹងមានផ្លូវក្រោមដីដ៏វែងមួយខ្សែហើយ!

បញ្ហាស្ទះចរាចរណ៍នៅតែជាបញ្ហាចម្បងមួយនៅក្នុទីក្រុងភ្នំពេញ ជាពិសេសមួយរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានលំហូរចូលនូវជនបរទេស ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តា ខេត្តផ្សេងៗបានធ្វើបំលាស់ទី មករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបំពេញការងារកាន់តែច្រើនទៅៗ។

ដើម្បីដោះស្រាយបញ្ហាកកស្ទះដែលតែងតែធ្វើឱ្យបាត់បង់ប្រាក់កាស​ និងពេលវេលារបស់ ប្រជាពលរដ្ឋ រដ្ឋាភិបាលបានអនុម័ត ក៏ដូចជាកំពុងសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ជាបន្តបន្ទាប់ ដោយសម្រេចមកវិញបាននូវគម្រោងជា ស្ពាន ផ្លូវអាកាស និងការពង្រីកផ្លូវឱ្យធំជាងមុនជាដើម។

តួយ៉ាង សព្វថ្ងៃនេះក្រុមហ៊ុនអូស៊ីអាយស៊ី កំពុងតែសិក្សាលើគម្រោងផ្លូវក្រោមដីមួយនៅក្នុងខណ្ឌឫស្សីកែវ។ នេះបើតាម ការបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ស្របជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៤ខែកុម្ភៈ កន្លងទៅនេះ លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុនអូស៊ីអាយស៊ី ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងគម្រោងនេះដែរថា សព្វថ្ងៃក្រុមហ៊ុនអូស៊ីអាយស៊ីកំពុងតែសិក្សាលើលិទ្ធិភាព និងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ប្រសិនជាមានការសាងសង់ផ្លូវក្រោមដីនេះឡើង។

ផ្លូវនេះនឹងត្រូវសាងសង់កាត់តាមបណ្តោយផ្លូវជាតិលេខ ៥ ចំចំណុចអតីតស្ថានីយ៍ប្រេងសូគីម៉ិច​ ក្នុងខណ្ឌឫស្សីកែវ ដោយមានប្រវែងប្រមាណ ៤០០ ម៉ែត្រទៅ ៥០០ ម៉ែត្រ។ ផ្លូវនេះមានទទឹងធំល្មមសម្រាប់រថយន្តធ្វើចរាចរណ៍ទៅមក និងមានផ្លូវរបស់ទោចក្រយានយន្ត ធ្វើដំណើរស្របគ្នាផងដែរ។

គម្រោងផ្លូវនេះអាចនឹងបញ្ចប់ការសាងសង់ស្របពេលជាមួយគ្នានឹងស្ពានខ្សែកាបដែលភ្ជាប់ទៅកាន់ខណ្ឌជ្រោយចង្វារ។

ទោះបីជាយ៉ាងណាក៏ដោយ បើនិយាយពីចំនួនថវិការដែលនឹងត្រូវប្រើប្រាស់ចំណាយទៅលើ ការសាងសង់ផ្លូវក្រោមដី មួយនេះនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទ។ ប៉ុន្តែអ្វីដែល លោកទូច សំណាងបានបញ្ជាក់ដែរនោះគឺថា គម្រោងនេះនឹងមិនប្រើប្រាស់ថវិការ ក្នុងកញ្ចប់តែមួយជាមួយនឹង គម្រោងស្ពានខ្សែកាបយោងភ្ជាប់ជាមួយ តំបន់ជ្រោយចង្វារនោះទេ។

គូសបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មាន ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ តំបន់ជ្រោយចង្វារ និងតំបន់ឬស្សីកែវ កំពុងតែមានសក្តានុពលយ៉ាងខ្លាំង ដោយឃើញមានវត្តមានគម្រោងលំនៅដ្ឋាន​ និងមជ្ឍមណ្ឌលកំសាន្តធំៗសុទ្ធតែបានចាប់ ទីតាំងនៅក្នុងតំបន់ទាំងពីរនេះ។ ជាមួយនឹងគម្រោងផ្លូវ និងស្ពាននេះ វានឹងបន្ថែមឱ្យតំបន់ទាំងពីរកាន់តែ រីកចម្រើនជាងមុនកាន់តែខ្លាំង៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!

Comments