ភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាកំពុងមានកំណើនប្រជាពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាច្រើនមកពីគ្រប់ខេត្តក្រុងបានមកប្រមូលផ្តុំគ្នារស់នៅទីនេះ។ប្រជាជនទាំងនេះដែលភាគច្រើនជាប្រជាជនដែលមានជីវភាពថ្នាក់កណ្តាលនិងថ្នាក់ទាបភាគច្រើនមកភ្នំពេញដើម្បីស្វែងរកឱកាសការងារនិងការអប់រំ។
យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងថាចំនួនប្រជាជននៅរាជធានីភ្នំពេញនឹងកើនឡើងដល់៤ទៅ៧លាននាក់នៅត្រឹមឆ្នាំ២០៣០។ យោងតាមរបាយការណ៍ផ្សេងទៀតបានបង្ហាញថាចំនួនប្រជាជននៅរាជធានីភ្នំពេញមានចំនួនកើនឡើងដល់៧.៩លាននាក់ក្នុងរយៈពេលដូចគ្នា។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថាដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងកើនឡើងប្រជាជនកម្ពុជាត្រូវការសាងសង់ផ្ទះចំនួន១លានបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ដោយមិនបញ្ជាក់អំពីប្រភេទផ្ទះជួល ផ្ទះល្វែង និងអផាតមេនអ្វីនោះទេ -ល-។
លោក ពេជ្រ សុវណ្ណ នាយកក្រុមហ៊ុនអចលនទ្រព្យភ្នំពេញដេលី បានមានប្រសាសន៍ថាចំនួនកម្មករចំណាកស្រុកដ៏ច្រើននៅរាជធានីភ្នំពេញបានបង្កើតទីផ្សារធំសម្រាប់លំនៅដ្ឋាសម្រាប់ជួលដែលមានតម្លៃទាប។ ពលករចំណាកស្រុកទាំងនេះភាគច្រើនជាកម្មករដែលធ្វើការនៅក្នុងរោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរនៅក្នុងរាជធានីភ្នំពេញ។
រោងចក្របានបើកដំណើរការប្រមាណ១,៧០០នៅទូទាំងរាជធានីភ្នំពេញដែលមានកម្មករបម្រើការងារជិត១លាននាក់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនិងតំបន់ជាយក្រុង។
ប្លុកផ្ទះល្វែងដែលមានបន្ទប់ជាច្រើនសម្រាប់ជួលគឺភាគច្រើនស្ថិតនៅជុំវិញតំបន់រោងចក្រទាំងនេះ។ ការជួលជាធម្មតាមិនមានផ្តល់ជូនគ្រឿងសង្ហារឹមនោះទេគឺមានតែកង្ហាមួយតែប៉ុណ្ណោះ។ តម្លៃជួលទូទៅមានតម្លៃតិចជាង១០០ដុល្លារក្នុងមួយខែ។ លោក សុវណ្ណបានសង្កត់ធ្ងន់ថា “ដោយសារប្រភេទផ្ទះជួលនោះវាមានតម្លៃថោកសមរមហើយនៅជិតកន្លែងធ្វើការទើបវាពេញនិយមសម្រាប់កម្មកររោងចក្រ។”
កម្មកររោងចក្រអាចរកប្រាក់ចំណូលចន្លោះពី១៧០ទៅ៣០០ដុល្លារក្នុងមួយខែ ហើយការចំណាយប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះមានតម្លៃចន្លោះពី៨០ទៅ៥០ដុល្លារ។ ហើយពេលខ្លះពួកគាត់ជួលផ្ទះមួយរួមគ្នាជាមួយមិត្តភក្តិរបស់គាត់ដោយជួយចែករំលែកនៃថ្លៃឈ្នួលផ្ទះផងដែរ។
លោកសុវណ្ណបានលើកឡើងថាតម្លៃជួលផ្ទះដែលមានតម្លៃទាបភាគច្រើនស្ថិតនៅតំបន់ជាយក្រុងដែលមានទីតាំងស្ថិតនៅ បឹងទំពុន ស្ទឹងមានជ័យ ពោធិ៍សែនជ័យ និងចោមចៅជាដើម។ ប៉ុន្តែពេលខ្លះមានផ្ទះដែលមានតម្លៃជួលទាបផងដែរនៅជិតនឹងទីក្រុងផងដែរ។
អ្នកស្រី តាំង ហ៊ួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យអមតៈប្រភើធីស័រវីសបានកត់សម្គាល់ថាការជួលផ្ទះដែលមានតម្លៃទាបគឺពេញនិយមសម្រាប់សិស្សនិស្សិត បុគ្គលិក កម្មករជាដើម ដែលបម្រើការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន និងនៅតាមមជ្ឈដ្ឋានពាណិជ្ជកម្មនានា ដែលអាចរកប្រាក់ចំណូលចន្លោះពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយខែ។
រាជធានីភ្នំពេញគឺជាទីកន្លែងដែលប្រមូលផ្តុំដោយសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពជាច្រើន និងអាជីវកម្មនានានៅទូទាំងរាជាធានី ដែលទាំងនេះបានស្រូប យកអ្នកស្នាក់នៅបណ្តោះអាសន្នជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះដែរ អ្នកស្រី តាំង ហ៊ួរ បានលើកឡើងអំពីបញ្ហាអនាម័យ និងសន្តិសុខនៅក្នុងតំបន់ ដែលប្រមូលផ្តុំដោយផ្ទះជួលតម្លៃទាប។ លោកស្រីបានសង្កត់ធ្ងន់ថា "ទីតាំងផ្ទះជួលមួយចំនួន ដែលស្ថិតនៅជាយក្រុងត្រូវការការកែលម្អអនាម័យ និងសន្តិសុខឲ្យបានប្រសើរ ដើម្បីធានាសុវត្តិភាព និងសុខភាពរបស់អ្នកជួល។
ក្រៅពីផ្ទះជួលដែលមានតម្លៃក្រោម ១០០ ដុល្លារ នៅក្នុងទីក្រុង ឬតំបន់ជាប់នឹងតំបន់កណ្តាល ក្រុងមួយចំនួនក៏មានផ្ទះជួល ប្រភេទ ផ្ទះល្វែង ឬអាផាតមេន ដែលមានតម្លៃទាបគួរសមដែរ ប៉ុន្តែមិនមានបំពាក់គ្រឿងសង្ហារិមសព្វគ្រប់នោះទេគ្រាន់តែមានបំពាក់គ្រឿងបរិក្ខារបន្តិចបន្តួចប៉ុណ្ណោះ ហើយខ្លះមិនមានបំពាក់គ្រឿងសង្ហារឹមអ្វីទាល់ទាំងអស់។
លោក សុត វីរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huttons CPL បានមើលឃើញថា ផ្ទះជួលតម្លៃទាបគឺជាទីផ្សារមួយដ៏ធំនៅក្នុងប្រទសកម្ពុជា។ លោកថា ចំនួនប្រជាជនភាគច្រើនគឺមានអាយុក្រោម ៣៩ ឆ្នាំ ហើយពួកគេត្រូវការលំនៅដ្ឋានសមរម្យសម្រាប់ការរស់នៅ។
លោក វីរៈ បានបញ្ជាក់ថាអ្នកទាំងនេះជ្រើសរើសយកការជួលផ្ទះ និងអាផាតមេនដែលមានតម្លៃជួលទាប ខណៈពេល ដែលពួកគាត់ត្រូវសន្សំប្រាក់ទិញផ្ទះផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ លោក វីរៈ បានផ្តោតសំខាន់ទៅលើការជួលផ្ទះបែបវិនិយោគ។
លោកបានបន្ថែមទៀតថា អ្នកដែលមានប្រាក់ចំណូល ៥០០ដុល្លារឡើងទៅក្នុងមួយខែ អាចជួលបន្ទប់មួយក្នុងតម្លៃចន្លោះពី១០០ដុល្លារទៅ២០០ដុល្លារក្នុងមួយខែបាន។ ប៉ុន្តែអ្នកមួយចំនួនមានប្រាក់ខែខ្ពស់ ប៉ុន្តែនៅតែជ្រើសរើសផ្ទះជួល ដែលមានតម្លៃជួលទាបដដែល។
ជារួមទៅ សម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា គ្រប់គ្នាអាចជ្រើសរើសបានជាមួយកម្រិតនៃការចំណាយតិចតួចប៉ុណ្ណោះ នេះក៏ដោយសារតែ ការចំណាយលើថ្លៃសេវាកម្មនាននៅ ក្នុងប្រទេសនេះនៅមានកម្រិតតិចតួចនៅឡើយ។ កម្ពុជាក៏ជាប្រទេសមួយ ដែលមានអត្រា ថ្លៃជួលផ្ទះទាបទាបបំផុត នៅក្នុងពិភពលោក៕
Comments